ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្កើតក្រុមការងារចំពោះកិច្ចដើម្បីតាមដាន នៃការវិវត្តន៍សភាពការណ៍ពាក់ព័ន្ធជំងឺឆ្លងកូវីដ១៩ ចូលសហគមន៍ក្នុងរាជធានីភ្នំពេញ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ គ្រាដែលចំនួននៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍រាជធានីភ្នំពេញបានឆ្លងកើនឡើងចំនួនមនុស្ស ៣៤០នាក់ ក្នុងនោះ២៤នាក់ថ្មីត្រូវបានរកឃើញក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានបើកកិច្ចប្រជុំក្រុមការងារចំពោះកិច្ចធ្វើឡើងនៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ ដឹកនាំកិច្ចប្រជុំដោយលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ស្នងការរងទទួលផែនការងារធនធានមនុស្សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងជាប្រធានក្រុមការងារចំពោះកិច្ច។

លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី បានថ្លែងថា ក្រុមការងារនេះមានតួនាទីភារកិច្ចត្រូវធ្វើរបាយការណ៍ជារៀងរាល់ថ្ងៃរាយការណ៍ជូនអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ពាក់ព័ន្ធស្ថានភាពវិវត្តន៍ទីតាំងនៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការប្រើប្រាស់កម្លាំងចេញអន្តរាគមន៍បន្ថែមការពារគោលដៅធ្វើចត្តាឡីស័កដែលរកឃើញថ្មី គោលដៅព្យាបាលជំងឺកូវីដ១៩និងសកម្មភាពផ្សេងទៀតរបស់អាជ្ញាធរ សមត្ថកិច្ច មន្ត្រីសុខាភិបាល ដែលកំពុងអនុវត្តការងារប្រចាំថ្ងៃជុំវិញជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។
លោកក៏បានផ្តាំផ្ញើឱ្យក្រុមការងារត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ចថ្មីនេះទៅតាមតួភារកិច្ចឱ្យមានប្រសិទ្ធភាពនិងទទួលខុសត្រូវខ្ពស់ចំពោះមុខថ្នាក់លើ៕


#អរគុណសន្តិភាព