You are currently viewing រាជរដ្ឋាភិបាល​ដាក់ចេញ​ឱ្យ​អនុវត្ត​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ឆ្នាំ២០២០-២០៣០

រាជរដ្ឋាភិបាល​ដាក់ចេញ​ឱ្យ​អនុវត្ត​គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ឆ្នាំ២០២០-២០៣០

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃទី១៦ ខែ​កុ​ម្ភះ ឆ្នាំ២០២១ បានដាក់​ចេញ​ឱ្យ​អនុវត្ត​នូវ«គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ឆ្នាំ២០២០-២០៣០»។ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍ថា ការដាក់ចេញ​ឱ្យ​អនុវត្ត​គោលនយោបាយ​នេះ គឺជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ នៅក្នុង​មុំ​ទី៤ «ការធានា​ចីរភាព​បរិស្ថាន និង​ការ​រៀបចំខ្លួន​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ» នៃ​ចតុកោណ​ទី៤ «ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន»។

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​មាន​ភាពចាំបាច់​ត្រូវដាក់​ចេញ​ឱ្យ​អនុវត្ត​នូវ«គោលនយោបាយ​ស្តីពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន ឆ្នាំ២០២០-២០៣០» ដែលមាន​មាន​ចក្ខុវិស័យ«រួមចំណែក​ធ្វើឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែមាន​បរិស្ថាន​ស្អាត ការរស់នៅ​ប្រកបដោយ​ផាសុខភាព សុខុមាលភាព និង​សោភ័ណភាព​ទាក់ទាញ សមស្រប​នឹង​កំណើន​នៃ​នគរូបនីយកម្ម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឆាប់រហ័ស» និង​មាន​គោលបំណង«រៀបចំ​បង្កើត និង​ដាក់ឱ្យអនុវត្ត​ប្រព័ន្ធគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន មាន​លក្ខណៈ​ទំនើប គ្រប់​ជ្រុងជ្រោយ ដោយ​គិតគូរ​ពី​ប្រសិទ្ធភាព​សេដ្ឋកិច្ច លទ្ធភាព​ធនធាន​ហិរញ្ញវត្ថុ និរន្តរភាព​បរិស្ថាន និង​ទិដ្ឋភាព​សង្គម»។

ជាមួយគ្នានេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានលើកឡើង​បន្ថែមថា ការ​ដែរ​បង្កើតបាន​នូវ​ប្រព័ន្ធគ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ប្រកបដោយ​ប្រសិទ្ធភាព និង​ភាព​គ្រប់​ជ្រុងជ្រោយ គឺ​នៅ​មិនទាន់មាន​ភាព​គ្រប់គ្រាន់​នៅឡើយ​ទេ សម្រាប់​បុព្វហេតុ​នៃ​កិច្ច​គាំពារ​បរិស្ថាន និង​ការអភិវឌ្ឍ​ដោយ​ចីរភាព និង​បរិ​យា​ប័ន្ន ប៉ុន្តែ​ចាំបាច់​ត្រូវមាន​ការចូលរួម​យ៉ាង​សកម្ម​ប្រកបដោយ​ស្មារតី​ភ្ញាក់រលឹក និង​ការទទួលខុសត្រូវ​ខ្ពស់ ការផ្លាស់ប្តូរ​ឥរិយាបថ ទម្លាប់ របៀបរបប​រស់នៅ របៀបរបប​នៃ​ការធ្វើ​អាជីវកម្ម-ផលិតកម្ម ប្រម​ទាំង​ការយល់ដឹង​របស់​គ្រប់​តួអង្គ​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ដែលជា​អ្នកបង្កើត​សំរាម សំណល់​រឹង​ទីប្រជុំជន ដោយ​ត្រូវអនុវត្ត​គោលការណ៍​សកល ៣ អ៊ែ (3Rs): កាត់បន្ថយ(Reduce) ប្រើប្រាស់​ឡើងវិញ(Reuse) និង​កែច្នៃ (Recycle) ហើយ​ត្រូវ​ចាត់ទុកថា«សំណល់​ជា​ធនធាន» រីឯ «អ្នកបង្កើត​សំរាម​មាន​កាតព្វកិច្ច​ប​ង់​ថ្លៃ​សេវា»។

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ណែនាំ​ផងដែរ​ឱ្យ​ក្រសួង-ស្ថាប័ន​ទាំងអស់​របស់​រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់​នូវ​អភិក្រម​ការងារ​ប្រកបដោយ​បុ​រេ​សកម្ម និង​សកម្ម ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​នូវ​ភាពជោគជ័យ​នៃ​ការអនុវត្ត​គោលនយោបាយ​នេះ។

រាជរដ្ឋាភិបាល​នឹង​ផ្តល់​ការលើកទឹកចិត្ត ដល់​ភាគី​បាក់​ព័ន្ធ​ដែល​នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​ពាក់ព័ន្ធ​នឹង​សំរាម សំណល់​រឹង​ទីប្រជុំ​ជននេះ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ដៃគូ​អភិវឌ្ឍន៍ និង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​សកម្ម​ចូល​រូ​ម​អនុវត្ត​គោលនយោបាយ​នេះ និង​ប្រកាន់ខ្ជាប់​នូវ​កាតព្វកិច្ច ជា​ពលរដ្ឋ​ល្អ​ក្នុងការ​ចូលរួមចំណែក​ថែរក្សា អភិរក្ស​បរិស្ថាន ក្រោម​ពាក្យស្លោក «កម្ពុជា​ស្អាត​ផ្តើមចេញពី​យើងម្នាក់» ដែលជា​បុ​រេ​លក្ខខណ្ឌ​កំណត់​ភាពជោគជ័យ​នៃ​សមរភូមិ​កែទម្រង់​និង​ការដ្ឋាន​ការងារ​ថ្មី​មួយ​នេះ៕

#អរគុណសន្តិភាព

Leave a Reply