You are currently viewing ថ្ងៃមុន និង ថ្ងៃនេះ “១០ឆ្នាំ ស៊ូណាមិ កម្ទេច​ប្រទេស​ជប៉ុន” (ទស្សនា​រូបភាព​ឈុត)

ថ្ងៃមុន និង ថ្ងៃនេះ “១០ឆ្នាំ ស៊ូណាមិ កម្ទេច​ប្រទេស​ជប៉ុន” (ទស្សនា​រូបភាព​ឈុត)

ជប៉ុន៖ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ប្រទេស​ជប៉ុន​បាន​ប្រឈម​នឹង​គ្រោះធម្មជាតិ​ដ៏​ធំធេង​បំផុត ដោយសារ​ការរញ្ជួយ​ដី មហា​រលក​ស៊ូណាមិ និង​កាំរស្មី​វិទ្យុសកម្ម បែកធ្លាយ…ខាងក្រោម​នេះ ជា​រូបភាព​ប្រៀបធៀប​ទីកន្លែង​កើតហេតុ​កាលពី ១០ឆ្នាំមុន និង​ថ្ងៃនេះ ដែល​បានបង្ហាញ​ឱ្យឃើញ​ពី​ការស្ដារ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ តែ​សម្រាប់​ផ្លូវចិត្ត​របស់​មនុស្ស​វិញ នៅ​ត្រូវ​ប្រើ​ពេលវេលា​ព្យាបាល និង​ថែទាំ​យូរ​តទៅទៀត។

ខេត្ត មិ​យ៉ា​ងិ អ៊ិ​វ៉ា​តិ  និង​ហ្វ៊ូ​គូ​ឈិ​ម៉ៈ ជា​តំបន់​ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​បំផុត តែ​គ្រោះធម្មជាតិ​ក្នុង​គ្រានោះ បាន​ហុច​ផលប៉ះពាល់​ទូទាំងប្រទេស​ជប៉ុន ពិសេស​តំបន់​ដែលមាន​អ្នកស្លាប់​ច្រើន ដល់​ទៅ ១៣ខេត្ត រួមទាំង​ទីក្រុង​តូ​ក្យូ និង​កោះ​ហុក​កៃ​ដូ​ផង​នោះ មាន​អ្នកស្លាប់​សរុប​ច្រើនជាង ២២ ០០០នាក់ និង​ប្រជាជន​ជាច្រើន​ទៀត នៅតែ​រង​ផលប៉ះពាល់​យ៉ាងយូរ រហូតមកដល់​ប្ចុ​ប្បន្ន។

 

លទ្ធផល​នៃ​ការស្ទង់មតិ របស់​ស្ថានីយទូរទស្សន៍ NHK បាន​រកឃើញថា ប្រជាជន​អ្នករងគ្រោះ មានការ​យល់ឃើញ​ចំពោះ​ការ​ដំណើរ​ការស្ដារ​ប្រទេស​ឡើងវិញ ក្នុងន័យ​វិជ្ជមាន និង​អវិជ្ជមាន ដែល​ប្រហាក់ប្រហែលគ្នា ៥០/៥០ ដោយ​អ្នកឆ្លើយ​នឹង​ទម្រង់​ស្ទង់​មតិ មាន ១២% បញ្ជាក់ថា ការស្ដារ​ប្រទេស​ឡើងវិញ បានធ្វើ​រួចរាល់​ហើយ, ៣៣,៧% បញ្ជាក់ថា មានការ​រីកចម្រើន​ទៅមុខ ខ្លាំង​ជាង​ការរំពឹងទុក។

តែ​ផ្ទុយគ្នា​នោះ ៤៣,៣% បញ្ជាក់ថា មានការ​រីកចម្រើន​ទៅមុខ តិចជាង​ការរំពឹងទុក និង ៧,៤% បញ្ជាក់ថា មិន​សង្កេតឃើញ​មានការ​រីកចម្រើន​អ្វី​ឡើយ។

អ្នករងគ្រោះ ៤៤,៥% ប្រាប់ថា មាន​អារម្មណ៍​ថា ១០ឆ្នាំ​កន្លងទៅ គឺជា​ពេលវេលា​ឈាន​រំលង ភាព​ខ្ទេចខ្ទាំ​ដោយសារ​គ្រោះធម្មជាតិ​ក្នុង​គ្រានោះ តែ ៣០,៥% ឆ្លើយថា មិនបាន​គិត​បែប​នោះទេ។

ជនរងគ្រោះ ៣៣,៨% បាន​ប្រាប់ថា “នេះ​ជា​ឱកាស នៃ​ការ​ងើបឈរ​ឡើង ជាថ្មី​ម្ដងទៀត” តែ ៣១% ឆ្លើយថា មិនទាន់​មើលឃើញ​ឱកាស​ក្នុង​ការស្ដារ​ខ្លួន​ឡើងវិញ​យ៉ាង​ឥស្សរៈ បាន​នៅឡើយ។

 

ខេត្ត មិ​យ៉ា​ងិ មានការ​ស្ដារឡើងវិញ រីកចម្រើន​ទៅមុខ​ច្រើន​បំផុត ជនរងគ្រោះ ៥៨,៩% គិតថា ការស្ដារ​ឡើងវិញ មាន​ភាព​រីកចម្រើន ខ្លាំង​ជាង​ការរំពឹងទុក ចំណែក​ខេត្ត អ៊ិ​វ៉ា​តិ ជនរងគ្រោះ ៤៤,៩% គិតថា ការស្ដារ​ឡើងវិញ កំពុង​រីកចម្រើន​ទៅមុខ។

ខុសប្លែកគ្នា​យ៉ាងខ្លាំង ពី​ខេត្ត ហ្វ៊ូ​គូ​ឈិ​ម៉ៈ ដែល​ប្រជាជន​ត្រឹមតែ ២៨,៦%ប៉ុណ្ណោះ គិតថា ការស្ដារ​ឡើងវិញ បាន​រីកចម្រើន​ទៅមុខ ដែល​នេះ បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី​ផលប៉ះពាល់ ដែល​នៅតែមាន​សេសសល់​នៅក្នុង​ឧប្បត្តិហេតុ​នុយក្លេអ៊ែរ នៅឯ​ឃ្លាំង​អគ្គិសនី​ថាមពលនុយក្លេអ៊ែ​រ ហ្វ៊ូ​គូ​ឈិ​ម៉ៈ ដៃ​អ៊ិ​ជិ ដោយ​ការបញ្ជា​ឱ្យ​ជម្លៀស​ប្រជាជន នៅតែមាន​សុពលភាព នៅក្នុង​តំបន់​ជុំវិញ​រោងចក្រ ហើយ​មកដល់ពេលនេះ រដ្ឋបាល ក៏​នៅតែ​មិនអាច​រិះរក​វិធី​ក្នុងការ​ចាត់ការ រឿង​អនាគត​របស់​សំណាក​រោង​អគ្គិសនី ដែល​បាក់បែក​មួយ​នេះ ថា​យ៉ាងណា​បាន​នៅឡើយ។

ជនរងគ្រោះ​ម្នាក់ បាន​ប្រាប់ថា ពេលវេលា ១០ឆ្នាំ មិនទាន់​ធ្វើឱ្យ​រូបគេ ឈាន​រំលង​ក្ដី​ឈឺចាប់​កាលពី​អតីតកាល​នោះបាន​នៅឡើយ។ រូបគេ​មាន​សេចក្ដីសុខ​ដែល​បាន​មើលឃើញថា ផ្ទះ​កំពុង​ត្រូវ​បានទទួល​ការសាងសង់​ឡើងវិញ​ជាថ្មី ម្ដងបន្តិចៗ តែ​នៅពេល ពេលវេលា​រឹតតែ​យូរទៅៗ រូបគេ​បែរជា​នៅតែមាន​អារម្មណ៍​ថា ធ្វើទៅ ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ក្ដី​សង្ស័យ​របស់គេ បាន​ប្ដូរ​ទៅជា​ក្ដី​អស់សង្ឃឹម…។

ទីក្រុង​បានទទួល​ការកសាង​ឡើងជា​ថ្មី តាម​ផែនការ​ស្ដារ​ស្ថានភាព​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ តែ​ចំនួន​ប្រជាជន បាន​ថយចុះ​យ៉ាងច្រើន រហូត​ស្ទើរតែ​លែងមាន​ភាពរស់រវើក។ មនុស្សម្នា​ចំនួន​ដ៏​ច្រើន មិនទាន់​អាច​វិល​ត្រឡប់មកផ្ទះ​របស់ខ្លួន​ឯង​វិញ​បាន​នៅឡើយ និង​ជាច្រើន​នាក់ បានជ្រើសរើស​យក​ការមិន​វិលត្រឡប់​ទៅវិញ​ឡើយ បើសិនជា​ទីក្រុង មាន​ត្រឹមតែ​អគារ​ផ្ទះសំបែង ដែល​បាន​សាងសង់ឡើង​ថ្មី តែ​គ្មាន​មនុស្ស​រស់នៅ តើ​វា​នឹងមាន​ន័យ​អ្វី​ទៅ?។

កន្លងផុតទៅ ១០ឆ្នាំ ជនរងគ្រោះ​ចំនួន​ដ៏​ច្រើន ក៏​នៅតែ​និយាយ​មិន​ពេញមាត់​ថា មាន​ភាព​ផ្លាស់ប្ដូរ ដែល​មើលឃើញ​ច្បាស់ ចាប់តាំងពី​កើត​គ្រោះធម្មជាតិ​ក្នុង​គ្រា​នោះមក។ ស្លាកស្នាម​នៃ​ភាព​ខូចខាត ត្រូវបាន​បោសសម្អាត ស្ទើរ​អស់​ទៅហើយ តែ​ស្នាមរបួស​នៅក្នុង​ចិត្ត​របស់​ប្រជាជន មិនទាន់​ជា​សះ​នៅឡើយ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

#អរគុណសន្តិភាព

Leave a Reply