You are currently viewing ហ្វ៊ី​លី​ពី​ន អនុម័ត​វ៉ាក់សាំង Sputnik-V ប្រើ​ក្នុង​ស្ថានការណ៍​អាសន្ន ក្រោយ​ចំនួន​អ្នក​ឆ្លង​ថ្មី ៤ថ្ងៃ ហក់​ឡើង​ជិត ២ម៉ឺន​នាក់

ហ្វ៊ី​លី​ពី​ន អនុម័ត​វ៉ាក់សាំង Sputnik-V ប្រើ​ក្នុង​ស្ថានការណ៍​អាសន្ន ក្រោយ​ចំនួន​អ្នក​ឆ្លង​ថ្មី ៤ថ្ងៃ ហក់​ឡើង​ជិត ២ម៉ឺន​នាក់

ហ្វ៊ី​លី​ពី​ន៖ ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ថ្នាំ នៃ​ប្រទេស​ហ្វ៊ី​លី​ពី​ន បានអនុម័ត​វ៉ាក់សាំង “Sputnik-V” ការពារ​កូ​វីដ-១៩ របស់​ប្រទេស​រុស្ស៊ី ប្រើការ​ជា​ករណី​អាសន្ន​នៅថ្ងៃនេះ (ទី១៩មីនា) ខណៈ​ស្ថានការណ៍​ឆ្លង​រាលដាល​នៅក្នុង​ប្រទេស មាន​សញ្ញា​ថា នឹងមាន​ភាព​ធ្ងន់ធ្ងរ​កើនឡើង​ទ្វេដង​ជាថ្មីទៀត។

Sputnik-V ដែលជា​ការស្រាវជ្រាវ និង​អភិវឌ្ឍ​ដោយ​សា្ថ​ប័ន Gamaleya Institute របស់​ប្រទេស​រុស្ស៊ី អា​រាប់បាន​ថា​ជា​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ ទី៤ ដែល​បាន​ឆ្លងកាត់​ការអនុម័ត​ប្រើ នៅក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន។

លោក រ៉ូ​ឡាន់​ដូ អេ​ន​រី​កេ ដូ​មីន​កូ អគ្គនាយក​ស្ថាប័ន​គ្រប់គ្រង​អាហារ និង​ថ្នាំ (FDA) បានបញ្ជាក់​នៅក្នុង​ពិធី​ថ្លែង​ព័ត៌មាន​ថា “ប្រសិទ្ធភាព​ដែល​បាន​អះអាង​រួចហើយ របស់​វ៉ាក់សាំង Sputnik-V មាន​ច្រើនជាង​ភាព​ប្រឈម”

លទ្ធផល​នៃ​ការសាកល្បង​បឋម បាន​រកឃើញថា ការចាក់​វ៉ា​ក់សាង Sputnik-V គ្រប់ ២ដូ​ស អាចជួយ​ការពារ​ការឆ្លង​មេរោគ​កូ​វីដ-១៩ បាន​ដល់​ទៅ ៩១% ក្នុង​ក្រុមមនុស្ស​អាយុ​ចាប់ពី ១៨ឆ្នាំ​ឡើងទៅ។

កាលពី​ខែកុម្ភៈ ក្រុមគ្រូពេទ្យ​នៅក្នុង​ប្រទេស​វៀតណាម ក៏​បានចេញ​សេចក្ដីណែនាំ ឱ្យមាន​ការអនុម័ត​ប្រើ​វ៉ាក់សាំង Sputnik-V នេះ​ដូចគ្នា​ដែរ។

លោក​ដូ​មីន​កូ បានឱ្យដឹងថា អ្នក​ផលិត​វ៉ាក់សាំង​អាមេរិកាំង ដូចជា​ម៉ូ​ឌើ​ណា និង​ច​ន​សុន អ៊ែន ច​ន​សុន ក៏មាន​ការសាកសួរ​ម​ក ដើម្បី​ត្រៀម​សុំ​ការអនុម័ត​ប្រើ​ក្នុង​ស្ថានការណ៍​អាសន្ន នៅក្នុង​ប្រទេស​ហ្វ៊ី​លី​ពី​ន​ផងដែរ តែ​នៅ​មិនទាន់បាន ដាក់ពាក្យ​សំណូមពរ​ជា​ផ្លូវការ​មក​នៅឡើយ។

ប្រទេស​ហ្វ៊ី​លី​ពី​ន ដែលមាន​អ្នក​ឆ្លង​មេរោគ និង​ស្លាប់​ដោយសារ​កូ​វីដ-១៩ ច្រើន​លំដាប់​លេខ២ ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ បន្ទាប់ពី​ប្រទេស​ឥណ្ឌូនេស៊ី បានចេញ​សញ្ញា​ថា នឹង​ប្រឈម​នឹង​ការឆ្លង​រាលដាល​រលក​ថ្មី​ម្ដងទៀត ដោយ​ក្នុងអំឡុងពេល ៤ថ្ងៃ​កន្លងមក មាន​របាយការណ៍​អ្នក​ឆ្លង​មេរោគ កើនឡើង​ដល់​ជិត ២០ ០០០នាក់។

រដ្ឋបាល​ហ្វ៊ី​លី​ពី​ន មាន​ផែន​ការចាក់​វ៉ាក់សាំង​ចំនួន ១៤០,៥លាន​ដូ​ស គ្របដណ្ដប់​លើ​ប្រជាជន​វ័យ​ចំណាស់ ៧០លាន​នាក់ ក្នុងអំឡុង​ខែធ្នូ ដើម្បី​សាង​ប្រព័ន្ធ​ប្រឆាំង​ជំងឺ​ជា​ក្រុម និង​បើកឱកាស​ក្នុង​ការស្ដារ​សេដ្ឋកិច្ច ដែល​បាន​បង្រួញ​ខ្លួន​ជា​ប្រវត្តិសាស្ត្រ ដល់​ទៅ ៩,៥% កាលពី​ឆ្នាំ២០២។

រដ្ឋការ​ក្រុង​ម៉ានីល បានចាប់ផ្ដើម​គ្រោងការ​ចាក់​វ៉ាក់សាំង កាលពី​ថ្ងៃទី១ មីនា ដោយ​បានទទួល​វ៉ាក់សាំង​ពី​ស៊ី​ណូ​វ៉ា​ក់ និង​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា រួចហើយ​ទាំងអស់​ប្រមាណ​ជា ១,១២៥លាន​ដូ​ស៕

ប្រភព៖ ទីភ្នាក់ងារ​ព័ត៌មាន Reuter

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply