You are currently viewing មី​យ៉ាន់​ម៉ា ផ្ដាច់​អ៊ី​ន​ធើ​ណិ​ត-ដាក់​ទាហាន​ប្រចាំការ​ទូទាំងប្រទេស បង្ហាញ​សញ្ញា បង្ក្រាប​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ

មី​យ៉ាន់​ម៉ា ផ្ដាច់​អ៊ី​ន​ធើ​ណិ​ត-ដាក់​ទាហាន​ប្រចាំការ​ទូទាំងប្រទេស បង្ហាញ​សញ្ញា បង្ក្រាប​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ

មី​យ៉ាន់​ម៉ា៖  បាន​ផ្ដាច់​អ៊ី​ន​ធើ​ណិ​ត និង​ដាក់​ទាហាន​ប្រចាំការ​ទូទាំងប្រទេស នៅ​ថ្ងៃ​ចន្ទ (ទី១៥កុម្ភៈ)នេះ ក្រោម​សញ្ញា​នៃ​ក្ដីបារម្ភ​កង្វល់​ថា អាច​នឹងមាន​ការបង្ក្រាប​ក្រុម​អ្នកប្រឆាំង​តវ៉ា​តតាំង​នឹង​រដ្ឋប្រហារ ប៉ុន្មាន​ម៉ោង​ក្រោយពី​កងកម្លាំង​រក្សា​សន្តិសុខ បាន​បាញ់កាំភ្លើង បំបែកហ្វូង​បាតុករ នៅឯ​ភាគ​ខាងជើង​នៃ​ប្រទេស។

គណៈ​រដ្ឋប្រហារ បានប្រកាស​លើកកម្ពស់​ការព្យាយាម​បង្ក្រាប​យុទ្ធនាការ​ប្រឆាំង​បែប​អហិង្សា ដែល​កំពុងតែ​ពង្រីក​វង់ ធំ​ឡើងជារឿយៗ ក្រោម​ការអំពាវនាវ ទាមទារ​ឱ្យ​ប្រគល់​អំណាច​ជូន​លោកស្រី​អ៊ុង​សាន ស៊ូ​ជី មេដឹកនាំ​ដែល​ត្រូវបាន​រិ​ប​អូស​អំណាច​នោះ​វិញ។

សកម្មភាព​កាត់ផ្ដាច់​អ៊ី​ន​ធើ​ណិ​ត​នៅក្នុង​ថ្ងៃ​ចន្ទ (ទី១៥កុម្ភៈ) និង​ការទាមទារ​អំពី​អង្គការសហប្រជាជាតិ ដែល​ស្នើសុំ​បញ្ជូន​អ្នកសង្កេតការណ៍​ចូលទៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា បាន​កើតឡើង​មិនយូរប៉ុន្មាន ក្រោយពី​រូបភាព​ដែល​បង្ហាញឡើង​នៅក្នុង​ការផ្សាយ​បន្ត​ផ្ទាល់ នៅលើ​ផ្លាត​ហ្វ៉​ម​ប្រព័ន្ធ​បណ្ដាញ​សង្គម​អន​ឡាញ ជា​រូបភាព​យានយន្ត​របស់​កងទ័ព និង​កង​ទាហាន កំពុង​ចល័ត​ឆ្លងកាត់​តំបន់​មួយចំនួន​នៅក្នុង​ប្រទេស។

ក្រុម​សង្កេតការណ៍ NetBlocks បាន​បញ្ជាក់ថា ការ​កាត់ផ្ដាច់​ទិន្នន័យ ដែល​បញ្ជា​ដោយ​រដ្ឋ បានធ្វើឱ្យ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ស្ថិតក្នុង​សភាវ អ​ហ្វ​ឡាញ(Off line)។

កង​ទាហាន​នៅក្នុង​ទីក្រុង មិ​ត​ជី​ណា ទីក្រុង​ធំ​របស់​រដ្ឋ កៈ​ឈី​ន បាន​បាញ់​ឧស្ម័ន​ទឹកភ្នែក តាម​ដោយ​ការបើកឆាក​បាញ់​ទៅក្នុង​ហ្វូងមនុស្ស ដែល​បានមក​ប្រមូល​ផ្ដុំគ្នា នៅក្នុង​ទីក្រុង​ភាគ​ខាងជើង​របស់​ប្រទេសមួយ​នេះ ក្រោយពី​មាន​ពាក្យ​ចចាមអារ៉ាម​ថា កងទ័ព​មាន​ចេតនា​ប្រុង​ផ្ដាច់​ចរន្តអគ្គិសនី​បន្ថែមទៀត ខណៈ​អ្នកយកព័ត៌មាន​ម្នាក់​នៅក្នុង​ចំណុចកើតហេតុ បាន​បញ្ជាក់ថា មិនទាន់​ប្រាកដ​ច្បាស់​ថា តើ​ប៉ូលិស​ប្រើ​គ្រាប់កាំភ្លើង​ប្លា​ស្ទិ​ក ឬ​គ្រាប់កាំភ្លើង​ពិត​នៅ​ឡើង​ទេ។

សារព័ត៌មាន​ក្នុង​តំបន់ បាន​រាយការណ៍​ថា មាន​អ្នកយកព័ត៌មាន ដែល​នៅ​សង្កេតការណ៍​អំពី​ការធ្វើ​បាតុកម្ម​នោះ យ៉ាងតិច ៥នាក់ ត្រូវបាន​ចាប់ខ្លួន និង​មានការ​ផ្សព្វផ្សាយ​ពី​រូបភាព​អ្នករងរបួស​មួយផ្នែក​អំពី​ហេតុការណ៍​នេះ។

ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បានចេញ​សេចក្ដីថ្លែងការណ៍​រួម អំពាវនាវ​ដល់​កងក​ម្លាំ​ង​សន្តិសុខ កុំឱ្យ​ធ្វើបាប​ប្រជាពលរដ្ឋ “យើង​សូម​អំពាវនាវ​ដល់​កង​កម្លាំង​សន្តិសុខ សូមឱ្យ​អត់ធ្មត់ ចៀស​ពី​ការប្រើ​អំពើហិង្សា​ទៅលើ​ក្រុមបាតុករ ដែល​ចេញមក​តវ៉ា តតាំង​នឹង​ការផ្ដួលរំលំ​រដ្ឋបាល ដែល​ត្រឹមត្រូវ​តាមច្បាប់​របស់​ពួកយើង។

លោក អ៊ែន​តូ​នី​អូ ហ្គុ​យ​តឺ​រេស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​ឆ្លុះបញ្ចាំង​ពី​សេចក្ដីអំពាវនាវ​នោះ ដាក់​សម្ពាធ​ឱ្យ​អាជ្ញាធរ​មី​យ៉ាន់​ម៉ា “ធានាថា នឹង​ផ្ដល់​ការគោរព​យ៉ាង​ពេញលេញ ចំពោះ​សិទ្ធិ​ការប្រមូល​ផ្ដុំគ្នា​យ៉ាង​សន្តិភាព ហើយ​ក្រុមអ្នកតវ៉ា នឹងមិន​ត្រូវបាន​សង​សឹក។

ខណៈពេល​ជាមួយគ្នា អ្នកនាំពាក្យ​របស់លោក​ហ្គុ​យ​តឺ​រេស បានទាមទារ ឱ្យ​កងទ័ព​បើកផ្លូវ​ជាបន្ទាន់ អនុញ្ញាតឱ្យ​លោកស្រី គ្រីស្ទី​ន ឆ្រា​នើ​រ៍ ប៊ើ​ហ្គេ​នើ​រ៍ អ្នកតំណាង​ទូត​ជនជាតិ​ស្វ៊ី​ស បានធ្វើ​ដំណើរ​ចូល​ប្រទេស​មី​យ៉ាន់​ម៉ា “ដើម្បី​វាយតម្លៃ​ពី​ស្ថានការណ៍​ពិត។

ចំណែក​ស្ថានទូត​សហរដ្ឋអាមេរិក បានចេញ​សេចក្ដីណែនាំ​ដល់​ជនជាតិ​អាមេរិកាំង ដែល​កំពុង​រស់នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ឱ្យ​ស្ថិត​នៅតែ​ក្នុង​ទីស្នាក់អាស្រ័យ កុំ​ប្រថុយប្រថាន​ល្មើស​បម្រាម​គោចរ នាពេល​រាត្រី ដែល​កំណត់ដោយ​គណៈរ​ដ្ឋ​ប្រហារ៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ ស៊ី​តា

#អរគុណសន្តិភាព  

Leave a Reply