You are currently viewing ចាក់​វ៉ាក់សាំង​ហើយ អាច​បន្ធូរបន្ថយ​វិធានការ​បាន  អ៊ីស្រាអែល ចាប់ផ្ដើម​វិល​ទៅរក​ជីវិត​ប្រក្រតី​ឡើងវិញ

ចាក់​វ៉ាក់សាំង​ហើយ អាច​បន្ធូរបន្ថយ​វិធានការ​បាន  អ៊ីស្រាអែល ចាប់ផ្ដើម​វិល​ទៅរក​ជីវិត​ប្រក្រតី​ឡើងវិញ

អ៊ីស្រាអែល៖ ទីភ្នាក់ងារ​ព័ត៌មាន BBC បាន​រាយការណ៍​ថា កាលពី​ថ្ងៃទី២១ កុម្ភៈ ប្រទេស​អ៊ីស្រាអែល បាន​ឈានចូល​ដំណាក់កាល​ដំបូង នៃ​ការវិលត្រឡប់​ទៅ​ដំណើរការ​ជីវិត​រស់នៅ តាម​ប្រក្រតី​ឡើងវិញ ដោយបាន​បន្ធូ​បន្ថយ​វិធានការ Lockdown ផ្សេងៗ ក្រោយពី​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ឱ្យ​ប្រជាជន បាន​ដំណើរការ​ទៅមុខ និង​ទទួលបាន​ជោគជ័យ​យ៉ាង​ល្អប្រសើរ។

ក្រសួងសុខាភិបាល​នៃ​ប្រទេស​អ៊ីស្រាអែល បាន​ជូនដំណឹង​ថា លទ្ធផល​របស់​វ៉ាក់សាំង ដែល​បញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ហ្វ៉ៃ​ហ្ស៊ើ​រ មក​ចាក់ឱ្យ​ប្រជាជន ទទួលបាន​លទ្ធផល​ការពារ​ជំងឺ​ដល់​ប្រជាជន ដល់​ទៅ ៩៥,៨% ទាំង​មិនចាំបាច់​ចូល​មន្ទីរពេទ្យ និង​កាត់បន្ថយ​អត្រា​ការស្លាប់​ទៀតផង។ ក្រៅពីនេះ នៅបាន​រកឃើញថា ៩៨% វ៉ាក់សាំង​នេះ មាន​ប្រសិទ្ធភាព​ការពារ​គ្រុនក្ដៅ និង​បញ្ហា​ការដកដង្ហើម​ទៀតផង។

អ៊ីស្រាអែល ជា​ប្រទេស​ដែល​ប្រជាជន បាន​ចាក់​វ៉ាក់សាំង​ខ្ពស់បំផុត​ក្នុង​ពិភពលោក ឬ​យ៉ាងតិច ៤៩% បាន​ចាក់​ដូ​ស​ទី១ រួចហើយ។ បណ្ដា​ហាង​នានា បណ្ណាល័យ និង​សារមន្ទីរ បាន​ត្រឡប់មក​បើក​ជាធម្មតា​ឡើងវិញ កាលពី​ថ្ងៃអាទិត្យ ចំណែក​ហាង​ផ្សារ​ស៊ូ​ភើរ​ម៉ា​ឃេ​ត និង​មណ្ឌល​កម្សាន្ត ដូចជា​សួនសត្វ ក៏​បើកទទួល​អតិថិជន​ឡើងវិញ​ដូចគ្នា។

ចំណែក​កន្លែង​ហាត់ប្រាណ និង​កីឡា សណ្ឋាគារ ព្រះវិហារ ក៏បាន​បើក​ហើយ​ដូចគ្នា គ្រាន់តែ​អ្នក​ចូល ត្រូវមាន Green Passport ឬ App ដែលជា​លិខិត​បញ្ជាក់ថា បាន​ឆ្លងកាត់​ការចាក់​វ៉ាក់សាំង​រួចហើយ ចេញ​ដោយ​ក្រសួងសុខាភិបាល ដែលមាន​សុពលភាព ៦ខែ ឬ ១សប្ដាហ៍ ក្រោយ​ការចាក់ ដូ​ស​ទី។

សម្រាប់​ការសម្ដែង​តន្ត្រី ឬ​ខុន​ស៊ើ​ត និង​ការប្រកួត​កីឡា ត្រូវបាន​អនុញ្ញាតឱ្យ​បើក​ឡើងវិញ ដោយមាន​អ្នក​ចូល​ទស្សនា​បាន ៧៥% នៃ​ចំនួន​ផ្ទុក​សរុប តែ​ក៏មាន​កម្រិត​កំណត់​ដែរ សម្រាប់​ទីកន្លែង​ដែល​បិទ​ជិត គឺ​អនុញ្ញាត​ឱ្យចូល​បាន ត្រឹមតែ ៣០០នាក់ និង​ទីតាំង​កណ្ដាលវាល ៥០០នាក់​ប៉ុណ្ណោះ។

លោក បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​ថ្លែងថា ក្នុង​រយៈពេល ២សប្ដាហ៍​ខាងមុខនេះ ប្រជាជន​អ៊ីស្រាអែល ៩៥% ដែលមាន​អាយុ ៥០ឆ្នាំ​ឡើង នឹង​បានទទួល​ការចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩។

ចំណែក​សារព័ត៌មាន​ស៊ីន​ហួ បាន​រាយការណ៍​ថា Megan David Adom ឬ MDA ស្ថាប័ន​ផ្ដល់​សេវាកម្ម​បន្ទាន់​នៃ​ប្រទេស​អ៊ីស្រាអែល នៅក្នុង​ទីក្រុង តែ​ល អា​វី​ហ្វ បានរៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​បណ្ដោះអាសន្ន ជាច្រើន​កន្លែង ដើម្បីឱ្យ​ប្រជាជន​អ៊ីស្រាអែល បាន​ឆៀង​ចូលទៅ​ទទួលយក​ការចាក់​វ៉ាក់សាំង បាន​កាន់តែ​ងាយស្រួល និង​ទូលំទូលាយ​ឡើង៕

ប្រភព៖ សា​ព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply