You are currently viewing ក្រសួង​អប់រំ យុវជន និង កីឡា ណែនាំ​ដល់​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​ខេត្ត ត្រូវ​យកចិត្តទុកដាក់​លើ​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា

ក្រសួង​អប់រំ យុវជន និង កីឡា ណែនាំ​ដល់​មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​ខេត្ត ត្រូវ​យកចិត្តទុកដាក់​លើ​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា

ភ្នំពេញ៖ នៅ​ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ ក្រសួង​អប់រំ យុវជន និង កីឡា បានចេញ​សេចក្ដីណែនាំ​មួយ ស្ដីពី​ការពង្រឹង​វិធានការ​សុវត្ថិភាព​សុខភាព​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា ដែល​តម្រូវ​ឲ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំងអស់ និង មន្ទីរអប់រំ យុវជន​និង​កីឡា​រាជធានី​ខេត្ត រួមទាំង​ការិយាល័យ​អប់រំ យុវជន​និង​កីឡា​ក្រុង​ស្រុក​ខ័​ណ្ឌ ចូលរួម​អនុវត្ត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ-១៩ ។

សេចក្ដីណែនាំ​ក៏បាន​ជំរុញ​ឲ្យ​បង្កើត និង​ពង្រឹង​ភារកិច្ច​របស់​គណៈកម្មកា​រ​សុខភាព​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា ដែលមាន​នាយក​សាលា ជា​ប្រធាន និង​មានការ​ចូលរួម​ពី​សហគមន៍ , ត្រូវ​តាមដាន​ជាប្រចាំ​នូវ​សកម្មភាព និង​ការ​ចល័ត​ទីកន្លែង​រប​ស់បុ​គ្គ​លិ​ក​អប់រំ​ក្រោម​ឱវាទ , សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ដើម្បី​តាមដាន និង​ជន​ចំណូលស្រុក  រួមទាំង​ការអនុវត្ត វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក ហើយ​ក្នុងករណី​មានការ​សង្ស័យ គ្រឹះស្ថានសិក្សា​ត្រូវ​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន និង​ត្រូវ​រាយការណ៍ ជូន​អាជ្ញាធរ​អប់រំ​តាម​លំដាប់ថ្នាក់ និង ករណី​មានការ​សង្ស័យ ឬ​ស​ភាពមិនប្រក្រតី ដែលជា​រោគសញ្ញា​នៃ​ជំងឺ​កូ​វីដ-១៩ ត្រូវ​រាយការណ៍ ឬ ទូរ​សព្ទ​ទៅ​លេខ ១១៥ ជាបន្ទាន់ ។

កាលពី​ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ បន្ទាប់ពី​បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ទៅលើ​ស្ត្រី​មួយរូប​មាន​លំនៅឋាន​នៅ​ភូមិ​ព្រៃវែង ឃុំ​សំរោង​យា ស្រុក​ពួក រួចមក ការិយាល័យ​អប់រំ យុវជន និង កីឡា​ស្រុក នៃ​រដ្ឋបាល​ស្រុក​ពួក បានសម្រេច​ផ្អាក​ការរៀន នៅ​សាលារៀន​មួយចំនួន​រួមមាន ៖ ឃុំ​ខ្នាត ចំនួន០៦ សាលា , ឃុំ​ពួក ចំនួន០៥ សាលា , ឃុំ​សំរោង​យា ចំនួន០៣ សាលា និង ឃុំ​កែវ​ព៌​ណ ចំនួន ០៥ សាលា  ប៉ុន្តែ​នៅ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ស្រុក​ពួក  ក៏​សម្រេច​បើក​ឲ្យ​ដំណើរការ​សិក្សា​របស់​សាលា​ទាំង១៩ ជាធម្មតា​វិញ ដោយ​អនុវត្តតាម​វិធានការ ៣ការពារ និង ៣កុំ ឱ្យបាន​ខ្ជាប់​ខ្លួន បន្ទាប់ពី​ការស្រាវជ្រាវ និង​ពិនិត្យ​សំណាក​លើក​ទី១ ចំពោះ​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល ជាមួយ​ស្ត្រី ដែល​ផ្ទុក​ជំងឺ​កូ​វីដ-១៩ លទ្ធផល គឺ​អវិជ្ជមាន កូ​វីដ -១៩ ទាំងអស់ ។

ដោយឡែក​កាលពី​ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ម្សិលមិញ​នេះ លោក ទួន មិថុនា ប្រធានការិយាល័យ​អធិការកិច្ច នៃ​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្តសៀមរាប បាន​បញ្ជាក់ថា សម្រាប់​ខេត្តសៀមរាប មន្ទីរ​មិនមាន​គោលការណ៍​ក្នុងការ​ផ្អាក ឬ​បិទ​សាលា​នៅឡើយ​នោះទេ ទោះបី​រដ្ឋបាលខេត្ត បានចេញ​ប្រកាស​ពី​ការបិទ​ពី​ធី​បុណ្យ ឬ​រៀប​អាពាហ៍ពិពាហ៍​ក៏ដោយ  ប៉ុន្តែ​បើ​មាន​ករណី​ផ្ទុះ​ជំងឺ​កូ​វីដ-១៩ខ្លាំង​ក្នុង​ខេត្ត ដែល​ត្រូវ​បិទ​សាលា យើង​នឹងមាន​សេចក្តីជូនដំណឹង​ឱ្យបាន​ដឹង​ទាំងអស់គ្នា ៕

#អរគុណសន្តិភាព

Leave a Reply