សប្បាយៗ ថ្ងៃអាទិត្យ៖ អាជីពថ្មីមួយ កំពុងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង៖ បុរសចិនម្នាក់ ស៊ីឈ្នួលបង្កើតស្ថានការណ៍ឱ្យលោកប្រុសៗ នឹងស្រីស្នេហ៍ លែងលះគ្នា ដើម្បីបានវិលត្រឡប់ទៅរកប្រពន្ធនៅឯផ្ទះវិញ កំពុងរកបានចំណូលច្រើន ខ្ទង់ម៉ឺនៗដុល្លារ!

អាចនិយាយបានថា ជាអាជីពមួយទៀត ដែលកំពុងត្រូវបានគេកត់សម្គាល់យ៉ាងខ្លាំង គឺអាជីព “ផ្ដល់ការប្រឹក្សាខាងអារម្មណ៍” ដែលមានតួនាទីរិះគិត វិភាគ និងរៀបផែនការ និងធ្វើយ៉ាងម៉េចក៏បាន ឱ្យតែលោកប្រុសៗ ដែលក្បត់ចិត្តភរិយា មានសតិស្មារតីឡើងវិញ និងនឹកឃើញ ហើយវិលត្រឡប់មករកភរិយា និងកូនៗរបស់ខ្លួនវិញ។

សៀវ ស៊ឹង បុរសវ័យ ៣១ឆ្នាំ មានអាជីពជា “អ្នកផ្ដល់ការប្រឹក្សាខាងអារម្មណ៍” ជាង ៦ឆ្នាំមកហើយ បានរៀបរាប់ប្រាប់អំពីដើមកំណើតនៃការធ្វើការងារនេះថា ពីមុន គាត់គ្រាន់តែជាអ្នកនាំភ្ញៀវទេសចរធម្មតាម្នាក់ប៉ុណ្ណោះ តែលោកតែងតែផ្ដល់ការប្រឹក្សាទៅពួកម៉ាកមិត្តភក្តិ ពាក់ព័ន្ធនឹងរឿងស្នេហា និងជីវិតស្វាមី-ភរិយា រហូតដល់ពួកគេមានសម្ព័ន្ធគ្រួសារល្អដូចមុនឡើងវិញជាច្រើនគូ។ មិត្តភក្តិនាំគ្នាហៅរូបគេថា “បរមគ្រូខាងអារម្មណ៍” និងទោះជាគ្រាន់តែឈ្មោះហៅលេងៗក៏ដោយ តែវាបានធ្វើឱ្យរូបគេមើលឃើញពីសមត្ថភាពដែលខ្លួនឯងមាន ទើបសុំឈប់ពីអាជីពអ្នកនាំភ្ញៀវ ងាកមកប្រកបអាជីពនេះយ៉ាងពេញទំហឹងតែម្ដង។

តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន សៀវស៊ឹង មានក្រុមការងារចម្បងៗ ៨នាក់ នៅចាំជួយធ្វើការងារនេះ ឱ្យសម្រេចបានជោគជ័យ មានដូចជា អ្នកវិភាគស្ថានការណ៍ អ្នកចាត់ការគ្រប់គ្រងអតិថិជន ផ្នែកស៊ើបអង្កេតរកព័ត៌មាន រួមទាំងអ្នកបន្លំខ្លួន អ្នកសម្ដែង អ្នកសរសរសាច់រឿង និងអ្នកដឹកនាំសម្ដែង នៅចាំបង្កើតស្ថានការណ៍ទៀតផង។

នៅពេលមានការជួលឱ្យធ្វើការ កើតឡើង គ្រប់គ្នានឹងធ្វើការជួបប្រជុំ ដើម្បីរិះរកវិធីដែលល្អបំផុតក្នុងការកែបញ្ហា ដែលត្រូវបានគេជួលឱ្យធ្វើនោះ។ ពេលខ្លះ ត្រូវជួលតួក្លែងបន្លំ ឱ្យទៅធ្វើជានិយាយជាមួយស្រីស្នេហ៍របស់លោកប្រុស និងលួចថតរូបភាពនោះ ផ្ញើទៅឱ្យលោកប្រុស ហើយប្រាប់ថា ស្រីស្នេហ៍ក្មេងកំពុងក្បត់ចិត្ត ឬជួនកាល តាមដានជីវិតស្នេហាលួចលាក់នោះយ៉ាងដិតដល់ ដើម្បីរកមើលថា តើមានការសម្ងាត់អ្វីខ្លះ ដែលអាចប្រើជាប្រយោជន៍បាន និងរឿងរ៉ាវផ្សេងៗទៀតជាច្រើន ដែលតិចនិកទាំងអស់នេះ ហាក់ដូចជារាងស្មុគស្មាញខ្លាំង ដូច្នេះហើយទើបតម្លៃសេវា ជាមធ្យមស្ថិតក្នុងចំនួនប្រមាណជា ២០០ ០០០ដុល្លារអាមេរិក ចំណែកការប្រឹក្សាតាមអនឡាញវិញ ស្ថិតក្នុងតម្លៃ ១៥០ដុល្លារ ក្នុង ១ម៉ោង។
សៀវស៊ឹង បានលើកឧទាហរណ៍ ពីវិធីចាត់ការជាមួយពួកគេទាំងនោះថា កាលពីឆ្នាំទៅ លោកបានទទួលការជួលឱ្យធ្វើការនេះ ពីស្ត្រីម្នាក់៖ ស្វាមីរបស់នាងមានស្រីស្នេហ៍ ជានារីក្មេងម្នាក់ ទើបចង់ឱ្យលោកចាត់ការរិះរកវិធី ធ្វើឱ្យស្វាមីលែងលះដាច់ ពីស្ត្រីស្នេហ៍នោះ និងវិលត្រឡប់មករកនាងវិញឱ្យបាន។ លោកក៏បន្លំខ្លួនធ្វើជាអ្នករៀបចំផែនការកម្សាន្ត សម្រាប់ថ្ងៃឈប់សម្រាក រៀបចំដំណើរកម្សាន្តដល់គូស្នេហ៍ទាំងឡាយ ដោយភរិយារូបនោះ នឹងបន្លំខ្លួនធ្វើជាអតិថិជនមកប្រើប្រាស់សេវាកម្មនេះ ឱ្យជួយរៀបចំចាត់ចែងថ្ងៃឈប់សម្រាកលម្ហែរយៈពេល ១០ថ្ងៃ ឱ្យរូបនាង និងស្វាមី។

ក្នុងអំឡុងការសម្រាកលម្ហែកាយនោះ ស្វាមីបានទទួលសំបុត្រ ១ច្បាប់ពីអ្នកមានបំណងល្អ តែមិនបង្ហាញឈ្មោះ ដាស់តឿនឱ្យគាត់ចាកចេញឱ្យឆ្ងាយពីស្រីស្នេហ៍។ ស្វាមី គិតតែពីរិះគិត នឹកពិចារណាឡើងវិញ និងក្រោយមក ក៏សម្រេចចិត្ត សុំបែកគ្នាពីស្រីស្នេហ៍ម្នាក់នោះ ដោយមិនបានដឹងថា ទាំងអស់នេះ គឺជាផែនការរបស់សៀវស៊ឹង និងភរិយារបស់ខ្លួនឡើយ។ ការរៀបចំរឿងរ៉ាវទាំងអស់ក្នុងគ្រានោះ លោកបានទទួលតម្លៃឈ្នួលដល់ទៅ ២៩ ៨៥០ដុល្លារអាមេរិក។
មានរឿង ១ទៀត មាននារីម្នាក់ អាយុ ២៤ឆ្នាំ កើតក្ដីសង្ស័យថា សង្សាររបស់ខ្លួន ដែលសេពគប់មកបាន ១ខែហើយនោះ កំពុងក្បត់ចិត្តនាង។ អ្វីដែលនាងសង្កេតដឹងនោះគឺ សង្សារ តែងតែមានអាការព្រងើយកន្តើយជាមួយរូបនាង មិនសូវនិយាយស្ដីជាមួយនាងដូចកាលគ្រាកន្លងមក រួមទាំងតែងតែជាប់និយាយទូរស័ព្ទញឹកញាប់ និងលួចឆាតជាមួយអ្នកណាក៏មិនដឹង នៅពេលយប់។
សៀវស៊ឹង ចាប់ផ្ដើមប្រតិបត្តិការ ដោយការចូលទៅធ្វើជាស្និទ្ធស្នាលជាមួយមិត្តភក្តិរបស់សង្សារ របស់
ស្ត្រីដែលជួលរូបគេឱ្យធ្វើការនោះ ដើម្បីលួចស៊ើបអំពីរឿងរ៉ាវនោះ។ នៅពេលស៊ើប និងតាមដានបានមួយរយៈ គេក៏ត្រឡប់មករាយការណ៍ប្រាប់ស្ត្រីម្ចាស់រឿងវិញថា សង្សាររបស់នាង មិនបានក្បត់ចិត្តនាងទេ គ្រាន់តែញៀនលេងហ្គេមក្នុងទូរស័ព្ទច្រើនពេកប៉ុណ្ណោះឯង ចំណែកអ្នកដែលគេឆាតជាមួយនោះ សុទ្ធតែមិត្តភក្តិ ដែលលេងហ្គេមជាមួយគ្នាទាំងអស់ និងព្រមទាំងបានដាស់តឿននាងទៀតផងថា អាចដោយសារតែបុគ្គលិកលក្ខណៈរបស់នាង ជាអ្នកម៉ឺងម៉ាត់ច្បាស់លាស់ពេក ទើបធ្វើឱ្យគូសង្សាររាងរំខានចិត្ត និងធ្វើខ្លួនព្រងើយកន្តើយចំពោះរូបនាង។

ទោះជា ការងារភាគច្រើនរបស់សៀវស៊ឹង ជាការរៀបចំឆាក បង្កើតរឿង ឱ្យលោកប្រុសៗលែងលះជាមួយស្ត្រីស្នេហ៍ក៏ពិតមែន តែវាក៏មានពេលខ្លះដែរ ដែលសមាជិករបស់សៀវស៊ឹង បានចូលទៅរកស្រីស្នេហ៍ទាំងនោះដោយត្រង់ៗដែរ និងនិយាយជាមួយពួកនាងទាំងនោះយ៉ាងត្រង់ទៅត្រង់មកថា គួរតែផ្ដាច់សម្ព័ន្ធភាពជាមួយបុរសដែលមានប្រពន្ធរួចហើយនោះទៅ ព្រោះវាខុសនឹងសីលធម៌សង្គម តែករណីនេះ វាមានឱកាសជោគជ័យតិចតួចណាស់ និងប្រើពេលវេលាយូរទៀតផង៕
ប្រភព៖ odditycentral,page.om.qq.com
ប្រែសម្រួលដោយ ទិទីតំតាតូ
#អរគុណសន្តិភាព