បរទេស ៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសៅរ៍នេះបានឲ្យដឹងថាគោលការណ៍ណែនាំថ្មីរបស់អូស្ត្រាលីនឹងអាចដាក់គុកពលរដ្ឋអូស្ត្រាលីចំនួន៥ឆ្នាំព្រមទាំងប្រាក់ពិន័យផងក្នុងករណីដែលពួកគេនៅតែលួចធ្វើដំណើរត្រឡប់ពីប្រទេសឥណ្ឌាមកវិញក្នុងពេលបច្ចុប្បន្ននេះរហូតដល់ថ្ងៃទី១៥ខែឧសភា។
ក្រសួងសុខាភិបាលបានប្រកាសហើយថាជើងហោះហើរទាំងឡាយពីប្រទេសឥណ្ឌានឹងត្រូវផ្អាកជាបណ្តោះអាសន្នទាំងអស់ខណៈដែលចំនួនជនជាតិអូស្ត្រាលីដែលមាននៅក្នុងប្រទេសដែលកំពុងរងការវាយប្រហារធ្ងន់ធ្ងរដោយសារកូវីដមួយនេះមានប្រហែលជា៩០០០នាក់ហើយក្នុងនោះ៦០០នាក់កំពុងប្រឈមមុខទៅនឹងកម្រិតរងគ្រោះបំផុត។

សារព័ត៌មានក្នុងស្រុកបានសរសេរថានេះគឺជាលើកដំបូងហើយសម្រាប់អូស្ត្រាលីក្នុងការប្រកាសដាក់ទោសកម្រិតបទឧក្រិដ្ឋចំពោះពលរដ្ឋខ្លួនឯងដែលចង់ធ្វើដំណើរត្រឡប់មកប្រទេសកំណើតវិញ។
គួរឲ្យដឹងដែរថាមកដល់ពេលនេះឥណ្ឌាអាចមើលឃើញចំនួននៃអ្នកឆ្លងកូវីដសរុបដល់ទៅ១៩លាននាក់ក្នុងនោះចំនួនអ្នកស្លាប់បានផ្ទុះឡើងខ្លាំងដល់ទៅ២០ម៉ឺននាក់ហើយចំនួនឆ្លងថ្មីចុងក្រោយជាមធ្យមបានកើនឡើងទៅដល់៣០ម៉ឺននាក់ក្នុងមួយថ្ងៃ៕
#អរគុណសន្តិភាព