បរទេស៖ នៅថ្ងៃទី13 ឧសភានេះ សារព័ត៌មាន Daily Mirror បានរាយការណ៍ ពីចរន្តនៃការរិះគន់យ៉ាងទូលំទូលាយនៅក្នុងប្រទេសឥណ្ឌា ករណីរកឃើញសាកសពអ្នកស្លាប់ដោយសារកូវីដ-19 ដ៏ច្រើន អណ្ដែតមកទើរលើមាត់ច្រាំងទន្លេគង្គា កាលពីប៉ុន្មានថ្ងៃមុន។
ថ្មីៗនេះ ស្រាប់តែមានឃ្លីបវីដេអូរឿងដែលមិនគួរកើតឡើងនេះ ត្រូវបានផូស្តនៅក្នុងបណ្ដាញសង្គម បង្ហាញឱ្យឃើញពីរូបភាពអ្នកបើករថយន្តពេទ្យ កំពុងយកសាកសពមនុស្សមួយចំនួន ចេញពីក្រោយរថយន្ត ទៅបោះចោលនៅក្នុងទន្លេគង្គា នៅក្នុងទីក្រុងកៈទីហាន រដ្ឋភិហាន ដែលរដ្ឋបាលក្នុងតំបន់បានបញ្ជាក់ថា បានប្រទះឃើញសាកសពអណ្ដែតមកទើរនៅមាត់ច្រាំងទន្លេ យ៉ាងតិច ៧១នាក់។

លោក ឆណាថាន ស៊ីឃិវ៉ាល់ សមាជិកសភារដ្ឋភិហាន បានថ្លែងអះអាងថា សាកសពមនុស្សដែលប្រទះឃើញនៅមាត់ច្រាំងទន្លេគង្គា គឺជាទង្វើរបស់បុគ្គលិកបើកបររថយន្តពេទ្យ។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានរាយការណ៍ថា សាកសពត្រូវបាននាំយកមកបោះចោល ដោយសារតែក្រុមគ្រួសារអ្នកស្លាប់ គ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញឈើ ដើម្បីធ្វើពិធីដុតបូជា ខណៈរដ្ឋបាលទីក្រុងកៈទិហាន បានថ្លែងថា កំពុងជំរុញការត្រួតពិនិត្យឃ្លីបវីដេអូនេះ និងអង្គភាពដែលពាក់ព័ន្ធនឹងការដឹកសាកសពយកទៅបោះចោលក្នុងទន្លេនេះ។
សម្រាប់ស្ថានការណ៍ជំងឺកូវីដ-19 ក្រសួងសុខាភិបាលនៃប្រទេសឥណ្ឌា បានបញ្ជាក់ថា រកឃើញអ្នកឆ្លងជំងឺថែមទៀត ៣៦២ ៤០៦នាក់ ក្នុងអំឡុង ២៤ម៉ោង កាលពីថ្ងៃទី១២ ឧសភា បណ្ដាលឱ្យចំនួនអ្នកជំងឺសរុប កើនឡើងដល់ ២៣,៧លាននាក់ និងស្លាប់ ២៥៨,៣៥១នាក់៕




ប្រភព៖ សារព័ត៌មានបរទេស
ប្រេ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព