ពិភពលោក៖ ករណីអ្នកឆ្លងមេរោគថ្មីកូវីដ-១៩ បានថយចុះ ១១% ក្នុងប៉ុន្មានសប្ដាហ៍មុនមកដល់ថ្ងៃទី២១កុម្ភៈ ដែលអាចនិយាយបានថា ជាការថយចុះ ៦សប្ដាហ៍ជាប់ៗគ្នា តែយ៉ាងណាក្ដី នៅក្នុងជ្រុងមួយទៀត ការប្រគល់-ទទួលវ៉ាក់សាំង ក្រោមគ្រោងការ Covax ដែលដឹកនាំដោយអង្គការសុខភាពពិភពលោក ទើបនឹងបានប្រគល់ដល់ដៃប្រទេសហ្គាណា ជាប្រទេសដំបូងគេ កាលពីថ្ងៃពុធ ទី២៤កុម្ភៈ ម្សិលមិញនេះឯង។
អង្គការសុខភាពពិភពលោក បានបញ្ជាក់កាលពីថ្ងៃអង្គារ (ទី២៣កុម្ភៈ)ថា បានទទួលរបាយការណ៍ អ្នកឆ្លងមេរោគថ្មីទូទាំងពិភពលោក ២,៤លាននាក់ និងស្លាប់បន្ថែម ៦៦ ០០០នាក់ ក្នុងសប្ដាហ៍ដល់ថ្ងៃទី២១កុម្ភៈ។ តួលេខនេះ បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺថ្មី បានថយចុះ ១១% និងអ្នកស្លាប់ថ្មី ក៏ថយចុះ ២០% ដែរ កាលពី ១សប្ដាហ៍មុននេះ។
ទិន្នន័យនេះ បានធ្វើឱ្យចំនួនអ្នកឆ្លងមេរោគទូទាំងពិភពលោក កើនឡើងដល់ ១១០,៧លាននាក់ និងស្លាប់ច្រើនជាង ២,៤លាននាក់ ចាប់តាំងពីមានការរាតត្បាតដ៏ធំ នៃវីរុសកូរ៉ូណាប្រភេទថ្មីផ្ទុះឡើង។

សហរដ្ឋអាមេរិក នៅតែជាប្រទេស ដែលមានអ្នកឆ្លងមេរោគថ្មី ច្រើនបំផុតក្នុងពិភពលោក តាមដោយប្រទេសប្រេស៊ីល បារាំង រុស្ស៊ី និងឥណ្ឌា តែយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ប្រទេសជាច្រើន បានជូនដំណឹងមកថា ករណីវីរុសកូរ៉ូណាប្រភេទថ្មី ជារួម បានថយចុះ ទោះជាមានរបាយការណ៍ រកឃើញការឆ្លងរាលដាលរបស់មេរោគក្លាយពូជ កើនច្រើនឡើងក៏ដោយ។
អង្គការសុខភាពពិភពលោក បានបញ្ជាក់បន្តថា មេរោគក្លាយពូជ B.1.1.7 ដែលរកឃើញនៅក្នុងចក្រភពអង់គ្លេស មកដល់ពេលនេះ បានរកឃើញនៅក្នុង ១០១ប្រទេសទូទាំងពិភពលោកហើយ ចំណែកមេរោគក្លាយពូជប្រភេទ B.1.351 ដែលរកឃើញដំបូងនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង មកដល់ពេលនេះ បានរកឃើញនៅក្នុង ៥១ប្រទេសហើយ រីឯមេរោគក្លាយពូជ B.1.1.28.1 ដែលចម្លងរាលដាលតិចជាងគេ និងត្រូវបានរកឃើញលើកដំបូង នៅក្នុងប្រទេសប្រេស៊ីល និងជប៉ុន ពេលនេះ ត្រូវបានរកឃើញនៅក្នុង ២៩ប្រទេសហើយ។
សេចក្ដីថ្លែងការណ៍ពាក់ព័ន្ធទិដ្ឋភាពរួម នៃការឆ្លងរាលដាលចុងក្រោយបំផុតនេះ កើតមានឡើង ក្នុងខណៈដែលប្រទេសហ្គាណា បានក្លាយជាប្រទេសដំបូងគេ ដែលបានទទួលវ៉ាក់សាំងកូវីដ-១៩ តាមរយៈគ្រោងការ Covax របស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃពុធម្សិលមិញ តាមសេចក្ដីថ្លែងការណ៍រួម ដែលផ្សព្វផ្សាយដោយអង្គការ យូនីសេហ្វ ប្រចាំប្រទេសហ្គាណា និងអង្គការសុខភាពពិភពលោក ប្រចាំប្រទេសហ្គាណា។
ទំនិញដែលប្រកបដោយ វ៉ាក់សាំងរបស់ អ៊ែស្ត្រាហ្សេនេកា ចំនួន ៦០០ ០០០ដូស បានធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ ខូតូកា ក្នុងទីក្រុងអាក់ក្រា ទីក្រុងចម្បង របស់ប្រទេសហ្គាណា ដោយជើងហោះហើរ របស់ក្រុមហ៊ុនអាកាសចរណ៍ អេមីរេតស៍ នៅវេលាម៉ោង ៧,០០ នៃព្រឹកថ្ងៃពុធ (ទី២៤កុម្ភៈ)
សេចក្ដីថ្លែងការណ៍រួម បានបញ្ជាក់ថា វ៉ាក់សាំង ១ឈុតនោះ ផលិតដោយស្ថាប័នសេរ៉ូម របស់ប្រទេសឥណ្ឌា និងជាផ្នែកមួយរបស់វ៉ាក់សាំងកូវីដ-១៩ ឈុតដំបូងៗ ក្រោមគ្រោងការ Covax ដែលតម្រង់ឆ្ពោះទៅកាន់ប្រទេសដែលមានប្រាក់ចំណូលកម្រិតទាប ដល់កម្រិតមធ្យម។
សូមជម្រាបដែរថា Covax គឺជាគ្រោងការមួយ ដែលសម្ព័ន្ធមិត្តអន្តរជាតិ រួមគ្នាបង្កើតឡើង ដើម្បីផ្ដល់នូវការទទួលបានវ៉ាក់សាំង យ៉ាងស្មើភាពគ្នា គ្រប់ប្រទេស ដោយកន្លងមក បណ្ដាប្រទេសអ្នកមានទាំងឡាយ ត្រូវបានចោទប្រកាន់ថា បាននាំគ្នាប្រមូលទិញវ៉ាក់សាំង និងទុកចោលប្រទេសផ្សេងៗទៀតនៅក្នុងទ្វីបអាហ្វ្រិក ឱ្យស្ថិតនៅលំដាប់ចុងក្រោយគេក្នុងគ្រោងការចាក់វ៉ាក់សាំង។ ទាំងអស់នេះ បើប្រៀបធៀបជាមួយភូមិភាគផ្សេងៗទៀត ប្រទេសនានានៅក្នុងទ្វីបអាហ្វ្រិក ចាប់ផ្ដើមធ្វើគ្រោងការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហាក់ដូចជាយឺតយ៉ាវជាងគេ ដោយមានតែប៉ុន្មានប្រទេសប៉ុណ្ណោះ ដែលបានចាប់ផ្ដើមគ្រោងការនេះរួចហើយ។

លោក ថេដ្រូស អាត់ហាណូម កេប្រេយេស៊ុស ប្រធានអង្គការសុខភាពពិភពលោក បានថ្លែងបញ្ជាក់ថា “យើងមិនអាចបញ្ឈប់ជំងឺរាតត្បាតដ៏ធំនេះ នៅទីណាមួយបានទេ រហូតទាល់តែយើងបញ្ឈប់វា នៅគ្រប់ទីកន្លែង…ថ្ងៃនេះ ជាជំហានដំបូងដ៏សំខាន់ ក្នុងការធ្វើឱ្យទស្សនវិស័យរបស់យើង ខាងការទទួលបានវ៉ាក់សាំងយ៉ាងស្មើភាពគ្នា ឈានឆ្ពោះទៅរកការពិត…តែពេលនេះ វាទើបតែចាប់ផ្ដើមប៉ុណ្ណោះ”
លោកបន្ថែមថា “យើងនៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើ រួមជាមួយរដ្ឋាភិបាលនានា និងបណ្ដាអ្នកផលិតទាំងឡាយ ដើម្បីធានាថា វ៉ាក់សាំងសម្រាប់ធនធានមនុស្សខាងវេជ្ជសាស្ត្រ និងមនុស្សចាស់ កំពុងតម្រង់ឆ្ពោះចូលទៅក្នុងគ្រប់ប្រទេស ក្នុងអំឡុងពេល ១០០ថ្ងៃដំបូងនៃឆ្នាំនេះ”៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន CNN
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព