សប្បាយៗ ថ្ងៃអាទិត្យ៖ ឃ្លីបវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលមួយនេះ ត្រូវបានថតនៅក្នុងហាងស៊ូភើរម៉ាខេតមួយ ដែលមានឈ្មោះថា Pick n Pay ក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដោយមានស្ត្រីម្នាក់ កំពុងដើរទិញទំនិញនៅក្នុងហាង និងមិនបានពាក់ម៉ាស់អនាម័យការពារអ្វីទាំងអស់។ នៅពេលដែលខាងបុគ្គលិកសន្តិសុខប្រទះឃើញ ក៏បានចូលមកដាស់តឿន និងប្រាប់ថា នឹងមិនអនុញ្ញាតឱ្យប្រើ សេវាកម្មហាងនេះទៀតទេ បើនាងនៅតែមិនព្រមពាក់ម៉ាស់អនាម័យការពារ តែនាងហាក់ដូចជាគ្មានឥរិយាបថភិតភ័យ ឬញាប់ញ័រអ្វីទាំងអស់ ព្រមទាំងអះអាងថា មិនបានយកម៉ាស់មកជាមួយទៀតផង។

សូមរំឭកថា កាលពីឆ្នាំ២០២០ លោក សៃរ៊ីល រ៉ាម៉ាហ្វូសា ប្រធានាធិបតីនៃប្រទេសអាហ្វ្រិកខាងត្បូង បានថ្លែងថា អ្នកណាដែលមិនពាក់ម៉ាស់អនាម័យការពារនៅក្នុងទីសាធារណៈ គឺនឹងមានកំហុសស្មើនឹងទោសឧក្រិដ្ឋ អាចត្រូវចាប់ខ្លួន និងអនុវត្តតាមនីតិវិធីច្បាប់។
បុគ្គលិកសន្តិសុខរូបនោះ បានព្យាយាមនិយាយបញ្ចុះបញ្ចូល ឱ្យនាងព្រមពាក់ម៉ាសកាពារ តែនៅតែមិនទទួលបានការសហការអំពីស្ត្រីរូបនោះឡើយ។ ទីបំផុត ក៏ប្រើក្បាច់ចុងក្រោយ ដោយគំរាមថា បើនៅតែមិនព្រមធ្វើតាមរបៀបវិន័យទេ គេនឹងនាំខ្លួននាង ចេញពីហាងនេះភ្លាមតែម្ដង…។

ភ្លាមៗនោះឯង ស្ត្រីរូបនោះ ក៏ចាប់ផ្ដើមធ្វើរឿងមួយ ដែលគ្មានអ្នកណានឹកស្មានដល់ គឺនាងបានលូកដៃចូលទៅក្នុងសំពត់រ៉ូប ដែលនាងកំពុងស្លៀក ចាត់ការដោះខោលីអូពណ៌ខ្មៅចេញមក ហើយលើកយកមកពាក់នៅលើផ្ទៃមុខ ដើម្បីជំនួសឱ្យម៉ាស់អនាម័យការពារបណ្ដោះអាសន្ន បន្ទាប់ពីនោះ ក៏លើកមេដៃ ដាក់ភ្នាក់សន្តិសុខនោះ ក្នុងទំនងជាសំណួរថា ប៉ុនហ្នឹងអូខេនៅ? ក្រោមក្ដីភ្ញាក់ផ្អើល និងហួសចិត្តរបស់អ្នកដែលនៅក្បែរៗនោះគ្រប់គ្នា។

ទិដ្ឋភាពទាំងនេះ បានក្លាយជាឃ្លិបវីដេអូដ៏សែនហួសចិត្តមួយ នៅក្នុងបណ្ដាញសង្គមអនឡាញ អ្នកដែលបានឃើញជាច្រើននាក់ បានភ្ញាក់ផ្អើល និងមិនយល់ស្របចំពោះទង្វើរបស់ស្ត្រីរូបនោះឡើយ ដោយអ្នកខ្លះនិយាយថា “គួរឱ្យស្អប់ខ្ពើម”, “នៅផ្ទះ ហើយទិញអីវ៉ាន់តាមអនឡាញវិញទៅ បើមិនចូលចិត្តពាក់ម៉ាស់ការពារបែបនេះ”, “ពួកគេមិនគួរឱ្យនាងចូលទៅក្នុងស៊ូភើរម៉ាខេត ដោយមិនបានពាក់ម៉ាស់ការពារបែបនេះតាំងពីដំបូង…គួរឱ្យខ្ពើមឆ្អើមបំផុត”៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន dailystar
ប្រែសម្រួលដោយ ទិទីតំតាតូ
#អរគុណសន្តិភាព