You are currently viewing ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​សង្ឃឹមថា​សេដ្ឋកិច្ចកម្ពុជា​នឹង​វិល​ដូចមុនពេល​ផ្ទុះ​ជំងឺ​កូ​វីដ-១៩ក្នុងពេលឆាប់ៗនេះ

ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​សង្ឃឹមថា​សេដ្ឋកិច្ចកម្ពុជា​នឹង​វិល​ដូចមុនពេល​ផ្ទុះ​ជំងឺ​កូ​វីដ-១៩ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ ក្នុងឱកាស​ចូលជួប​ស​ម្តែ​ង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ា​រៀ អា​មី​លី​តា អាគី​ណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​ក្តី​សង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា​ដែល​ធ្លាប់​តែមាន​កំណើន​ល្អ នៅមុន​ពេល​ផ្ទុះ​ជំងឺ​កូ​វីដ-១៩ នោះ នឹង​វិល​ទៅរក​សភាព​ដូចដើម​វិញ​ក្នុងពេលឆាប់ៗនេះ នៅពេល​ពលរដ្ឋ​ទទួលបាន​វ៉ាក់សាំង​ក្នុង​ចំនួន​ច្រើន។ លោកជំទាវ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វិធានការ​ទប់ស្កាត់​និង​ការពារ​ជំងឺ​កូ​វីដ-១៩ មាន​ប្រសិទ្ធភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា។

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​បេសកកម្ម​ការទូត​របស់​លោកជំទាវ នៅ​កម្ពុជា។ សម្តេច​លើកឡើងថា កម្ពុជា​និង​ហ្វីលីពីន​មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការទូត​ជាមួយគ្នា តាំងពី​ឆ្នាំ១៩៥៧ ហើយ​ចំណង​ការទូត​នេះ បាន​បន្ត​ចាក់គ្រឹះ​យ៉ាងរឹងមាំ​រហូតមកដល់​សព្វថ្ងៃ។

សម្តេច​បាន​មានប្រសាសន៍​បញ្ជាក់ថា បេសកកម្ម​ការទូត​ថ្មី​របស់​លោកជំទាវ Maria Amelita C. Aquino នៅ​កម្ពុជា ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការបន្ត​រួមចំណែក​លើកកម្ពស់​ទំនាក់​ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា​និង​ហ្វីលីពីន ដែលមាន​ស្រាប់​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត។

សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍​លើកឡើងថា ចំពោះ​ទំនាក់ទំនង​រដ្ឋ​សភាក​ម្ពុ​ជា និង​ហ្វីលីពីន មាន​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​យ៉ាងច្រើន លើ​វិស័យ​ការទូត​សភា​នៅក្នុង វេទិកា​អន្តរ​សភា ទាំង​ក្នុង​តំបន់ និង​សកលលោក ជាពិសេស កិច្ច​សហ ប្រតិបត្តិការ​នៅក្នុង​ក្របខណ្ឌ​អន្តរ​សភា​អាស៊ាន ដែល​សភា​ហ្វីលីពីន ជា​សហ​ស្ថាបនិក​មួយ​ដ៏​សំខាន់​ផង​នោះ។ សភា​ប្រទេស​ទាំងពីរ ក៏បាន​បង្កើត​ក្រុម​មិត្តភាព​រដ្ឋសភា ដើម្បី​បង្ក​បរិយាកាស​អោយ​សមាជិក​រដ្ឋសភា នៃ​ប្រទេស​ទាំងពីរ បានធ្វើការ​ផ្លាស់ប្តូ​រប​ទ​ពិសោធន៍​ការងារ​នីតិកម្ម​ជាមួយគ្នា ជាពិសេស ធ្វើយ៉ាងណា​អោយ​វិស័យ​ការទូត​សភា​ប្រទេស​ទាំងពីរ កាន់​តែមាន​លក្ខណៈ​ស៊ីជម្រៅ​ថែមទៀត ដើរ​ទន្ទឹមគ្នា​និង​ការវិវឌ្ឍ​ន៍​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ។

ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា សម្តេច​បាន​សម្តែង​ការពេញចិត្ត​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​ប្រទេស​កម្ពុជា​និង​ហ្វីលីពីន លើ​វិស័យ​ជាច្រើន នៅក្នុង​នោះ​ប្រទេស​ទាំងពីរ ដែល​បាន​ចុះ​កិច្ចព្រមព្រៀង និង​អនុស្សរណៈ​ជាមួយគ្នា​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​ជាច្រើន ក្នុងនោះ​មាន​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ផងដែរ ។

ជា​ចុងបញ្ចប់ ឯកអគ្គរដ្ឋទូត​ប្រទេស​ហ្វីលីពីន បាន​ថ្លៃ​ង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់ ថែរក្សា​ប្រជាពលរដ្ឋ​ហ្វីលីពីន ដែល​កំពុងស្នាក់នៅ និង​បំពេញការងារ​នៅ​កម្ពុជា នៅក្នុង​នោះបាន​ផ្តល់​វ៉ាក់សាំង​កូ​វីដ-១៩ ដល់​ប្រជាពលរដ្ឋ​ហ្វីលីពីន​ផងដែរ។

ប្រទេស​ហ្វី​ពី​ន​មាន​គម្រោង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​និង​មន្ត្រីរាជការ​កម្ពុជា​លើ​ផ្នែក​បច្ចេកវិទ្យា​ផងដែរ៕

#អរគុណសន្តិភាព

Leave a Reply