ភ្នំពេញ៖ លោកស្រី MIYAHARA Ai ជាអនុប្រធានទីភ្នាក់ងារសហប្រតិបត្តិបត្តិការអន្ដរជាតិជប៉ុន (JICA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អង្គការ JICA នឹងចាប់ផ្ដើមដំណើរការគម្រោងចំនួន៣ នៅកម្ពុជាទាក់ទងនឹងការផលិតពូជស្រូវ ការប្រើប្រាស់ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត និងការការពារ និងអភិរក្សបរិស្ថាន ដែលនឹងអនុវត្ដន៍នៅខែតុលា ឆ្នាំ២០២០នេះ។

ការបញ្ជាក់របស់លោកស្រីអនុប្រធានទីភ្នាក់ងារ សហប្រតិបត្តិ ការអន្ដរជាតិជប៉ុន (JICA) នេះ ក្នុងជំនួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកសិកម្ម។
លោកស្រី MIYAHARA Ai បានរាយការណ៍ជួនឯកឧត្ដមរដ្ឋមន្ដ្រីអំពីលទ្ធផលបឋមនៃការអនុវត្តគម្រោងចំនួន៣ គឺទី១ គម្រោងស្តីពី “ការផលិតពូជស្រូវ” ដែលសហការអនុវត្តដោយអគ្គនាយកដ្ឋានកសិកម្ម។ គម្រោងទី២ “ការប្រើប្រាស់ និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត” និងគម្រោងទី៣ “ការការពារ និងអភិរក្សបរិស្ថាន” ដែលសហការអនុវត្តន៍ជាមួយក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ។ លោកស្រីបានលើកឡើងថា គម្រោងទាំង៣ នឹងចាប់ដំណើរការនៅខែតុលា ឆ្នាំ២០២០ខាងមុខនេះ ហើយសង្ឃឹមថានឹងទទួលបានលទ្ធផលល្អប្រសើរ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគាំទ្រលើការអនុវត្តគម្រោងទាំង៣ របស់អង្គការ JICA ព្រោះនឹងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងពេលអនាគតយ៉ាងខ្លី ជាពិសេសចូលរួមអនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលបានជួយកសាង និងអភិវឌ្ឍន៍កម្ពុជារហូតមកទល់បច្ចុប្បន្ន ក្នុងនោះមានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលជួយដល់ការទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ជាពិសេសនោះគឺវិស័យកសិកម្មផងដែរមានជាអាទិ៍៖ ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្ត្រទីផ្សារ ការបង្កើនការងារផ្សព្វផ្សាយបច្ចេកទេសដល់អ្នកផលិត ឬសហគមន៍ បច្ចេកទេសក្រោយពេលប្រមូលផល ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ និងជាពិសេសសមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែ។ ទន្ទឹមនេះ កាលពីថ្មីៗនេះជួយសហការជាមួយក្រុមហ៊ុន Yamato Green ចុះ MOU ជាមួយក្រសួងដើម្បីជួយជំរុញផលិតកម្មបន្លែសុវត្ថិភាពនៅកម្ពុជា។ ឯកឧត្ដមបានចាត់ទុកថា ទាំងអស់នេះ វាបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង កែប្រែកម្រិតជីវភាព បង្កើនបរិមាណផលិត ក្នុងនោះមានវារីវប្បកម្ម សាកវប្បកម្ម ការចិញ្ចឹមសត្វ និងដំណាំស្រូវ។
ឯកឧត្ដមរដ្ឋមន្ដ្រីបានបញ្ជាក់បន្ថែមថា ស្របពេលវិស័យកសិកម្មកំពុងតែពង្រីកសក្តានុពលផលិតតាមរយ:ការធ្វើទំនើបកម្មកសិកម្ម ដោយបញ្ចូលនូវបច្ចេកវិទ្យាសមស្រប ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និងឆ្នាំ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ៕