ប្រទេសជប៉ុន៖ ទើបតែអនុម័តកាលពីថ្ងៃអាទិត្យ ទី១៤កុម្ភៈ ឱ្យប្រើវ៉ាក់សាំងការពារកូវីដ-១៩ ប្រភេទដំបូងគេនៅក្នុងប្រទេស គឺវ៉ាក់សាំងរបស់ ហ្វ៉ៃហ្ស៊ើរ/បៃអូអេនថេក ឬ Pfizer/BioNtech ដែលនេះ ជាការបើកផ្លូវឱ្យកាន់តែងាយស្រួលឡើង ដើម្បីការចាក់វ៉ាក់សាំងក្នុងសហគមន៍ប្រជាជនចំនួនដ៏ច្រើន ខណៈប្រទេសមួយនេះ ក៏កំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ ដែលពន្យារពេលមកពីឆ្នាំ២០២០ ដែរ។
ខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន បានផូស្តសារនៅក្នុងបណ្ដាញសង្គមធ្វើធើរថា “ក្រសួងសុខាភិបាល បានអនុម័តជាពិសេសរួចហើយ ក្នុងថ្ងៃនេះ(ទី១៤កុម្ភៈ) ឱ្យប្រើវ៉ាក់សាំងរបស់ហ្វៃហ្ស៊ើរ”

បច្ចុប្បន្ននេះ ប្រទេសជប៉ុន បានរំពឹងថា នឹងអាចចាក់វ៉ាក់សាំងហ្វ៉ៃហ្ស៊ើរ/បៃអូអេនថេក ឱ្យបុគ្គលិកសុខាភិបាល ចំនួនពី ១០ ០០០ ទៅ ២០ ០០០នាក់ ជាក្រុមដំបូងគេ និងរំពឹងថា យ៉ាងឆាប់បំផុត នឹងអាចចាប់ផ្ដើមដំណើរការបាននៅថ្ងៃពុធ(ទី១៧ កុម្ភៈ) និងបន្ទាប់ពីនោះ ទើបប្រុងប្រៀបចាក់វ៉ាក់សាំងនេះបន្ត រហូតដល់ពេលបញ្ជាទិញពីអ្នកផលិតផ្សេងៗទៀត ដើម្បីចាក់ឱ្យបុគ្គលិកសុខាភិបាលក្នុងចំនួនកើនឡើងច្រើនជាងមុន រួមទាំងក្រុមមនុស្សចាស់ផង ចាប់តាំងពីខែមេសាតទៅ។
រហូតមកដល់ពេលនេះ រដ្ឋបាលរបស់លោកនាយករដ្ឋមន្ត្រី យ៉ូឈិហ៊ីដេ ស៊ូង៉ៈ នៅមិនទាន់បានកំណត់តារាងពេលវេលាច្បាស់លាស់ សម្រាប់ការចាក់វ៉ាក់សាំងឱ្យក្រុមមនុស្សផ្សេងៗទៀត ក្នុងចំនួនប្រជាជនទាំងជាង ១២៦លានទូទាំងប្រទេសនៅឡើយ។
ដោយឡែក ក្រុមមន្ត្រីអូឡាំពិក បាននាំគ្នាអះអាងថា ព្រឹត្តិការណ៍ “តូក្យូអូឡាំពិក” នឹងត្រូវរៀបចំឡើងយ៉ាងពិតប្រាកដ ក្នុងចន្លោះថ្ងៃទី២៣ កក្កដា ដល់ថ្ងៃទី៨ សីហា ខាងមុខនេះ ទោះជាជំងឺឆ្លងរាលដាលដ៏ធំ កូវីដ-១៩ នៅតែរាតត្បាតទូទាំងពិភពលោកក៏ដោយ។
ក្រុមអ្នកកីឡា រហូតដល់អ្នកចូលរួមដទៃទៀត នឹងបានទទួលការជំរុញ និងគាំទ្រ តែនឹងមិនត្រូវបានបង្ខំឱ្យត្រូវតែចាក់វ៉ាក់សាំងការពារជាមុន ទើបអាចចូលរួមមហាព្រឹត្តការណ៍កីឡាពិភពលោកនេះបាននោះទេ។
តែទាំងអស់នេះ សូមជម្រាបដែរថា ពេលនេះ ប្រទេសជប៉ុន នៅមិនទាន់បានប្រមូលរួបរួមសេរ៉ាំងចាក់ថ្នាំ ខ្នាតពិសេស ដែលអាចបឺតយកវ៉ាក់សាំង ពីដបកែវផ្ទុកវ៉ាក់សាំងហ្វ៉ៃហ្ស៊ើរនីមួយៗ បានគ្រប់ទាំង ៦ដូសនៅឡើយ ដោយសារតែសេរ៉ាំងចាក់ថ្នាំ ដែលប្រើជាទូទៅនោះ អាចបឺតយកវ៉ាក់សាំងបានត្រឹមតែ ៥ដូសប៉ុណ្ណោះ៕
ប្រភព៖ AFP
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព