You are currently viewing អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្មើ​ជើង សួន​ស្មៅ ដាំ​ដើមឈើ និង​ប្រព័ន្ធ​បង្ហូរទឹក នៅមុខ​ព្រះ​លានជល់ដំរី ខណៈ​ពេលនេះ​កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ

អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្មើ​ជើង សួន​ស្មៅ ដាំ​ដើមឈើ និង​ប្រព័ន្ធ​បង្ហូរទឹក នៅមុខ​ព្រះ​លានជល់ដំរី ខណៈ​ពេលនេះ​កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ

សៀមរាប៖  ឯកឧត្តម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​មានប្រសាសន៍ថា កិច្ចការ​អភិរក្ស​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​លើក​តម្លៃ​បេតិកភណ្ឌ​ពិភពលោក ដែលជា​ដួងព្រលឹង​តំណាង​ជាតិខ្មែរ គឺ​ត្រូវការ​ឱ្យមាន​ការចូលរួម​ទាំងអស់គ្នា​ទាំង​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន ដូច្នេះ​ការធ្វើ​កំណាយ​ស្រាវជ្រាវ​នៅមុខ​ព្រះ​លានជល់ដំរី​នាពេលនេះ ដើម្បី​ធ្វើការ​សិក្សា​ស្រាវជ្រាវ មុននឹង​ដំណើរ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្មើ​ជើង , រៀបចំ​សួន​ស្មៅ , ការដាំ​ដើមឈើ និង ការរៀបចំ​ប្រព័ន្ធ​បង្ហូរទឹក​នៅ​ទីនោះ ។

ឯកឧត្តម ហង់ ពៅ មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​ដឹកនាំ​គណៈប្រតិភូ និង លោកជំទាវ​ឧកញ៉ា នាងវិសាខា អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ កិ​តិ្ត​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍  ចុះ​ពិនិត្យ​ការដ្ឋាន​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា នៅមុខ​ព្រះ​លានជល់ដំរី កាលពី​រសៀល​ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ ម្សិល​ម៉ិ​ញ​នេះ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ហង់ ពៅ បាន​កោតសរសើរ​និង​ថ្លែងអំណរគុណ​ចំពោះ​លោកជំទាវ សៀង ចាន់​ហេង ដែល​បាន​ចំណាយធនធាន​ផ្ទាល់ខ្លួន ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស​នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ និង​លើក​តម្លៃ​បេតិកភណ្ឌ​ពិភពលោក ដែលជា​ដួងព្រលឹង​តំណាង​ជាតិខ្មែរ ។

មានប្រសាសន៍​នៅក្នុង​ឱកាស​នោះដែរ លោកជំទាវ​ឧកញ៉ា នាងវិសាខា អគ្គ​មហា​ឧបាសិកា ពុទ្ធ​សាសនូបត្ថម្ភក៍ កិ​តិ្ត​បណ្ឌិត សៀង ចាន់​ហេង អគ្គនាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចការ​របស់​ក្រុម​អ្នកជំនាញ និង​ការដឹកនាំ​របស់​ថ្នាក់ដឹកនាំ អាជ្ញាធរ​ជាតិ​អប្សរា ដែល​ខិតខំ​បំពេញការងារ​អភិរក្ស​អភិវឌ្ឍន៍​បាន​យ៉ាង​ល្អប្រសើរ ពិសេស​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​អាជ្ញាធរ​ជាតិ​អប្សរា ផ្តល់ឱកាស​ឱ្យ​លោកជំទាវ​បាន​ចូលរួមចំណែក​ថែរក្សា​សម្បត្តិ​ដូនតា​លើ​ទឹកដី​អង្គរ​បាន​យ៉ាងច្រើន។

សូមបញ្ជាក់ថា ក្រោយពី​ទទួលបាន​ការឯកភាព​ពី​ក្រុម​អ្នកជំនាញការ​អាដហុក​របស់​អាយ​ស៊ី​ស៊ី-អង្គរ ដោយ​មើលឃើញ​ពី​ហានិភ័យ​ចំពោះ​ប្រាសាទ(រំ​ញ័រ​និង​ការ​ពុកផុយ​ថ្ម) ដែល​បង្កដោយ​ការបើកបរ​យានជំនិះ​គ្រប់​ប្រភេទ លើផ្លូវ​ដែល​កៀក​ខ្លាំង​នឹង​ព្រះ​លានជល់ដំរី អាជ្ញាធរ​ជាតិ​អប្សរា បាន​កែលម្អ​ផ្លូវ​ស្រប​នឹង​ប្រាសាទ​សួរ​ព្រ័ត្រ​សម្រាប់​យានយន្ត ហើយ​ផ្លូវ​មុខ​ព្រះ​លានជល់ដំរី អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​គម្រោង​កែលម្អ​ទីធ្លា​បរិវេណ​មុខ​ព្រះ​លានជល់ដំរី ដោយមាន​រៀបចំ​ជា​ផ្លូវ​ថ្មើរជើង និង​ប្រព័ន្ធ​រំដោះ​ទឹក ព្រមទាំង​ដាំ​ស្មៅ​ឱ្យមាន​ភាព​បៃតង​ស្រស់បំព្រង ដើម្បី​លើក​តម្លៃ​បរិវេណ​អង្គរធំ​ទាំងមូល។ ហើយ​ចំពោះ​ទីតាំង​ដែល​ត្រូវ​កែលម្អ​ទាំងស្រុង គឺ​ចាប់ពី​កាច់ជ្រុង​ខាងជើង​ប្រាសាទ​បា​យ័ន្ត រហូតដល់​ចំណុច​មុខ​ព្រះ​ពន្លា​ស្តេច​គម្លង់។ ក្រុមការងារ​នឹង​បិទ​ទីតាំង​នេះ​ជា ដំណាក់កាល​មិនឱ្យ​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​ឡើយ ហើយ​កិច្ចការ​នេះ​គ្រោង​នឹង​បញ្ចប់​រយៈពេល៦ខែ៕

#អរគុណសន្តិភាព

Leave a Reply