ឥណ្ឌា៖ ប្រទះឃើញសាកសពជាច្រើនសិប ឬប្រហែលជាជិត ១០០សាកសព អណ្ដែតមកទើរលើមាត់ច្រាំងនៃដងទន្លេគង្គា នៅភាគខាងជើងប្រទេសឥណ្ឌា និងគេជឿថា សាកសពទាំងនោះ គឺជាជនរងគ្រោះដែលស្លាប់ដោយសារមេរោគវីរុសកូរ៉ូណាប្រភេទថ្មី។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរ និងសារព័ត៌មានក្នុងតំបន់ កាលពីថ្ងៃចន្ទ ទី10 ឧសភាម្សិលមិញ។
ជំងឺរាតត្បាតដ៏ធំមួយនេះ កំពុងឆ្លងរាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជនបទដ៏ធំមហាសាលរបស់ប្រទេសឥណ្ឌា បណ្ដាលឱ្យមានអ្នកជំងឺហៀរហូរមន្ទីរពេទ្យ ប្រព័ន្ធសុខភាពសាធារណៈស្ទើរតែដួលរលំ ចំណែកទីបូជាសព និងកន្លែងបញ្ចុះសព ក៏ត្រូវចាត់ការជាមួយសាកសពដ៏ច្រើន ទាំងថ្ងៃទាំងយប់។
លោក អាសូក គូម៉ា មន្ត្រីក្នុងតំបន់ បានប្រាប់ឱ្យដឹងថា អាជ្ញាធរ បានប្រទះឃើញសាកសពមនុស្សប្រមាណជា ៤០នាក់ អណ្ដែតមកទើរលើមាត់ច្រាំងទន្លេគង្គា ក្នុងតំបន់វូបារ ជិតតំបន់ព្រំដែនរវាងរដ្ឋភិហាន ជាមួយរដ្ឋឧតៈរៈប្រាថេត ជារដ្ឋ២ ដែលទីទ័លក្រជាងគេបំផុត របស់ប្រទេសឥណ្ឌា។

លោកគូម៉ា បានថ្លែងថា “យើងបានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធ ចាត់ការសាកសពទាំងនោះហើយ ទាំងកប់ ឬមិនទេ ក៏ដុតបូជាសាកសពទាំងនោះតែម្ដង”
តែយ៉ាងណាក្ដី ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានរាយការណ៍ថា ចំនួនសាកសពមនុស្ស ដែលប្រទះឃើញអណ្ដែតមកទើរលើមាត់ច្រាំងទន្លេគង្គានោះ អាចមានចំនួនច្រើនដល់ទៅ ១០០សាកសពឯណោះ។
របាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មាន បានអាងលើពាក្យសម្ភាសរបស់អាជ្ញាធរផ្សេងទៀត ដែលបានបញ្ជាក់ថា សាកសពខ្លះឡើងហើម ដែលបញ្ជាក់ឱ្យដឹងថា អាចអណ្ដែតនៅក្នុងទន្លេ យូរថ្ងៃហើយ។
ពួកអ្នកស្រុក បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ដោយពួកគេជឿថា សាកសពទាំងនោះ ត្រូវបានបោះចូលទៅក្នុងទន្លេ ព្រោះថា មានសាកសពច្រើន ហៀរហូរទីបូជា ឬមិនទេ ក៏បណ្ដាលមកពីសាច់ញាតិ មិនអាចរកឈើយកមកគរធ្វើជាភ្នក់ភ្លើង សម្រាប់ដុតបូជាសាកសពបាន។ “វាជារឿងគួរឱ្យភ័យខ្លាចខ្លាំងណាស់ សម្រាប់ពួកយើង”
តាមរយៈស្ថិតិជាផ្លូវការ នៅពេលនេះ មានមនុស្សច្រើនជាង ៤ ០០០នាក់ហើយ ដែលបានស្លាប់ដោយសារជំងឺកូវីដ-19 ក្នុង ថ្ងៃៗនៅក្នុងប្រទេសឥណ្ឌា និងចំនួនអ្នកស្លាប់ដោយសារជំងឺដ៏កាចសាហាវនេះ សរុប បានកើនឡើងដល់ជិត 250,000នាក់ហើយ។

យ៉ាងណាក្ដី យោងតាមភ័ស្តុតាងពីទីបូជាសពនៅតាមកន្លែងផ្សេងៗ ពួកអ្នកជំនាញការ ជឿថា តួលេខអ្នកស្លាប់ប្រចាំថ្ងៃដែលពិតប្រាកដ ប្រហែលជាខ្ពស់ជាងនេះ ច្រើនដងណាស់ ជាពិសេសនៅពេលនេះ ករណីអ្នកឆ្លងមេរោគរលកបច្ចុប្បន្ន បានរាលដាលសាយភាយចេញទៅក្រៅទីក្រុងធំៗនានា ទៅកាន់ទីជនបទ ដែនដីអ្នកទីទ័លក្រ ដែលមានមន្ទីរពេទ្យមិនច្រើន និងស្ថិតនៅឆ្ងាយពីគ្នាខ្លាំងណាស់៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន AFP
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព