ភ្នំពេញ៖ ផ្អែកតាមគំនិតផ្តួចផ្តើម និងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ បានប្រគល់ភារកិច្ចជូនក្រសួងសុខាភិបាលនិងអង្គភាពស៊ីម៉ាក់ ឱ្យរៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)ដោយមានក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងក្រុមអ្នកជំនាញសុនខ សិក្សារួមគ្នា។
ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅក្នុងពិធីចុះមកពិនិត្យការងារសុនខនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនសុម៉ាក់ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី ២៤ ខែមីនា ដើម្បីរៀបចំត្រៀមលក្ខណៈធ្វើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេទេសសុនខហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា(កូវីដ១៩)ថ្លែងថា ផ្អែក គំនិតផ្តួចផ្តើម មនេះ បង្ហាញពីការគិតគូររបស់សម្តេចតេជោ ក្នុងការស្វែងរកគ្រប់វិធីសាស្ត្រដែលអាចធ្វើទៅបាន ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩! ។
ឯកឧត្តម ហេង រតនា ថ្លែង«ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ ក្រុមអ្នកបច្ចេកទេសសុនខនៃអង្គភាពស៊ីម៉ាក់ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន។ អង្គភាពស៊ីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់បំរើការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វើការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល»។
ឯកឧត្តម ហេង រតនា បានពិភាក្សាការងារនេះជាមួយឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយឯ.ឧរដ្ឋមន្ត្រីប្រគល់ភារកិច្ចឱ្យសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាអនុវត្តផ្ទាល់ជាមួយអង្គភាពសុីម៉ាក់។
សូមបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្ស៊ីជាដើមបាននិងកំពុប្រើប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា ផងដែរ៕

#អរគុណសន្តិភាព