មីយ៉ាន់ម៉ា៖ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍នៅថ្ងៃនេះ (ទី១មីនា) ថា មន្ត្រីទីស្នាក់ការគណៈកម្មការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានបង្ហាញតួលេខដ៏សែនភ័យរន្ធត់ថា មានបាតុករប្រឆាំងនឹងរដ្ឋប្រហារ បានស្លាប់ដល់ទៅ ១៨នាក់ ដោយសារការបង្ក្រាបរបស់អាជ្ញាធរសន្តិសុខមីយ៉ាន់ម៉ា ជាចំនួនបាតុករ ដែលត្រូវបានសម្លាប់ ច្រើនបំផុតក្នុងអំឡុងពេលតែ ១ថ្ងៃគត់ ចាប់តាំងពីមានការធ្វើបាតុកម្ម ជិត ១ខែមកនេះ។

ស្ថានការណ៍កាលពីថ្ងៃទី២៨កុម្ភៈ អាជ្ញាធរបានប្រើអំពើហិង្សាកម្រិតខ្ពស់បំផុត មិនធ្លាប់មាន ដោយបានបាញ់កាំភ្លើងទៅលើក្រុមបាតុករ ដោយគ្រាប់កាំភ្លើងពិត នៅក្នុងទីក្រុងជាច្រើន ធ្វើឱ្យមានអ្នកស្លាប់យ៉ាងតិច ១៨នាក់ រងរបួស ៣០នាក់ និងសន្និដ្ឋានថា មានអ្នកត្រូវចាប់ខ្លួន ប្រមាណជា ១ ០០០នាក់ទៀត។
“ការស្លាប់តាមរបាយការណ៍នេះ គឺជាលទ្ធផលពីការបាញ់ដោយគ្រាប់កាំភ្លើងពិត ទៅលើក្រុមបាតុករ នៅទីក្រុងយ៉ាំងហ្គោន ទីក្រុងថ្វាយ ទីក្រុងម៉ាន់ដាលេយ៍ ទីក្រុងម៉ារីត ទីក្រុងផះខូ និងទីក្រុងប៉ាក់ខូគូ” មន្ត្រី UN បានបញ្ជាក់បែបនេះ។

ទិន្នន័យតួលេខនេះ ស្រដៀងនឹងតួលេខរបស់ក្រុមសំឡេងប្រជាធិបតេយ្យភូមា ដែលបានរាយការណ៍កាលពីម៉ោង ៥ល្ងាច នៃថ្ងៃទី២៨កុម្ភៈ ដែរថា មានអ្នកស្លាប់សរុប ១៩នាក់ នៅក្នុងទីក្រុងចំនួន៩ និងនៅមានរបាយការណ៍អ្នកស្លាប់ ១០នាក់ទៀត ដែលមិនទាន់បានទទួលការអះអាងនៅឡើយ ព្រោះការរាប់ចំនួនអ្នកស្លាប់ ឱ្យច្បាស់ប្រាកដនោះ ពិបាកនឹងធ្វើបានណាស់ ដោយសារតែ មិនមានទិន្នន័យពីខាងរដ្ឋបាលឡើយ។

ក្រៅពីប្រើគ្រាប់កាំភ្លើងពិតហើយ អាជ្ញាធរ ថែមទាំងប្រើឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់បែកដៃ និងគ្រាប់បែកភ្លើង បំបែកការធ្វើបាតុកម្ម ដែលបានធ្វើឡើងជាបន្តបន្ទាប់យូរមកហើយ ចាប់តាំងពីកងទ័ពបានធ្វើរដ្ឋប្រហាររដ្ឋបាលស៊ីវិលរបស់លោកស្រីអ៊ុងសាន ស៊ូជី កាលពីថ្ងៃទី១កុម្ភៈកន្លងមក។
ចំណែកលោក អ៊ែនតូនីអូ ហ្គូតឺរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសការបង្ក្រាប ដែលបានប្រើអាវុធយ៉ាងកាចសាហាវ ផ្ដាច់ជីវិតបាតុករ ដែលធ្វើការប្រឆាំងតវ៉ាដោយសន្តិភាពលើកនេះ ចំណែកឯការចាប់ខ្លួនតាមអំពើចិត្តវិញ ក៏ជារឿងដែលមិនអាចទទួលយកបានដែរ។

លោក ស្តេហ្វាន ចារិក អ្នកនាំពាក្យ UN បានថ្លែងថា “លោកអគ្គលេខាធិការ បានស្នើសុំឱ្យសហគមន៍អន្តរជាតិ រួមគ្នាបញ្ជូនសញ្ញាដែលច្បាស់លាស់ ទៅកងទ័ពភូមាថា ចាំបាច់ត្រូវតែគោរពតម្រូវការរបស់ប្រជាជន តាមរយៈការបោះឆ្នោត និងត្រូវតែល្មមបញ្ឈប់ការជិះជាន់ហើយ”

ខណៈពេលជាមួយគ្នា ទីភ្នាក់ងារព័ត៌មាន AP បានថ្លែងអំពាវនាវឱ្យរដ្ឋបាលភូមា ដោះលែងអ្នកយកព័ត៌មានរបស់ AP ឈ្មោះ ធៀន ច ភ្លាមៗ ក្រោយពីត្រូវចាប់ខ្លួន តាំងពីព្រឹកថ្ងៃសៅរ៍ ទី២៧កុម្ភៈ ព្រោះអ្នកយកព័ត៌មានឯករាជ្យ ត្រូវតែបានទទួលការអនុញ្ញាតឱ្យរាយការណ៍ព័ត៌មានយ៉ាងសេរី និងមានសុវត្ថិភាព ដោយមិនចាំបាច់ភ័យខ្លាចលទ្ធផល ដែលកើតឡើងនៅពេលក្រោយឡើយ។
ចំណែកសមាគមអ្នកយកព័ត៌មានអន្តរជាតិមីយ៉ាន់ម៉ា បានថ្លែងថ្កោលទោស ការចាប់ខ្លួនអ្នកសារព័ត៌មានរបស់រដ្ឋបាលមីយ៉ាន់ម៉ាដូចគ្នា៕


ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ ស៊ីតា
#អរគុណសន្តិភាព