You are currently viewing រាតត្បាត​ខ្លាំង​ជាង​វីរុស​ទៅទៀត!  ចិន និង​អាហ្វ្រិក​ខាងត្បូង រឹបអូស​វ៉ាក់សាំង​កូ​វីដ-១៩ ក្លែងក្លាយ រាប់ពាន់​ដូ​ស

រាតត្បាត​ខ្លាំង​ជាង​វីរុស​ទៅទៀត!  ចិន និង​អាហ្វ្រិក​ខាងត្បូង រឹបអូស​វ៉ាក់សាំង​កូ​វីដ-១៩ ក្លែងក្លាយ រាប់ពាន់​ដូ​ស

ប្រទេស​ចិន៖ ប៉ូលិស​នៅក្នុង​ប្រទេស​ចិន និង​អាហ្វ្រិក​ខាងត្បូង បាន​រឹបអូស​វ៉ាក់សាំង​កូ​វីដ-១៩ ក្លែងក្លាយ បានជា​ច្រើន​ពាន់​ដូ​ស នេះ​បើតាម​ការ​បង្ហើប​ឱ្យដឹងពី​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ ឬ Interpol កាលពី​ថ្ងៃ​ពុធ ទី៣មីនា ព្រមទាំង​បាន​អះអាងថា នេះ​គ្រាន់តែ​ជា “ចំណែក​តូច​មួយ” ប៉ុណ្ណោះ ក្នុង​បទល្មើស​ឧក្រិដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង។

Interpol ដែលមាន​ទីស្នាក់ការ​ធំ នៅក្នុង​ទីក្រុង​លី​យ៉ុង ប្រទេស​បារាំង បាន​បញ្ជាក់ថា វ៉ាក់សាំង ៤០០ដប ស្មើនឹង​បរិមាណ ប្រមាណ​ជា ២ ៤០០ដូ​ស ត្រូវបាន​រកឃើញ​នៅក្នុង​ឃ្លាំ​ស្តុក​ទំនិញ​មួយកន្លែង នៅក្នុង​ទីក្រុង​ជើ​មិ​ស្តុ​ន ជាយក្រុង​ចូ​ហា​នេ​ស្ប៊ើ​ក ប្រទេស​អាហ្វ្រិក​ខាងត្បូង ក្រៅពីនេះ តាមរយៈ​ការឆែកឆេរ អាជ្ញាធរ​នៅបាន​រកឃើញ​ម៉ាស់​ការពារ​ក្លែងក្លាយ ព្រមទាំង​បាន​ចាប់ខ្លួន​ជនសង្ស័យ ៤នាក់ និង​ជនជាតិ​ហ្ស៊ែ​ម​បៀ ១នាក់​ទៀតផង។

ចំណែក​នៅក្នុង​ប្រទេស​ចិន​វិញ ប៉ូលិស បានទទួល​ជោគជ័យ​នៅក្នុង​ការបញ្ជាក់​អត្តសញ្ញាណ​ខ្សែបណ្ដាញ លក់​វ៉ាក់សាំង​ក្លែងក្លាយ នៅក្នុង​ការស៊ើបអង្កេត ដែល​បានការ​គាំទ្រ​ពី Interpol ដែលមាន​សមាជិក ១៩៤ប្រទេស។

សេចក្ដីថ្លែងការណ៍ បាន​បញ្ជាក់ថា Interpol បានចេញ “ប្រកាស​ពណ៌​ទឹកក្រូច” ដាស់តឿន​អាជ្ញាធរ​ទូទាំង​ពិភពលោក ឱ្យ​ត្រៀមខ្លួន​ទប់​ទប់​នឹង​ខ្សែបណ្ដាញ​ក្រុម​ឧក្រិដ្ឋជន ដែលមាន​គោលដៅ​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​កូ​វីដ-១៩ ទាំង​ខាង​រូបវន្ត និង​ខាង​អន​ឡាញ។

លោក ជើ​ហ្គេ​ន ស្តុក លេខាធិការ Interpol បាន​បញ្ជាក់ថា “ទោះជា​យើង​រីករាយ​នឹង​លទ្ធផល​ដែល​បង្ហាញឱ្យឃើញ​នេះ​ក្ដី តែ​នេះ វា​គ្រាន់តែ​ជា ចំណែក​មួយ​តូច​ប៉ុណ្ណោះ ក្នុង​រឿង​ដែល​ពាក់ព័ន្ធ​នឹង​វ៉ាក់សាំង​កូ​វីដ-១៩”

Interpol បានបញ្ជាក់​ទៀតថា ក្រៅពី​ការចាប់​បាន នៅក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បុ​ង និង​ចិន​ហើយ ខាង​ទីស្នាក់ការ​នៅបាន​ទទួល​របាយការណ៍​បន្ថែម ពាក់ព័ន្ធ​នឹង​ការព្យាយាម​ចែកចាយ​វ៉ាក់សាំង​ក្លែងក្លាយ និង​ឧបាយកលផ្សេងៗ ដោយមាន​គោលដៅ​ទៅលើ​អង្គការ​សុខភាព​សាធារណៈ​ទាំងឡាយ ក្នុងនោះ​រួមទាំង​មណ្ឌល​ថែទាំ​មនុស្ស​ចាស់ជរា​ផងដែរ។

ខណៈពេល​ជាមួយគ្នា ខាង Interpol នៅបាន​ដាស់តឿន​ថែម​ទៀតថា  បច្ចុប្បន្ន​នៅ​មិនទាន់មាន​វ៉ាក់សាំង​មួយណា ដែល​បានទទួល​ការអនុម័ត​ហើយ អាច​បញ្ជា​ទិញ​បាន​តាម​អន​ឡាញ​នៅឡើយ​ទេ “វ៉ាក់សាំង​ទាំងអស់​ណា ដែល​ឃោសនា​ផ្សាយពាណិជ្ជកម្ម​នៅតាម​វេ​ប​សាយផ្សេងៗ ឬ​វេ​ប​សាយ​ផ្សារងងឹត គឺជា​រឿង​ខុសច្បាប់ មិន​ធ្លាប់​ឆ្លងកាត់​ការពិសោធ ឬ​អាចមាន​គ្រោះថ្នាក់​ទៀតផង។

លោក​ស្តុក ធ្លាប់បាន​ដាស់តឿន​កាលពី​ខែធ្នូ ម្ដង​រួចមកហើយ​ថា រកឃើញ​បទល្មើស​ឧក្រិដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​វ៉ាក់សាំង​កើនឡើងជារឿយៗ ក្នុង​នៅ​រួមទាំង​ការ​លួច ការ​គាស់​ឃ្លាំង​ស្តុក​វ៉ាក់សាំង និង​ការវាយប្រហារ​ក្បួន​រថយន្ត ក្នុងអំឡុងពេល​ដឹកជញ្ជូន​វ៉ាក់សាំង​ទៀតផង៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន AFP

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply