ចិន៖ លោកឧត្ដមនាវីឯក ចន អាឃ្វីលីណូ មេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បានថ្លែងចំពោះមុខសភានីតិបញ្ញត្តិសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ មីនាថា អនាគតរបស់ពិភពលោក ស្ថិតលើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថា តើនឹងតតាំងប្រទេសចិនដែលមានកម្លាំងយោធា និងកាន់តែគឃ្លើនខ្លាំងឡើងនោះដោយរបៀបណា?
លោកឧត្ដមនាវីឯក ចន អាឃ្វីលីណូ បានថ្លែងប្រាប់សមាជិករបស់គណៈកម្មការកងទ័ព ប្រចាំព្រឹទ្ធសភាថា “សន្តិភាព និងភាពសម្បូរសប្បាយរបស់ពិភពលោក អាស្រ័យលើការមានវត្តមានរបស់យើងនៅក្នុងឥណ្ឌូ-បាស៊ីហ្វិក”លោក អាឃ្វីលីណូ ដែលបច្ចុប្បន្នជាមេបញ្ជាការកងទ័ពជើងទឹកប្រចាំតំបន់ប៉ាស៊ីហ្វិក បានថ្លែងទៀតថា “កងទ័ពជើងទឹកសហរដ្ឋអាមេរិក ជាកងទ័ពដ៏មានអានុភាព និងអស្ចារ្យបំផុតក្នុងពិភពលោក”តែ លោកបានដាស់តឿនថា ចំណុចមានប្រៀបរបស់សហរដ្ឋអាមេរិក កំពុងតែជិតអស់ហើយ។
លោក បានបន្តទៀតថា “ចិនកំពុងបង្កើនកម្រិតសមត្ថភាព និងបិទចន្លោះប្រហោងទាំងនោះ…យើងបានឃើញទង្វើដ៏គឃ្លើន ច្រើនជាងអ្វីដែលយើងប៉ាន់ប្រមាណទុក មិនថាតែរឿងព្រំដែនជាមួយប្រទេសឥណ្ឌា ឬនៅក្នុងទីក្រុងហុងកុង ឬជនជាតិអ៊ុយហ្គ័រ ដែលនៅតែជាប្រធានបទជជែកតវ៉ាគ្នានៅឡើយ”

លោកឧត្ដមនាវីឯក អាឃ្វីលីណូ ដែលបានទទួលការជ្រើសតាំងពីលោកប្រធានាធិបតី ចូបៃដិន ឱ្យទទួលការងារ បន្តពីមេបញ្ជាការកងកម្លាំងឥណ្ឌូ-ប៉ាស៊ីហ្វិកបច្ចុប្បន្ន គឺលោកឧត្ដមនាវីឯក ហ្វីលិប ដេវីដសុន ដែលកំពុងជិតចូលនិវត្តន៍នោះ គឺជាមន្ត្រីយោធាជាន់ខ្ពស់ថ្មីក្រោយគេបំផុត ដែលចេញមកបង្ហាញសញ្ញាប្រកាសអាសន្ន ពាក់ព័ន្ធនឹងកងទ័ពចិន។
កាលពីសប្ដាហ៍កន្លងទៅ មេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់អាមេរិកកណ្ដាល និងអាមេរិកខាងត្បូង បានថ្លែងប្រាប់ទៅផ្នែកនីតិបញ្ញត្តិថា កងទ័ពរបស់ប្រទេសចិន មានតួនាទីយ៉ាងខ្លាំង នៅក្នុងភូមិភាគរបស់លោក។
និងកាលពីដើមខែកន្លងទៅ លោកដេវីដសុន ថ្លែងថា មេដឹកនាំចិន បាន “បង្កើនភាពមហិច្ឆតា ដើម្បីចូលមកជំនួសសហរដ្ឋអាមេរិក” ក្នុងឋានៈជាអ្នកដឹកនាំលើវេទិកាពិភពលោក។
តែមន្ត្រីជាន់ខ្ពស់ម្នាក់ នៃអង្គភាពស៊ើបការណ៍សម្ងាត់ របស់លោកដេវីដសុន បាននិយាយទៅឆ្ងាយជាងនេះទៅទៀត។
គឺលោកឧត្ដមនាវីត្រី ម៉ៃឃើល ស្តាត់មែន បានថ្លែងនៅក្នុងអង្គប្រជុំអនឡាញ កាលពីថ្ងៃទី២ ខែមីនាថា “អ្នកកំពុងតែជិតបានជួបនឹងកងទ័ពចិន ដែលធ្វើដំណើរទៅទូទាំងពិភពលោក ដែលនឹងទៅទីនោះ ដើម្បីឈានចូលទៅគ្រប់ទីកន្លែង ដែលពួកគេគិតថា ផលប្រយោជន៍របស់ប្រទេសចិន កំពុងស្ថិតក្នុងគ្រោះថ្នាក់”
ក្ដីកង្វល់ដ៏ធំបំផុត ១ប្រការគឺ ការរុករានរបស់ចិនទៅលើតៃវ៉ាន់ ដោយលោកមន្ត្រីយោធាជាន់ខ្ពស់ដូចលោកដេវីដសុន បានដាស់តឿនថា ក្រុងប៉េកាំងអាចព្យាយាមដណ្ដើមយកតៃវ៉ាន់ ដោយប្រើកម្លាំងក្នុងរយៈពេល ៦ឆ្នាំខាងមុខ។
នៅពេលត្រូវបានសួរ អំពីគ្រោះភ័យរុករាននៅក្នុងការថ្លែងព័ត៌មានកាលពីថ្ងៃអង្គារកន្លងទៅនោះ លោក ចន ឃើរប៊ី លេខាធិការផ្នែកព័ត៌មាននៃមន្ទីរបញ្ចកោណ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “គ្មានអ្នកណាត្រូវការឱ្យកើតមានទំនាស់នោះទេ”
“យើងមានក្ដីកង្វល់ចំពោះការផ្លាស់ប្ដូរដ៏សំខាន់ ដែលកើតឡើងនៅក្នុងកងកម្លាំងបែបកលយុទ្ធរបស់បក្សកុម្មុយនីស្តចិន” លោកឃើរប៊ី បានថ្លែងដូច្នេះ តែនៅក្នុងផ្នែករបស់លោកអាឃ្វីលីណូ បានទទួលស្គាល់ថា មានភាពអាចទៅរួចកាន់តែខ្លាំងឡើងហើយ ដែលថា ចិននឹងកំណត់គោលដៅទៅលើតៃវ៉ាន់”
“មេដឹកនាំចិន មើលឃើញថា រឿងនេះ ជារឿងសំខាន់លំដាប់ទី១របស់ពួកគេ” លោកអាឃ្វីលីណូ បានថ្លែងបែបនេះប្រាប់ទៅផ្នែកនីតិបញ្ញត្តិ កាលពីថ្ងៃអង្គារ។
“ការយល់ឃើញរបស់ខ្ញុំគឺ បញ្ហានេះ ជារឿងដែលនៅក្បែរខ្លួនយើង ខ្លាំងជាងអ្វីដែលមនុស្សភាគច្រើនគិត ហើយយើងត្រូវដំណើរការកិច្ចសហការគ្រោងការ Pacific Deterrence Initiative – PDI ដើម្បីសមត្ថភាពក្នុងភូមិភាគឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយពង្រឹងកិច្ចសហការជាមួយប្រទេសផ្សេងៗ ដូចជា ឥណ្ឌា អូស្ត្រាលី និងជប៉ុន យ៉ាងបន្ទាន់បំផុត”
ក្រៅពីនេះ លោកអាឃ្វីលីណូ នៅបានដឹងអំពីក្ដីព្រួយបារម្ភ ពាក់ព័ន្ធនឹងសមត្ថភាពផ្នែកអាវុធនុយក្លេអ៊ែររបស់ចិន ដែលកើនឡើងខ្លាំងផងដែរ។ ទីភ្នាក់ងារព័ត៌មានសម្ងាត់នៃក្រសួងការពារប្រទេសសហរដ្ឋអាមេរិក បានបញ្ជាក់ថា ប្រទេសចិនកំពុងបង្ហាញសញ្ញាក្នុងការ “បង្កើនទំហំឃ្លាំងនុយក្លេអ៊ែរ យ៉ាងតិច ២ដង” ឡើងទៀត ក្នុងរយៈពេល ១០ឆ្នាំខាងមុខ៕
ប្រភព៖ សាព័ត៌មានបរទេស
ប្រែសម្រួលដោយ ស៊ីតា
#អរគុណសន្តិភាព