ភ្នំពេញ៖ ការវិនិយោគលើកសិឧស្សាហកម្មផ្នែកចម្ការឈើដាំជារឿងថ្មីនៅកម្ពុជា តែការវិនិយោគនេះត្រូវបានអ្នកជំនាញផ្នែកបរិស្ថាននិងព្រៃឈើមើលឃើញថាវាជាដំណើរលើផ្លូវដ៏ត្រឹមត្រូវមួយរបស់កម្ពុជានៅក្នុងការបង្កើតជម្រើសថ្មីលើការប្រើប្រាស់ឈើប្រកបដោយនិរន្តរភាព បង្កើតការងារដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ពលរដ្ឋនៅតាមជនបទ និងចូលរួមកាត់បន្ថយសម្ពាធលើធនធានធម្មជាតិ និងការពារបរិស្ថាន។

លោក Run Peng Wei អ្នកជំនាញបច្ចេកទេសដាំកូនឈើរបស់ក្រុមហ៊ុនស៊ីង បាយអូថេក បានឱ្យដឹងថាចម្ការឈើដាំជិត ៥០០០ ហិកតា ដែលក្រុមហ៊ុនស៊ីង បាយអូថិក បានដាំនៅក្នុងភូមិសាស្ត្រខេត្តក្រចេះនៅលើផ្ទៃដី ៣៤០០៧ ហិកតាដែលខ្លួនទទួលបានសិទ្ធិប្រើប្រាស់ពីរាជរដ្ឋាភិបាល គឹជាក្តីសង្ឃឹមថ្មីរបស់កម្ពុជាលើការវិនិយោគលើកសិឧស្សាហកម្មចម្ការឈើដាំ ហើយគេជឿជាក់ថា កម្ពុជានឹងអាចបោះជំហានទៅមុខដោយស្វាហាប់លើវិស័យនេះ និងឆ្ពោះទៅរកការប្រកួតប្រជែងជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ានលើវិស័យចម្ការឈើដាំ។

លោក Run Peng Weiបន្តថាការបង្កើតចម្ការឈើដាំមិនត្រឹមតែកាត់បន្ថយសម្ពាធនៃការប្រើប្រាស់ឈើធម្មជាតិនោះទេ ថែមទាំងផ្តល់ការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ។ បើតាមអ្នកជំនាញ ប្រទេសកម្ពុជាមានផ្ទៃដីដែលនៅសេសសល់សម្រាប់ធ្វើការដាំឈើ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រជាពលរដ្ឋ សហគមន៍ ក្រុមហ៊ុនឯកជន ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនានា ដីសហការដាំដើមឈើជាមួយរដ្ឋយ៉ាងតិច ២លានហិចតា ដែលអាចផ្តល់ការងារជូនប្រជាពលរដ្ឋពី៧០ ទៅ៨០ ម៉ឺននាក់។

អ្នកជំនាញរូបនេះបានជំរុញឱ្យមានការយក ចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតលើការវិនិយោគចម្ការឈើដាំនៅកម្ពុជាព្រោះវានឹងផ្តល់ផលប្រយោជន៍ ច្រើនដល់បរិស្ថាន និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
លោក Run Peng Wei បានថ្លែងថាសម្រាប់ទិន្នផលមួយហិកតានៃចម្ការឈើដាំ គឺអាចប្រមូលបានទំហំ ១៥០ម៉ែត្រគូប ប៉ុន្តែសម្រាប់គុណភាពដើមប្រេងខ្យល់ដែលក្រុមហ៊ុនស៊ីងបាយអុថេកដាំបាននេះ គឺអាចទទួលទិន្នផលអាចលើសពី ១៥០ម៉ែត្រគូបក្នុងមួយហិកតា។ បន្ថែមពីនេះ បើតាមតម្លៃនៅលើទីផ្សារបច្ចុប្បន្ននេះអាចមានតម្លៃចាប់ពី ៤០ដុល្លារ ឬអាចឡើងដល់ ៦០ ដុល្លារ ទៅតាមតម្រូវទីផ្សារក្នុងពេលអនាគត។

លោក Run Peng Wei បានបន្តថា ក្រោយពីផលិត និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុកគ្រប់គ្រាន់ ក្រុមហ៊ុនក៏បានសំឡឹងមើលទីផ្សារក្រៅប្រទេសផងដែរ ដូចជាប្រទេសចិន កូរ៉េជាដើម។ល។ លោកបាន ឱ្យដឹងថាប្រទេសវៀតណាម និងប្រទេសថៃដែលនៅជាប់ប្រទេសកម្ពុជា ប្រទេសនីមួយៗមានចម្ការឈើដាំប្រមាណ ៦០ ម៉ឺនហិកាដែលលក់បានទឹកប្រាក់ចំណេញជាច្រើនពាន់លានដុល្លារក្នុងមួយឆ្នាំ។
ទាក់ទងនឹងការវិនិយោគចម្ការឈើដានេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានដែលបានដឹកនាំមន្ត្រីនិង សហគមន៍តំបន់ការពារធម្មជាតិ អាជ្ញាធរ យុវជនប្រមាណជាង ៣០០នាក់ទៅទស្សនកិច្ចចម្ការឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេកកាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានថ្លែងអបអរសាទរចំពោះភាព ជោគជ័យនៃការដាំចម្ការឈើរបស់ក្រុមហ៊ុន ដោយប្រភេទឈើដែលដាំរួមមានដើមប្រេងខ្យល់ ដើមម៉ៃសាក់និងប្រភេទឈើផ្សេងទៀតមានការរីកលូតលាស់បានល្អ។ ឯកឧត្តមនេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការវិនិយោគលើចម្ការឈើដាំ គឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិ ដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងអាចលក់តួនាទីរបស់ព្រៃឈើដែលបាននិងកំពុងថែរក្សាក្នុងក្របខណ្ឌឥណទានកាបូន ថែមទៀតផង។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកទឹកចិត្តនិងជំរុញឱ្យមានការវិនិយោគបន្ថែម ទៀតលើចម្ការឈើដាំ ក៏ដូចជាអំពាវនាវដល់ប្រជាពលរដ្ឋសិក្សាពីផលប្រយោជន៍នៃចម្ការឈើដាំ រួមនឹងការ សហការណាមួយជាមួយក្រុមហ៊ុនស៊ីងបាយអូថេកដើម្បីពង្រីកចម្ការឈើដាំនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សារៈប្រយោជន៍នៃចម្ការឈើគឺគេអាចយកផលមកប្រើប្រាស់កែច្នៃបានច្រើនយ៉ាង។ ចម្ការឈើដាំនេះគឺបានដើរតួនាទីយ៉ាងសំខាន់ណាស់ដែលឈើទាំងអស់នេះ គឺនឹងជំនួសការប្រើប្រាស់ឈើធម្មជាតិ ហើយយើងខិតខំប្រឹងប្រែងនៅក្នុងការការពារ និងអភិរក្សឈើធម្មជាតិដែលមានឱ្យបានគង់វង្ស។ ចម្ការឈើដាំដែលបាននិងកំពុងរីកដុះដាលនៅកម្ពុជានឹងជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកបដោយនិរន្តរភាព នៅក្នុងស្រុក ខណៈធនធានធម្មជាតិ ព្រៃឈើ បានដើរតួនាទីយ៉ាងសំខាន់ចូលរួមថែរក្សាប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី សម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក។ ការវិនិយោគទៅលើចម្ការឈើដាំ គឺជាផ្នែកមួយនៃការចូលរួមកាត់បន្ថយសម្ពាធទៅលើធម្មជាតិពីព្រោះបច្ចុប្បន្ននេះ នៅលើ ពិភពលោក និន្នាការនៃការប្រើប្រាស់ឈើធម្មជាតិ គឺមានការធ្លាក់ចុះ ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងអំពី ផលប៉ះពាល់ដែលពាក់ព័ន្ធជាមួយនិងបរិស្ថាននៅពេលដែលប្រើប្រាស់ឈើធម្មជាតិ៕









#អរគុណសន្តិភាព