បរទេស៖ អ្នកបើកយន្តហោះធុនតូច ១គ្រឿង ដែលបានហោះបុកគ្នាជាមួយយន្តហោះ ១គ្រឿងទៀតនៅលើអាកាស ក្បែរទីក្រុង ឌែនវើរ សហរដ្ឋអាមេរិក បានស្នើសុំការចុះចតជាបន្ទាន់ ដោយសារតែគ្រឿងម៉ាស៊ីនមានបញ្ហា ដោយមិនបានដឹងឡើយថា យន្តហោះរបស់គាត់ ស្ទើរតែដាច់ជា ២កំណាត់ទៅហើយ និងអ្វីដែលគួរឱ្យស្ងើច នោះគឺ យន្តហោះទាំង ២គ្រឿង អាចចុះចតបានយ៉ាងមានសុវត្ថិភាព ដោយគ្មាននរណាម្នាក់រងរបួស ឬមានគ្រោះថ្នាក់បន្តិចណាឡើយ។
យន្តហោះទាំង ២គ្រឿង កំពុងត្រៀមខ្លួនចុះចត នៅឯព្រលានយន្តហោះតូចមួយក្នុងតំបន់ នៅម្ដុំជាយទីក្រុង ឌែនវើរ កាលពីថ្ងៃពុធ (ទី១២ ឧសភា) តែក្នុងអំឡុងពេលនោះ ស្រាប់តែកើតការបុកគ្នា (ប្រាវ!) កណ្ដាលអាកាសតែម្ដង។ នេះបើតាមការឱ្យដឹងពីគណៈកម្មការផ្នែកសុវត្ថិភាពខាងការដឹកជញ្ជូននៃសហរដ្ឋអាមេរិក ឬ NTSB និងអង្គភាពពន្លត់អគ្គិភ័យ សៅថ៍ មេថ្រូ។
របាយការណ៍ បានបញ្ជាក់ថា អ្នកបើក ដែលមានតែម្នាក់ឯងនៅក្នុងយន្តហោះប្រភេទ Fairchild Metro Liner ម៉ាស៊ីន២ ជាយន្តហោះដែលធំជាង អាចបញ្ជាយន្តហោះរបស់ខ្លួន ឱ្យទៅចុះចតយ៉ាងសុវត្ថិភាពនៅឯអាកាសយានដ្ឋាន ខន់ធេននៀល ដោយមិនបានដឹងថា យន្តហោះរងការខូចខាតផ្នែកខាងក្រោយនៃតួយន្តហោះ ស្ទើរតែដាច់ជា២ ទៅហើយនោះឡើយ។

“…មើលទៅ ដូចជាម៉ាស៊ីនខាងស្ដាំមានបញ្ហា ដូច្នេះ ខ្ញុំស្នើសុំការចុះចតទីនេះ!!” នេះគឺកំណត់ត្រាសំឡេងសន្ទនា របស់អ្នកបើក ជាមួយបន្ទប់គ្រប់គ្រងការហោះហើរនៅឯព្រលាន។
ឯយន្តហោះ ១គ្រឿងទៀត ជាយន្តហោះម៉ាស៊ីន១ Cirrus ស៊េរីឆ្នាំ2016 ដែលជួលដោយ Independence Aviation និងខាងក្រុមហ៊ុន បានឱ្យដឹងថា អ្នកបើកបរ ទទួលជោគជ័យក្នុងការប្រើប្រព័ន្ធតម្លោះឆត្រយោងសុវត្ថិភាព ឬ Airframe parachute system ដែលច្នៃប្រឌិតដោយក្រុមហ៊ុន Cirrus Aircraft សម្រាប់ពន្យឺតការធ្លាក់ចុះរបស់យន្តហោះ ក្រោយការបុកគ្នា។
លោក ចន បារធម៉ាន់ន៍ អភិបាលរងស្រុក អារ៉ាផាហូ ខោនធី បានបញ្ជាក់ថា យន្តហោះ Cirrus មានអ្នកបើក១នាក់ និងអ្នកដំណើរ ១នាក់នៅក្នុងយន្តហោះ ពេលដែលរងឧប្បត្តិហេតុ និងបានប្រើប្រព័ន្ធឆត្រយោងសុវត្ថិភាព ដោយយន្តហោះបានចុះចតយ៉ាងសុវត្ថិភាព នៅក្នុងវាលស្រែមួយកន្លែង ជិតផ្ទះអ្នកស្រុក ក្នុងឧទ្យាន Cherry Creek State។

លោក បារធម៉ាន់ន៍ ថ្លែងថា “អ្នកបើកយន្តហោះទាំង២ គួរតែទៅទិញឆ្នោតផ្សងសំណាង ភ្លាមៗទៅ…ខ្ញុំចាំមិនបានថា តើរឿងបែបនេះធ្លាប់កើតឡើងដែរឬទេ? ជាពិសេស ពេលពួកគេដើរចេញមកពីយន្តហោះ យ៉ាងព្រងើយ…ខ្ញុំថា វាគួរឱ្យអស្ចារ្យណាស់!”
ប្រភព៖ សារព័ត៌មានបរទេស
ប្រែសម្រួលដោយ ទិទីតំតាតូ
#អរគុណសន្តិភាព