កូរ៉េខាងត្បូង៖ បានបញ្ចប់សប្ដាហ៍ដំបូង នៃគ្រោងការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនទន្ទឹងរង់ចាំមកជាយូរហើយនោះ ដោយបានរកឃើញ អ្នកមានអាការមិនស្រួលខ្លួនដោយសារវ៉ាក់សាំងរបស់អ៊ែស្ត្រហ្សេនេកា ជាច្រើនពាន់នាក់ ក្នុងនោះ ការស្លាប់បានកើនឡើងដល់ ៧នាក់ ដែលជំរុញឱ្យស្ថាប័នដែលពាក់ព័ន្ធត្រូវប្រញាប់ដំណើរការស៊ើបអង្កេតជាបន្ទាន់។
ស្ថាប័នគ្រប់គ្រង និងបង្ការជំងឺរបស់ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍កាលពីថ្ងៃសៅរ៍ (ទី៦មីនា)ថា បានរកឃើញអ្នកស្លាប់ ក្រោយបានទទួលវ៉ាក់សាំង ចំនួន ៤នាក់ថែមទៀត ក្នុងអំឡុង ២ថ្ងៃចុងក្រោយ បណ្ដាលឱ្យចំនួនរួមកើនឡើងជា ៧នាក់ និងព្រមទាំងបានទៀតបញ្ជាក់ថា ខាងស្ថាប័ន កំពុងស៊ើបអង្កេតពីហេតុការណ៍ផ្សេងៗដែលកើតឡើងនេះ។
តាមរយៈទិន្នន័យរបស់ស្ថាប័នគ្រប់គ្រង និងបង្ការជំងឺ របស់ប្រទេសកូរ៉េខាងត្បូង បានរកឃើញថា មានការចាក់វ៉ាក់សាំង ឱ្យប្រជាជនរួចហើយ ចំនួន ២៩៦ ០០០នាក់ ឬប្រមាណ ០,៦ភាគរយ នៃចំនួនប្រជាជនទាំងអស់ទូទាំងប្រទេស ក្នុងសប្ដាហ៍ដំបូងរបស់គ្រោងការចាក់វ៉ាក់សាំង និងភាគច្រើននោះ គឺជាវ៉ាក់សាំងរបស់អ៊ែស្ត្រាហ្សេនេកា។

ក្នុងចំណោមអ្នកដែលបានទទួលបានវ៉ាក់សាំងរួចហើយនោះ ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា បានរកឃើញអ្នកដែលមានអាការមិនស្រួលខ្លួនដោយសារវ៉ាក់សាំងកូវីដ-១៩ ច្រើនជាង ២ ៨០០នាក់ តែមានត្រឹមតែ ២៤នាក់ប៉ុណ្ណោះ ដែលជាករណីធ្ងន់ធ្ងរ ដោយក្នុងនោះ ៧នាក់ ដល់ថ្នាក់បាត់បង់ជីវិត។ ទាំងអស់នេះ ទាំង ២៤ករណីនៃអាការធ្ងន់ធ្ងរនោះ សុទ្ធតែបានចាក់វ៉ាក់សាំងរបស់អ៊ែស្ត្រាហ្សេនេកា ជាវ៉ាក់សាំងដំបូងគេ ដែលទទួលបានការអនុម័ត ឱ្យប្រើនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ក្រៅពីវ៉ាក់សាំងរបស់អ៊ែស្ត្រាហ្សេនេកាហើយ កូរ៉េខាងត្បូង ថែមទាំងបានធ្វើកិច្ចសន្យាជាមួយហ្វ៉ៃហ្ស៊ើរ-បៃអូអេនថេក សម្រាប់ការបញ្ជាទិញវ៉ាក់សាំងជាច្រើនលានដូសទៀត តែទម្រាំតែការប្រគល់-ទទួលទ្រង់ទ្រាយធំ នឹងចាប់ផ្ដើមឡើងនោះ ប្រហែលជាត្រូវរង់ចាំ រហូតយ៉ាងហោចណាស់ ក៏ខែខាងមុខដែរ ដែលរហូតមកដល់ពេលនេះ កូរ៉េខាងត្បូង បានចាក់វ៉ាក់សាំងរបស់ហ្វ៉ៃហ្ស៊ើរ-បៃអូអេនថេក ឱ្យប្រជាជនរួចហើយ ប្រមាណជា ៥ ០០០នាក់ និងមិនទាន់មានរបាយការណ៍ពាក់ព័ន្ធនឹងអាការមិនល្អធ្ងន់ធ្ងរ ណាមួយនៅឡើយ។
ជារួមទៅ ប្រទេសកូរ៉េខាងត្បូងមានអត្រា ការចាក់វ៉ាក់សាំងខ្ពស់បំផុតនៅក្នុងពិភពលោក ហើយពួកគេ បានអួតអាងថា ការព្យាយាមទប់ស្កាត់ការឆ្លងរាលដាលរបស់កូវីដ-១៩ របស់ពួកគេ មានប្រសិទ្ធភាពខ្លាំងបំផុតមួយដែរ តែយ៉ាងណាក៏ដោយ គ្រោងការចាក់វ៉ាក់សាំងឱ្យប្រជាជន បានចាប់ផ្ដើមឡើងយឺតយ៉ាវ ដោយបណ្ដាក្រុមមន្ត្រីជឿថា ភាពជោគជ័យក្នុងការគ្រប់គ្រងកូវីដ-១៩ បានបើកផ្លូវឱ្យពួកគេអាចផ្ដល់ភាពសំខាន់ទៅលើសុវត្ថិភាពរបស់វ៉ាក់សាំង ខ្លាំងជាងភាពឆាប់រហ័សក្នុងការចែកចាយ។
គិតត្រឹមថ្ងៃសៅរ៍ ទី៦មីនា ឆ្នាំ២០២១ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ ពីការរកឃើញ ករណីអ្នកឆ្លងមេរោគសរុប ច្រើនជាង ៩២ ០០០នាក់ ក្នុងចំនួនប្រជាជនទាំងអស់ ៥២លាននាក់ និងមានអ្នកស្លាប់ត្រឹមតែ ១ ៦៣២នាក់ប៉ុណ្ណោះ ដែលនេះ អាចនិយាយបានថា តិចជាងខ្លាំង បើប្រៀបធៀបនឹងចក្រភពអង់គ្លេស ទឹកដីដែលមានប្រជាជនប្រហែលជា ៦៧លាននាក់ តែរកឃើញអ្នកឆ្លងមេរោគច្រើនជាង ៤,២លាននាក់ និងស្លាប់ ១២៤ ០០០នាក់។
យ៉ាងណាក្ដី ប្រទេសកូរ៉េខាងត្បូង ត្រូវប្រឈមនឹងបញ្ហាការភ័យខ្លាចចំពោះវ៉ាក់សាំង ក្រោយកាលពីចុងខែតុលា ឆ្នាំមុន បានរកឃើញអ្នកស្លាប់យ៉ាងតិច ៨៣នាក់ មិនយូរប៉ុន្មាន បន្ទាប់ពីបានចូលទទួលវ៉ាក់សាំងគ្រុនផ្ដាសាយតាមរដូវកាល បើទោះជាខាងស្ថាប័នគ្រប់គ្រង និងបង្ការជំងឺ បានអះអាងថា មិនមានរកឃើញភ័ស្តុតាងណាមួយថា ការស្លាប់ទាំងនោះ ពាក់ព័ន្ធនឹងវ៉ាក់សាំងក៏ដោយ។
សម្រាប់អ្នកបានទទួលវ៉ាក់សាំងគ្រុនផ្ដាសាយតាមរដូវកាលនេះ មានអាការ ខុសពីអាការមិនល្អធ្ងន់ធ្ងរ ដែលពាក់ព័ន្ធនឹងវ៉ាក់សាំងកូវីដ-១៩ ដោយមិនមានរបាយការណ៍ រកឃើញអាការប្រតិកម្មចាញ់យ៉ាងទាន់ហន់ និងធ្ងន់ធ្ងរណាមួយឡើយ។
យ៉ាងណាក៏ដោយ មនុស្សភាគច្រើនដែលស្លាប់ក្រោយបានទទួលវ៉ាក់សាំងគ្រុនផ្ដាសាយតាមរដូវកាល សុទ្ធតែជាមនុស្សចាស់ និងមានជំងឺប្រចាំកាយ ដែលស្រដៀងនឹងករណីកូវីដ-១៩ដែរ ដោយអ្នកស្លាប់ក្នុងក្រុមដំបូងៗ ក្រោយចាក់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មីនេះរួចហើយ សុទ្ធតែពាក់ព័ន្ធនឹងមនុស្សវ័យចាស់ជរា បុគ្គលដែលមានជំងឺប្រចាំកាយ ឬមិនទេ ក៏ទាំង២ នោះតែម្ដង៕
ប្រភព៖ RussiaToday
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព