ជប៉ុន៖ មានប្រជាជនជប៉ុន ចំនួនមិនតិចទេ ដែលបានបដិសេធការចាក់វ៉ាក់សាំងកូវីដ-១៩ ដូច្នេះហើយទើបរដ្ឋបាលជប៉ុន បានប្រកាសចេញគោលការណ៍ថ្មីមួយថា នឹងផ្ដល់សំណងជាប្រាក់ដ៏ច្រើន បើកើតមានគ្រោះថ្នាក់ណាមួយ ដែលបណ្ដាលមកពីវ៉ាក់សាំងការពារកូវីដ-១៩ នេះ។
កាលពីថ្ងៃទី២១ កុម្ភៈ វេបសាយ Soranews24 បានរាយការណ៍ព័ត៌មានមួយថា រដ្ឋបាលជប៉ុន បានចេញគោលការណ៍ថ្មីមួយ ដើម្បីជំរុញឱ្យប្រជាជន នាំគ្នាចេញមកចាក់វ៉ាក់សាំងកាន់តែច្រើនឡើង ដោយសារតែកាលពីសប្ដាហ៍កន្លងទៅ ជប៉ុនបានចាប់ផ្ដើមចែកចាយវ៉ាក់សាំងកូវីដ-១៩ ដែលអាចនិយាយបានថា ជាការចាក់ ដែលយឺតយ៉ាវជាងប្រទេសអភិវឌ្ឍន៍ផ្សេង…អាចដោយសារតែរដ្ឋបាលជប៉ុន បានព្យាយាមយ៉ាងខ្លាំងក្លា ក្នុងការដំណើរការពាក់ព័ន្ធនឹងវ៉ាក់សាំង ឱ្យមានរបៀបខ្លាំងបំផុត តាមដែលអាចធ្វើបាន ដោយមានការចាត់លំដាប់លេខរៀងការចាក់វ៉ាក់សាំងយ៉ាងមានរបៀបខ្លាំងបំផុត។

យ៉ាងណាក្ដី ភាពសាកល្បងពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំងនេះ បានប្រែក្លាយទៅជាការធ្វើឱ្យប្រជាជន ខំព្យាយាមយ៉ាងខ្លាំង ក្នុងការគេចវេះពីការចាក់វ៉ាក់សាំងទៅវិញ ដែលនេះ អាចនិយាយបានថា ជារឿងដែលគួរឱ្យចម្លែកចិត្តខ្លាំងបំផុត នេះដោយសារតែជប៉ុន ជាប្រទេសមួយ ដែលប្រជាជនគ្រប់រូបត្រៀមរួចជាស្រេច ក្នុងការពាក់ម៉ាស់អនាម័យការពារ និងក្ដីភ័យខ្លាចពីផលប៉ះពាល់របស់វ៉ាក់សាំង បានស្ថិតក្នុងទស្សនគតិរបស់មនុស្សទូទៅ ធ្វើឱ្យស្ថិតិអ្នកទៅទទួលយកវ៉ាក់សាំង មានចំនួនទាបបំផុត។
ទោះជានៅក្នុងប្រទេសជប៉ុន ចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនផ្ដាសាយធំ កាលឆ្នាំ២០១៨ ជិតប្រហាក់ប្រហែលនឹងចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ក្នុងឆ្នាំ២០២០ ក៏ដោយ តែអត្រាការចាក់វ៉ាក់សាំង ក៏នៅតែទាបជាង ដោយសារតែ ប្រជាជនចំនួនដ៏ច្រើន នៅព្រួយបារម្ភថា ការចាក់វ៉ាក់សាំង អាចមានផលប៉ះពាល់ ដែលអាក្រក់ខ្លាំងជាងការរងគ្រោះដោយជំងឺ។

របាយការណ៍ថ្មីបំផុត ក្រសួងសុខាភិបាល ពលកម្ម និងសុខុមាលភាព របស់ប្រទេសជប៉ុន បានឱ្យដឹងថា រដ្ឋបាលនឹងផ្ដល់ប្រាក់សំណង ចំនួន ៤៤លានយ៉េន (ប្រមាណជាង ៤០ម៉ឺនដុល្លារអាមេរិក) ជូនក្រុមគ្រួសាររបស់បុគ្គលណាក៏ដោយ ដែលស្លាប់ដោយសារវ៉ាក់សាំងកូវីដ-១៩ បូករួមទាំងការចាយវាយក្នុងការរៀបចំពិធីបុណ្យសពដែលមានតម្លៃខ្ពស់ដល់ទៅ ២០៩ ០០០យ៉េន (ប្រមាណ ២ ០០០ដុល្លារអាមេរិក)ទៀតផង និងបើមានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ពីវ៉ាក់សាំងវិញនោះ នឹងមានការសងសំណងជាប្រាក់ជូន ក្នុង ១ឆ្នាំ ៥លានយ៉េន (ប្រមាណជិត ៥ម៉ឺនដុល្លារអាមេរិក)។
គោលការណ៍នេះ ថែមទាំងគ្របដណ្ដប់ដល់ការចាក់វ៉ាក់សាំងគ្រប់ប្រភេទទៀតផង មិនមែនចំពោះតែវ៉ាក់សាំងកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែ គោលការណ៍នេះ បែរជាមិនមានការទទួលដឹងឮ អំពីប្រជាជនឡើយ ទើបមានការព្យាយាមក្នុងការផ្សព្វផ្សាយ នៅតាមបណ្ដាញព័ត៌មានកាន់តែញឹកញាប់ឡើង កាលពីអំឡុងចុងសប្ដាហ៍កន្លងទៅ។
តែយ៉ាងណាក៏ដោយ មានការជជែកតវ៉ាថា តើនឹងដឹងបានដោយរបៀបណាថា អ្នកស្លាប់នោះ បានស្លាប់ដោយសារផលប៉ះពាល់របស់វ៉ាក់សាំងពិតមែន? និងតើមានអ្វីជាការបញ្ជាក់? ដោយហេតុនេះហើយ ទើបធ្វើឱ្យក្រុមហ៊ុនផលិតឱសថនៅក្នុងប្រទេសជប៉ុន មិនពេញចិត្តក្នុងការផលិតវ៉ាក់សាំងក្នុងប្រទេសប៉ុន្មានឡើយ ដោយសារតែមានភាពប្រឈមខាងហិរញ្ញវត្ថុ រួមទាំងភាពមិនច្បាស់លាស់ របស់ផលប៉ះពាល់របស់វ៉ាក់សាំង ដែលមានសញ្ញាថានឹងក្លាយជាផលប្រយោជន៍ដល់ជនរងគ្រោះនៅក្នុងតុលាការទៀតផង។

ខណៈពេលជាមួយគ្នា រដ្ឋបាលជប៉ុន បានព្យាយាមបញ្ចុះបញ្ចូល ក្រុមហ៊ុនផលិតថ្នាំពេទ្យក្នុងប្រទេសជប៉ុន ឱ្យផលិតវ៉ាក់សាំងដោយខ្លួនឯង ដោយនឹងកាត់បន្ថយការទទួលខុសត្រូវ នៅពេលមានបញ្ហាកើតឡើង តែយ៉ាងណាក្ដី ទោះជាក្រោយពីជនរងគ្រោះ បានទួលប្រាក់សំណងពីរដ្ឋាភិបាលហើយក្ដី ក៏ជនរងគ្រោះ នៅមានសិទ្ធិក្នុងការដំណើរខាងផ្លូវច្បាប់ ទៅលើក្រុមហ៊ុនផលិតថ្នាំទាំងនោះទៀតដែរ។
ប្រធានបទទាំងអស់នេះ បានបង្ហាញឱ្យឃើញថា មូលហេតុដែលធ្វើឱ្យប្រទេសជប៉ុន មានការចាក់វ៉ាក់សាំងយឺតយ៉ាវជាងប្រទេសអភិវឌ្ឍន៍ឯទៀតនោះ គឺអាចដោយសារតែ ការព្រួយកង្វល់របស់ក្រុមហ៊ុនផលិតថ្នាំពេទ្យហ្នឹងឯង ព្រោះប្រទេសជប៉ុន ផ្ដល់ភាពសំខាន់ទៅលើប្រជាជន មុនអ្វីៗទាំងអស់។
យ៉ាងណាក៏ដោយ មិនច្រើន ក៏តិចដែរ គោលការណ៍ខាងលើ ក៏អាចទាក់ទាញឱ្យប្រជាជនមកចាក់វ៉ាក់សាំងបានច្រើនឡើងដែរ ដែលបង្ហាញឱ្យឃើញថា រដ្ឋបាលជប៉ុន ជឿជាក់លើសុវត្ថិភាពរបស់វ៉ាក់សាំងខ្លាំងគ្រប់គ្រាន់ សម្រាប់ការបង់ប្រាក់សំណងឱ្យទៅប្រជាជន នៅពេលកើតមានផលប៉ះពាល់៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព