You are currently viewing ចំនួន​ស្លាប់​ដោយសារ​កូ​វីដ-១៩ នៅ​អាមេរិក នៅតែ​កើន ទោះជា​វ៉ាក់សាំង​បង្ហាញ សញ្ញា​នៃ​ក្ដីសង្ឃឹម

ចំនួន​ស្លាប់​ដោយសារ​កូ​វីដ-១៩ នៅ​អាមេរិក នៅតែ​កើន ទោះជា​វ៉ាក់សាំង​បង្ហាញ សញ្ញា​នៃ​ក្ដីសង្ឃឹម

សហរដ្ឋអាមេរិក៖ កាលពី​ថ្ងៃអាទិត្យ(ទី២១កុម្ភៈ) កំពុង​ខិតចូល​កាន់តែ​ជិត​បង្គោល​ជ័យ​ដ៏​សែន​សោកសៅ​មួយទៀត​ហើយ ដោយសារ​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ បាន​កើនឡើង​ជិត ៥០០ ០០០នាក់​មែនទែន​ហើយ ចាប់តាំងពី​ការឆ្លង​រាលដាល បានចាប់ផ្ដើម​ឡើង ខណៈដែល​អ្នកជំនាញកា​រលំ​ដាប់​ខ្ពស់​ផ្នែក​វីរុស របស់​ប្រទេសមួយ​នេះ បាន​ដាស់តឿន​ថា សភាវ​ប្រក្រតី អាច​មិនទាន់​វិល​មកវិញ​ទេ រហូតដល់​ដំណាច់ឆ្នាំ។

សញ្ញា​នៃ​ក្ដីសង្ឃឹម បានចាប់ផ្ដើម​បង្ហាញឡើង តាមរយៈ​គ្រោង​ការចាក់​វ៉ាក់សាំង និង​រដូវរងា​ដែល​រុញច្រាន ឱ្យចំ​នួន​អ្នក​ឆ្លង​មេរោគ ហក់​ខ្ពស់​ឡើង​នោះ កំពុងតែ​កន្លងផុតទៅ តែ​ចំនួន​អ្នកស្លាប់​នៅក្នុង​សហរដ្ឋអាមេរិក ប្រទេស ដែល​របាយការណ៍​អ្នកស្លាប់ និង​ឆ្លង​មេរោគ​ច្រើនជាងគេ​ក្នុង​ពិភពលោក នៅតែ​កើនឡើងជារឿយ។

លោក​វេជ្ជបណ្ឌិត អ៊ែន​ថូ​នី ហ្វៅ​ស៊ី ប្រធាន​ក្រុមទី​ប្រឹក្សា​ផ្នែក​វេជ្ជសាស្ត្រ របស់លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន បានផ្ដល់​សម្ភាស ជាមួយ​កម្មវិធី “Meet the press” របស់​ស្ថានីយទូរទស្សន៍ NBC ថា “វា​គួរឱ្យ​ព្រឺ​ខ្លាច និង​ជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ…យើង​មិនដែល​ឃើញ​អ្វី សូម្បីតែ​ប្រហាក់ប្រហែល​នឹង​រឿង​នេះឡើយ ក្នុង​ជុំ​ជាង ១០០ឆ្នាំ​មកនេះ ចាប់តាំងពី​ជំងឺ​រាតត្បាត​គ្រុន​ផ្ដាសាយធំ​ក្នុង​ឆ្នាំ១៩១៨ មក”

“វា​ជា​អ្វី​ម្យ៉ាង​ដែល​គួរឱ្យ​ភ័យរន្ធត់ និង​ភ្ញាក់ផ្អើល បើ​លោកអ្នក​សម្លឹងមើល​ពី​ចំនួន ស្ទើរតែ​មិនគួរ​ឱ្យ​ជឿ តែ​វា​ជា​រឿង​ពិត” លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ ក្រោយពី​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ នៅក្នុង​សហរដ្ឋអាមេរិក តាមរយៈ​ការតាមដាន​របស់​មហា​វិទ្យាល័យ ច​ន ហប់​គី​នស៍ ដែល​ស្ថិតក្នុង​ចំនួន​ជាង ៤៩៨ ០០០នាក់។

ក្រោយពី​រកឃើញ​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ ដំបូង​គេ​នៅក្នុង​សហរដ្ឋអាមេរិក កាលពី​ខែកុម្ភៈ ២០២០មក វា​ប្រើ​ពេលវេលា ៣ខែ សម្រាប់​ការ​ស្ទុះ​ហក់​ផុត​ចំនួន ១០០ ០០០នាក់ ក្នុង​វិបត្តិ​ដំបូង​នៃ​ការឆ្លង​រាលដាល ដែល​នី​វ​យ៉​ក គឺជា​រដ្ឋ​ដែល​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត។

តែ​ក្រោយពី​ជំងឺ​រាតត្បាត​ដ៏​ធំ បាន​ឆ្លង​រាលដាល​ទូទាំងប្រទេស អត្រា​ការស្លាប់ បាន​កើនឡើង​ដូច​ស្រមោល​អន្ទោលតាមប្រាណ ដោយ​ចុងក្រោយ​បំផុត វា​ប្រើ​ពេលវេលា​ត្រឹមតែ ១ខែ​ប៉ុណ្ណោះ ក្នុងការ​សម្លាប់​ជីវិត​មនុស្ស​ពី​ចំនួន ៤០០ ០០០នាក់ ទៅ​ក្បែរ ៥០០ ០០០នាក់ ដោយ​ចំនួន​ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស​នេះ មួយផ្នែក ជា​លទ្ធផល​មកពី​ការប្រមូល​ផ្ដុំគ្នា​ក្នុងអំឡុង​រដូវ​កាល​ថ្ងៃ​ឈប់សម្រាក​រយៈពេល​យូរ។

តែ​យ៉ាងណាក្ដី លោក​ហ្វៅ​ស៊ី បាន​បញ្ជាក់ថា ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​ប្រចាំថ្ងៃ បាន​ថយចុះ​យ៉ាងច្រើន ក្រោយ​ឆ្លង​ផុត​ចំណុច​ខ្ពស់បំផុត​កាលពី​ខែមករា តែ​លោក​បាន​ដាស់តឿន​ថា នៅ​យូរ​តទៅទៀត ទម្រាំ​តែ​ជីវិត​ប្រក្រតី នឹង​វិល​មកវិញ…“ខ្ញុំ​គិតថា យើង​នឹងមាន​សភាវ​ប្រក្រតី​មួយកម្រិត ពេលដែល​យើង​ឆ្លង​ផុត​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងា ក្នុងអំឡុង​ចុងឆ្នាំ”

លោក​បៃ​ដិ​ន បានបញ្ជាក់​កាលពី​សប្ដាហ៍​កន្លងទៅ​ថា គ្រោង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាជន ត្រូវ​ជួបនឹង​បញ្ហា​ជ្រៀតជ្រែក​ជាច្រើន ដោយសារ​បណ្ដា​អ្នក​ផលិត ត្រូវ​ប្រឈម​នឹង​ការសាកល្បង​ដ៏​ធ្ងន់ធ្ងរ ត្រូវ​ផលិត​វ៉ាក់សាំង​ក្នុង​ចំនួន​ដ៏​ច្រើន​មហាសាល​ក្នុង​រយៈពេល​ដ៏​ឆាប់រហ័ស… “វា​គឺ ការសាកល្បង​ផ្នែក​ឡូ​ជី​ស្ទិ​ក បែប​មិនដែល​ធ្លាប់​ជួប​ពីមុនមក តែ​យើង​នឹងធ្វើ​វា​ឱ្យ​សម្រេច”

លោក​បៃ​ដិ​ន បានដាក់​គោលដៅ​ចាក់​វ៉ាក់សាំង​ឱ្យ​ប្រជាជន ១លាន​នាក់​ក្នុង ១ថ្ងៃ សរុបទៅ ឱ្យបាន ១០០លាន​នាក់ ក្នុង ១០០ថ្ងៃ​ដំបូង​នៃ​ការ​គ្រង​តំណែង​ប្រធានាធិបតី​របស់លោក ដែល​មើលទៅ​ដូចជា វា​នឹង​សម្រេច​គោលដៅ​បាន​យ៉ាង​ងាយស្រួល ដោយសារតែ​បច្ចុប្បន្ន អត្រា​ការចាក់​វ៉ាក់សាំង​ជា​មធ្យម ស្ថិតក្នុង​ចំនួន ១,៧លាន​នាក់ ក្នុង ១ថ្ងៃ។

ដោយ​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ ក្នុង​សហរដ្ឋអាមេរិក អាច​នឹង​កើន​លើស ៥០០ ០០០នាក់​ក្នុងពេលឆាប់ៗនេះ លោក​បៃ​ដិ​ន​ប្រាប់ថា លោក​មិន​ត្រូវការ​គណនា​យ៉ាងច្បាស់​លាស់​ថា តើ​ពេលណា​នឹង​អាច​គ្រប់គ្រង​វិបត្តិ​នេះ​បាន​នោះទេ តែ​យ៉ាងណាក្ដី លោក​រំពឹងថា វ៉ាក់សាំង​ចំនួន ៦០០លាន​ដូ​ស ដែល​គ្រប់គ្រាន់​ក្នុង​ការចាក់ ២ដូ​ស​ឱ្យ​ប្រជាជន​ទាំងអស់​របស់​ប្រទេស នឹង​ត្រៀម​រួចជាស្រេច​ក្នុងអំឡុង​ដំណាច់ខែ​កក្កដា។

ពេលនេះ​មាន​ប្រជាជន​ច្រើនជាង ៦១លាន​នាក់​រួចហើយ បាន​ចូល​ទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងតិច ១ដូ​ស​នៅក្នុង​សហរដ្ឋអាមេរិក និង​មាន​ប្រមាណ ១៨លាន​នាក់​ហើយ ដែល​បានទទួល​វ៉ាក់សាំង​គ្រប់​រួចហើយ​ទាំង ២ដូ​ស ទោះជា​គ្រោង​ការចាក់​វ៉ាក់សាំង ត្រូវ​ជួបនឹង​បញ្ហាយឺតយ៉ាវ​ដោយ​ប្រការ​ខ្លះ ដោយសារតែ​ស្ថានភាព​ធាតុអាកាស​ដែល​រងា​ខ្លាំង និង​មាន​ព្យុះ​ព្រឹល​បោកបក់​ក្នុង​តំបន់​ជាច្រើន​របស់​អាមេរិក អស់​រយៈពេល​ជាង ១សប្ដាហ៍​ក៏ដោយ។

ទោះជា​មាន​ក្ដី​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង ពាក់ព័ន្ធ​នឹង​មេរោគ​ក្លាយ​ពូជ​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ជាពិសេស​មេរោគ​ក្លាយ​ពូជ ដែល​ចម្លង​សាយភាយ​បាន​ងាយ និង​លឿន​ជាង​ប្រភេទ​មុន ដែល​វ៉ាក់សាំង​បច្ចុប្បន្ន​មាន​ប្រសិទ្ធភាព​ថយចុះ​ក៏ដោយ តែ​សំឡេង​របស់លោក​ហ្វៅ​ស៊ី នៅតែ​ពោរពេញ​ទៅដោយ​ក្ដីសង្ឃឹម ចំពោះ​សំណួរ​ដែល​សួរថា តើ​ព្យុះ​នៃ​ការឆ្លង​រាលដាល នឹង​មកដល់ ១រលក​ទៀត​ដែរឬទេ?។

លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន CNN ថា “ខ្ញុំ​មិន​គិតថា វា​នឹង​ក្លាយជា​រឿង​ដែល​មិនអាច​ចៀសវាង​បាន​នោះទេ…វ៉ាក់សាំង​បច្ចុប្បន្ន​ដែល​យើង​កំពុង​ចែកចាយ​ក្នុង​ពេលនេះ ទាំង​របស់​ម៉ូ​ឌើ​ណា និង​ហ្វ៉ៃ​ហ្ស៊ើ​រ សុទ្ធតែ​ទទួលបាន​លទ្ធផល​ល្អ​ជាមួយ​មេរោគ​ក្លាយ​ពូជ​ចក្រភព​អង់គ្លេស”៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply