You are currently viewing លទ្ធផល​ការស្រាវជ្រាវ​ថ្មី​មួយ រកឃើញថា កូ​វីដ-១៩ ប៊ិះ​នឹងមិន​បានកើត តែ ចៃដន្យ​មក​ផុស​ឡើង នៅក្នុង​ផ្សារ​លក់​សាច់​ស្រស់​វូ​ហាន ចំ​ទីកន្លែង និង​ចំពេល យ៉ាង​ល្អឥតខ្ចោះ

លទ្ធផល​ការស្រាវជ្រាវ​ថ្មី​មួយ រកឃើញថា កូ​វីដ-១៩ ប៊ិះ​នឹងមិន​បានកើត តែ ចៃដន្យ​មក​ផុស​ឡើង នៅក្នុង​ផ្សារ​លក់​សាច់​ស្រស់​វូ​ហាន ចំ​ទីកន្លែង និង​ចំពេល យ៉ាង​ល្អឥតខ្ចោះ

កូ​វីដ-១៩៖ ទីភ្នាក់ងារ​ព័ត៌មាន​CNN បាន​រាយការណ៍​អំពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មេរោគ SARS-CoV-២ របស់​ជំងឺឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី២០១៩ ឬ​កូ​វីដ-១៩ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​របស់​សហ​រដ្ឋ​អាមេរិក បាន​បោះពុម្ពផ្សាយ​នៅក្នុង​ព្រឹត្តិបត្រ Science អំពី​ប្រភព​នៃ​ការឆ្លង​រាលដាល ដោយបាន​រកឃើញថា មហា​មេរោគ​កំពូល​កូរ​ពិភពលោក​មួយ​នេះ ប៊ិះ​តែ​មិនបាន​កើតឡើង​ទៅហើយ តែ​សំណាងអាក្រក់​បំផុត ដែល​វា​មក​បង្ហាញខ្លួន​នៅក្នុង​ផ្សារ​លក់​សាច់​ស្រស់ “ហួ​ណាន” ទីក្រុង​វូ​ហាន នៃ​ប្រទេស​ចិន។

ការងារ​ស្រាវជ្រាវ​មួយ​នេះ បាន​ព្យាយាម​ស្វែងរក​ចម្លើយ​ថា តើ​មេរោគ​មួយ​នេះ ចាប់ផ្ដើម​មក​បង្ហាញខ្លួន​តាំងពី​ពេលណា? និង​បាន​រកឃើញថា មេរោគ​វីរុស​កូ​រ៉ូ​ណាមួយ​នេះ មិនទាន់បាន​ចម្លង​មក​មនុស្ស​ដំបូង​គេ​ឡើយ រហូត​ទាល់តែ​មកដល់​ខែតុលា ឆ្នាំ២០១៩ ដោយ​លក្ខណៈ​មេរោគ​នៅពេលនោះ ស្ទើរតែ​គ្មាន​ឱកាស​នឹង​ក្លាយជា​មេរោគ​វីរុស ដែល​ចម្លង​រាលដាល​យ៉ាង​ធំធេង​បែបនេះ​បានឡើយ។

តែ​យ៉ាងណាក្ដី ភាព​សំណាងអាក្រក់ ឬ​ភាព​ស៊យ​ចង្រៃ​បំផុត​នោះ​គឺ ស្ថានភាព​បរិស្ថាន របស់​ផ្សា​រលក់​អាហារ​សមុទ្រ​ស្រស់​របស់​ហួ​ណាន គឺជា​កត្តា​អំណោយផល ឱ្យ​មេរោគ​ចាប់ផ្ដើម​ការចម្លង​រាលដាល និង​នាំ​ឆ្ពោះទៅកាន់​ចំណុច​ផ្ទុះ​រាលដាល​ទូទាំង​ពិភពលោក។

កូ​វីដ ប៊ិះ​តែ​មិនបាន​កើតឡើង

លោក​ម៉ៃ​ឃើ​ល វ៉ូ​រ៉ូ​ប៊ី សាស្ត្រាចារ្យ​មុខវិជ្ជា​ជីវវិទ្យា​អភិវឌ្ឍន៍ នៃ​មហាវិទ្យាល័យ​អា​រី​ហ្សូ​ណា អ្នកចូលរួម​ការងារ​ស្រាវជ្រាវ​មួយ​នេះ បាន​ថ្លែងថា “វា​គឺជា​សភាវ​នៃ​គ្រោះ​ចង្រៃ​វាយប្រហារ…ពេលនេះ​យើង​បានដឹងហើយថា វា​បាន​អាស្រ័យ​មួយ​អំឡុងពេល ឬ​ពីរ​អំឡុងពេល សម្រាប់​ការបង្ក​ខ្លួន​ឡើង”

លោក វ៉ូ​រ៉ូ​ប៊ី បន្ថែមថា “បើសិន​អង្គ​ប្រកប​ទាំងឡាយ ប្រែប្រួល​តែ​បន្តិច ឬ​បើសិន​បុគ្គល​ទីមួយ មិន​នាំយក​មេរោគ​មក​ផ្សារ​ហួ​ណាន​នៅថ្ងៃនោះ​ទេ ឬ​ឈឺ​សន្ធំ រហូតមក​ផ្សារ​នោះ​មិន​រួច និង​ត្រឹមតែ​ដេក​នៅផ្ទះ​ទៅ​ចុះ ការបង្កើត​កត្តា​ចម្លង​មេរោគ​ដ៏​ធំ ឬ Super spreader ក៏​អាច​នឹងមិន​កើតឡើង ហើ​យើង​ក៏​អាច​នឹង​គ្មាន​ឱកាស​បាន​ស្គាល់​មហា​មេរោគ​ចង្រៃ​មួយ​នេះ ក៏​អាច​ថា​បានដែរ”

លទ្ធផល​នៃ​ការវិភាគ​នេះ បានមកពី​ការសិក្សា​ស្រាវជ្រាវ​អំពី​ថ្ងៃខែ និង​ពេលវេលា​របស់​ម៉ូលេគុល និង​យក​អត្រា​ការ​ក្លាយ​ពូជ​របស់​មេរោគ មក​គណនា​ថា តើ​វីរុស​នេះ​កើតឡើង​ក្នុងអំឡុង​ពេលណា? ក្រៅពីនេះ ក្រុមអ្នកវិភាគ នៅបាន​ប្រើ​ម៉ូ​ដែល​នៅលើ​កុំព្យូទ័រ បង្ហាញឱ្យឃើញថា តើ​ចង្វាក់​ពេលណា ដែល​មេរោគ​នេះ​អាច​ចម្លង​សាយភាយ​បាន? និង​ចម្លង​រាលដាល​បាន​យ៉ាងដូចម្ដេច​ទៀតផង។

លោក​សាស្ត្រាចារ្យ ចូល វើធ​ហៃ​ម៍ ផ្នែក​វេជ្ជសាស្ត្រ​ស្រាវជ្រាវ​មេរោគ​ឆ្លង និង​កិច្ចការ​សុខភាព​សាធារណៈ នៃ​គណៈ​វេជ្ជសាស្ត្រ មហាវិទ្យាល័យ​កាលីហ្វ័រ​នៀ បាន​ថ្លែងថា “ការសិក្សា​ស្រាវជ្រាវ​របស់​ពួកយើង ច្នៃប្រឌិត​ឡើង​ដើម្បី​ស្វែងរក​ចម្លើយ​ថា តើ​មេរោគ SARS-CoV-២ នេះ ចាប់ផ្ដើម​ចម្លង​វិលជុំ​នៅក្នុង​ប្រទេស​ចិន​យ៉ាងណា មុននឹង​មានការ​រក​ឃើញ​វា?”

លោក​សាស្ត្រាចារ្យ វើធ​ហៃ​ម៍ បាន​អធិប្បាយ​បន្តថា ដើម្បី​ឆ្លើយ​នឹង​សំណួរ​នេះ​ឱ្យបាន ក្រុម​ស្រាវជ្រាវ បាន​រួបរួម​ឈុត​ទិន្នន័យ​សំខាន់ ៣ផ្នែក យកមក​សិក្សា មានដូចជា សេចក្ដីលម្អិត​ដែល​ធ្វើឱ្យ​យើង​ដឹងថា SARS-CoV-២ ចម្លង​នៅក្នុង​វូ​ហាន មុន​ការបិទ​ទីក្រុង ត​មក​គឺ ទិន្នន័យ​ភាពសម្បូរ​បែប​ខាង​ពូជ​អម្បូរ ឬ​ប្រភេទ​របស់​វីរុស​នៅក្នុង​ប្រទេស​ចិន និង​ក្រោយ​គេ គឺ​របាយការណ៍​សិក្សា​ស្រាវជ្រាវ ករណី​អ្នកជំងឺ​កូ​វីដ-១៩ ក្រុមដំបូងៗគេ​នៅក្នុង​ប្រទេស​ចិន។

នៅពេល​នាំយក​ឈុត​ទិន្នន័យ​ទាំង៣ មក​រួមគ្នា​ហើយ ទើប​យើង​កម្រិត​រង្វង់​ភាព​អាចទៅរួច ឱ្យ​តូច​ទៅទៀត​ថា ពាក់កណ្ដាល​ខែតុលា ឆ្នាំ២០១៩ ជា​អំឡុង​ពេលដែល​មេរោគ​ចាប់ផ្ដើម​ឆ្លង​រាលដាល​នៅក្នុង​ខេត្ត​ហ៊ូ​ពេ​យ ទីតាំង​របស់​ទីក្រុង​វូ​ហាន។

ភ័ស្តុតាង​ដែល​កាន់តែច្បាស់​លាស់​ឡើង​នៅពេល​តម​ក បាន​បង្ហាញថា វីរុស​មិនអាច​ចម្លង​សាយភាយ​កាលពី​ពេលមុន​ហ្នឹង​បានឡើយ ទោះ​ជាមាន​របាយការណ៍​ខ្លះ បង្ហាញថា វីរុស​នេះ បង្ហាញខ្លួន​ឡើង​នៅក្នុង​ប្រទេស​អ៊ីតាលី ឬ​ប្រទេស​អឺរ៉ុប​មុនគេ រួចហើយ​ចម្លង​រវាង​មនុស្ស​ទៅ​មនុស្ស នៅ​អឺរ៉ុប​មុន​ខែតុលា​ក៏ដោយ តែ​លទ្ធផល​ការសិក្សា​ស្រាវជ្រាវ​ថ្មី​បំផុត​នេះ បាន​រកឃើញ​ក្រុមមនុស្ស​ដែល​ឆ្លង​មេរោគ​គឺ ក្នុងអំឡុង​ខែតុលា ដល់​ខែធ្នូ ឆ្នាំ២០១៩ ។

ចំណែក​អ្នក​ដែល​នឹង​ក្លាយជា​អ្នកចម្លង​មេរោគ គឺ​អ្នក​ដែលមាន​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ចំនួន​ដ៏​ច្រើន ដូចជា​ក្នុង​ផ្សារ​លក់​អាហារ​សមុទ្រ​ស្រស់ ដែលមាន​មនុស្ស​ច្រើន​កុះករ តែបើ​មេរោគ​វីរុស​នេះ វា​សំណាង​មិនល្អ​គ្រប់គ្រាន់ ក្នុងការ​ឆក់យក​ស្ថានការណ៍​នោះទេ ត​ឱ្យ​វា​កែសម្រួល​ខ្លួន​វា​បានល្អ​ប៉ុនណា ក៏​វា​មិន​អាចមាន​ផ្លូវ​កើតឡើង​បានដែរ។

តែ​កូ​វីដ-១៩ កើតឡើង​ត្រូវ​ពេល និង​ចំ​កន្លែង

សាស្ត្រាចារ្យ វ៉ូ​រ៉ូ​ប៊ី ថ្លែងថា SARS-CoV-២ ចាប់ផ្ដើម​កម្រើកខ្លួន​ក្នុង​អត្រា​តែ ៣០ភាគរយ​ប៉ុណ្ណោះ ឯ​ចំណែក​ដែល​នៅសល់ ប្រហែលជា​រលាយបាត់​បង់​អស់ ក្រោយពី​ចម្លង​ទៅ​មនុស្ស​ត្រឹមតែ ២-៣នាក់ វីរុស​នេះ​បានចាប់ផ្ដើម​មាន​ចលនាសន្សឹមៗ នៅក្នុង​ក្រុមមនុស្ស​ចំនួន​តិចតួច​បំផុត កាលពី​ខែតុលា វិច្ឆិកា និង​ធ្នូ រហូត​ពេល​វា​មកដល់​ផ្សារ​ហួ​ណាន។

ផ្សារ​ហួ​ណាន មិនមែនជា​កន្លែង​ដែលមាន​បុគ្គល​ដំបូង​គេ​ឆ្លង​មេរោគ​ទេ តែ​ជាទី​កន្លែង​ដែល​ធ្វើឱ្យ​មេរោគ​ពង្រីក​ខ្លួន(កន្លែង​ចម្លង​គ្នា) និង​ថែមទាំង​ប្រើពេល​វេលា​ចម្លង​យ៉ាង​ឆាប់រហ័ស​ទៀតផង។

លោក​សាស្ត្រាចារ្យ វើធ​ហៃ​ម៍ ថ្លែងថា “វា​ជា​អំឡុង​ខែធ្នូ ដែល​មេរោគ​ពង្រីក​វង់​ធំ​ឡើង​នៅក្នុង​ក្រុមមនុស្ស និង​ជា​ឱកាស​ក្នុង​ការរកឃើញ​វីរុស​ប្រភេទ​ថ្មី​ទៀតផង តែ​ទម្រាំ​នឹង​យើងរ​កវា​ឃើញ ក៏​ហួស​រហូតមកដល់​ខែមករា ឆ្នាំ២០២០ ដែល​អាច​និយាយបានថា វា​ហួសពេល​ទៅហើយ”

លោក​បាន​អធិប្បាយ​បន្តថា តែ​កូ​វីដ-១៩ មិន​សម្លាប់​ជីវិត​មនុស្ស​បាន​ច្រើន​ទេ ពេល​ប្រៀបធៀប​នឹង​មេរោគ SARS លើកដំបូង ដែល​បានសម្លាប់​ជីវិត​ជនរងគ្រោះ​អស់ ១០ភាគរយ(១០០នាក់ ស្លាប់​អស់ ១០នាក់) ក្នុង​ចន្លោះ​ឆ្នាំ២០០២-២០០៤ ។

ដូច្នេះ ទោះជា​យើង​ប្រុងប្រយ័ត្ន​រឿង​ជំងឺ​រាតត្បាត ឬ​ជំងឺឆ្លង​យ៉ាងណាក៏ដោយ តែ​ប្រព័ន្ធ​វេជ្ជសាស្ត្រ​ទូទៅ ច្រើនតែ​វាស់​លទ្ធផល​នៅលើ​ស្ថានភាព​អាការ​ជំងឺ និង​អត្រា​ការចូល​មន្ទីរពេទ្យ រួមទាំង​ចំនួន​អ្នកស្លាប់​ទៀតផង។ នៅពេល​កូ​វីដ-១៩ បង្ហាញខ្លួន​ឡើង បែប​រក​ភាពប្រាកដប្រជា​មិនឃើញ​នោះ ទើប​ច្បាស់លាស់​ណាស់​ថា ប្រព័ន្ធ​សុខាភិបាល​ដែលមាន​សព្វថ្ងៃនេះ មិនអាច​បញ្ឈប់​កូ​វីដ-១៩ បានទេ៕

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ តា​វ៉ែនតា

#អរគុណសន្តិភាព

Leave a Reply