សហរដ្ឋអាមេរិក៖ កើតហេតុការណ៍បាញ់រះនៅក្នុងស៊ូភើរ ម៉ាខេត មួយកន្លែងនៅក្នុងទីក្រុង Boulder ក្នុងរដ្ឋខូឡូរ៉ាដូ សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ ទី២២មីនា បណ្ដាលឱ្យមានមនុស្សស្លាប់ ១០នាក់ ក្នុងនោះមានភ្នាក់ងារប៉ូលិសប្រចាំទីក្រុងម្នាក់ ដែលព្យាយាមចូលទៅបង្ក្រាបហេតុការណ៍នោះ ខណៈជនសង្ស័យ ដែលរងរបួសដែរនោះ ត្រូវបានចាប់ខ្លួន។
ហេតុការណ៍ភ័យរន្ធត់នេះ បានកើតឡើងនៅក្នុងហាង King Soopers ក្នុងតំបន់ថេប៊ើលមេសា ដែលស្ថិតនៅឆ្ងាយពីទីក្រុងឌែនវើរ ទៅភាគខាងលិចឆៀងខាងជើង ប្រមាណជា ៤៥គីឡូម៉ែត្រ ដោយប៉ូលិស នៅមិនទាន់បានបង្ហើបឱ្យដឹងពីព័ត៌មានលម្អិតរបស់ហេតុការណ៍នេះ និងមិនទាន់ដឹងច្បាស់ពីអ្វី ដែលបណ្ដាលឱ្យជនល្មើសធ្វើបែបនេះនៅឡើយ។

សោកនាដកម្មថ្មីចុងក្រោយមួយនេះ អាចរាប់បានថា ជាហេតុការណ៍បាញ់ប្រហារលើកទី ២ហើយ ដែលកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ក្នុងជុំ ១សប្ដាហ៍ ក្រោយកាលពីថ្ងៃទី១៦ មីនា មានបុរសស្បែកសម្នាក់ បានសម្រុកចូលទៅបាញ់រះនៅក្នុងហាងស្ប៉ា និងម៉ាស្សា នៅក្នុងទីក្រុងអ៊ែតលែនតា និងទីតាំងក្បែរៗនោះ រហូតមានអ្នកស្លាប់ ៨នាក់ ដែលក្នុងនោះ មានជនរងគ្រោះ ៦នាក់ជាស្រី ជនជាតិអាស៊ី។

លោក មែរីស ហេរ៉ូលដ៍ មេបញ្ជាការប៉ូលិស ទីក្រុងបូលឌើរ បានអះអាងថា មានអ្នកស្លាប់ទាំងអស់ ១០នាក់ ក្នុងហេតុការណ៍វាយប្រហារ ក្នុងហាង King Soopers នេះ រួមទាំងលោក អ៊ីរិក ធែលលីយ៍ នាយប៉ូលិស វ័យ ៥១ឆ្នាំម្នាក់ ជាមនុស្សដំបូងគេ ដែលធ្វើដំណើរទៅដល់ទីកើតហេតុ ដែលស្ថិតនៅឆ្ងាយពីមហាវិទ្យាល័យខូឡូរ៉ាដូ ត្រឹមតែប្រមាណជា ២ម៉ាយល៍ប៉ុណ្ណោះ។
ប៉ូលិសបានចាប់ខ្លួនជនសង្ស័យ ជាមនុស្សប្រុសម្នាក់ ដែលរួចជីវិតពីហេតុការណ៍នេះ តែស្ថិតក្នុងសភាពរងរបួស។
ឃ្លិបវីដេអូ ដែលបានផ្សព្វផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ បានបង្ហាញឱ្យឃើញ បុរសម្នាក់ ដែលមានពុកមាត់ស្រមូម ស្លៀកខោខ្លីស្នាប់ភ្លៅ និងមិនមានពាក់អាវ ត្រូវបានអាជ្ញាធរប៉ូលិសដាក់ខ្នោះដៃ និងនាំខ្លួនទៅឡើងរថយន្តសង្គ្រោះ ដោយជនសង្ស័យរូបនេះ ត្រូវបានបណ្ដើរខ្លួនទៅក្នុងសភាព ដើរប៉ាំងពៀចជើងម្ខាង និងមានឈាមប្រឡាក់ស្រោចខ្លួន។
បុរសម្នាក់ បានផ្ដល់សម្ភាសជាមួយស្ថានីយទូរទស្សន៍ KCNC-TV ថា លោក និងភរិយា កំពុងតែដើរទិញអីវ៉ាន់នៅក្នុងហាង King Soopers ភ្លាមៗនោះក៏បានឮស្នូរកាំភ្លើងលាន់ឡើង ៣ដង ក៏ប្រញាប់រត់គេចទៅរកមាត់ទ្វារ ព្រមជាមួយអតិថិជនដទៃទៀត។

លោកនិយាយថា ស្នូរកាំភ្លើង មើលទៅដូចជាលាន់ចេញមកពីចំណុច ឆេកអៅ បរិវេណខាងមុខហាង។
ឃ្លីបវីដេអូ ដែលអ្នកបានឃើញហេតុការណ៍ម្នាក់ថតបាន និងបាននាំយកមកផូស្តនៅក្នុងបណ្ដាញសង្គម បានបង្ហាញឱ្យឃើញសាកសពអ្នកស្លាប់ ២នាក់ នៅត្រង់ទីលានចតរថយន្ត មុននឹងអ្នកកាន់កាមេរ៉ាថត ប្រុងដើរចូលទៅខាងក្នុងហាង និងឃើញមានសាកសព ១ទៀត បានដេកស្លាប់ ហើយក្នុងអំឡុងពេលនោះ ក៏បានឮស្នូរកាំភ្លើងលាន់ឡើង ៣គ្រាប់ទៀត។
ប៉ូលិស បានបដិសេធក្នុងការផ្ដល់ទិន្នន័យថា តើជនល្មើសប្រើអាវុធប្រភេទណាក្នុងការបង្កហេតុការណ៍នេះ តែសារព័ត៌មាន ដឹ ឌែនវើរ៍ ផូស្តិ៍ បានរាយការណ៍ថា អ្នកដែលទូរស័ព្ទទៅប្ដឹង 911 បានរៀបរាប់ប្រាប់ពីភិនភាគកាំភ្លើងថា ជា “កាំភ្លើងរ៉ៃហ្វ៊ើលល្បាត” ឬ Patrol rifle។
លោកស្រី ជេន សាគី លេខាធិការផ្នែកព័ត៌មានសាធារណជន របស់មន្ទីរសេតវិមាន បានសរសេរនៅក្នុងធ្វីតធើរថា លោកប្រធានាធីបតី ចូ បៃដិន បានទទួលរបាយការណ៍ពាក់ព័ន្ធនឹងហេតុការណ៍បាញ់ប្រហារលើកនេះរួចហើយ។
កាលពីខែកុម្ភៈ លោកបៃដិន ទើបតែបានទាមទារឱ្យសភាកុងហ្គ្រេស ពិចារណាកែសម្រួលច្បាប់គ្រប់គ្រងអាវុធ “ដោយប្រើសតិសម្បជញ្ញៈ” ឡើងវិញ៕

ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែសម្រួលដោយ ស៊ីតា
#អរគុណសន្តិភាព