បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៃសហរដ្ឋអាមេរិក ឬ CDC កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ឧសភា បានប្រកាសបើកផ្លូវឱ្យប្រជាជនដែលបានទទួលវ៉ាក់សាំងប្រឆាំងកូវីដ-19 គ្រប់ដូសហើយ មិនចាំបាច់ពាក់ម៉ាស់ការពារ ទាំងនៅទីកណ្ដាលវាល និងនៅក្នុងទីម្លប់ ស្ទើរគ្រប់ទីកន្លែង នៅក្នុងការធ្វើបច្ចុប្បន្នភាពការណែនាំ ដែលខាងស្ថាប័នមួយនេះ បានបញ្ជាក់ថា នឹងបើកផ្លូវឱ្យវិថីជីវិត ចាប់ផ្ដើមវិលត្រឡប់ទៅកាន់សភាវប្រក្រតីឡើងវិញ។
ក្រៅពីនេះ ខាង CDC ថែមទាំងបានប្រាប់ទៀតថា អ្នកដែលបានទទួលវ៉ាក់សាងគ្រប់ចំនួនហើយ មិនចាំបាច់ត្រូវរក្សាគម្លាតសុវត្ថិភាព គ្រប់ទីកន្លែងនោះទេ ព្រមទាំងបង្ហាញសេចក្ដីសង្ឃឹមថា ការណែនាំនេះ នឹងជួយបញ្ចុះបញ្ចូលឱ្យពលរដ្ឋអាមេរិកាំង នាំគ្នាចូលទៅទទួលការចាក់វ៉ាក់សាំងកាន់តែច្រើនឡើង។
មន្ទីរសេតវិមាន បានផូស្តសំណេរ ព្រមជាមួយរូបភាពដែលបញ្ជាក់ថា “ដំណឹងល្អ ពី CDC! បើលោកអ្នកបានទទួលវ៉ាក់សាំងគ្រប់ដូសហើយ លោកអ្នកមិនចាំបាច់ត្រូវពាក់ម៉ាស់ការពារទៀតទេ ទាំងក្នុងទីម្លប់ និងកណ្ដាលវាល នៅតាមទីកន្លែងណាក៏ដោយ សឹងតែទាំងអស់…អ្នកចាក់វ៉ាក់សាំងគ្រប់ចំនួនហើយ អាចឈប់ពាក់ម៉ាស់ការពារបាន!”
លោកស្រី រ៉ាឆេលល៍ វ៉ាលេនស្គី អគ្គនាយិកា CDC បានថ្លែងការពារកម្មវិធីបន្ធូរបន្ថយការណែនាំលើកនេះ ដែលធ្វើឡើងត្រឹមរយៈពេល ២សប្ដាហ៍ ក្រោយអាប់ឌែតការណែនាំលើកចុងក្រោយបំផុត ដោយលោកស្រីបានអះអាងពីករណី អ្នកឆ្លងមេរោគ ដែលបានថយចុះយ៉ាងច្រើន ការពង្រីកព្រំដែនចាក់វ៉ាក់សាំងលើមនុស្សវ័យកំលោះក្រមុំ និងប្រសិទ្ធភាពរបស់វ៉ាក់សាំង ក្នុងការប្រឆាំងមេរោគក្លាយពូជវីរុសកូរ៉ូណាប្រភេទថ្មី។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺនៃសហរដ្ឋអាមេរិក ឬ CDC បានថ្លែងថា “ក្នុងច្រើនសប្ដាហ៍កន្លងមក យើងបានឃើញទិន្នន័យបន្ថែមថា វ៉ាក់សាំង ពិតជាទទួលបានលទ្ធផលល្អ ក្នុងពិភពលោកមែន វ៉ាក់សាំងអាចតតាំងប្រឆាំងនឹងមេរោគក្លាយពូជ ហើយមើលទៅហាក់ដូចជាចម្លងមេរោគតិចទៅ សម្រាប់អ្នកដែលបានទទួលវ៉ាក់សាំង…ដូច្នេះហើយយើងចាំបាច់ត្រូវប្រើពេលវេលាពិចារណាឡើងវិញ អំពីភ័ស្តុតាងទាំងអស់ ដើម្បីសម្រេចចិត្តឱ្យបានត្រឹមត្រូវ ហើយនេះគឺជា ដំណើរផ្លូវ ដែលនាំទៅកាន់ការសម្រេចចិត្តក្នុងគ្រានេះ”
លោកស្រី វ៉ាលេនស្គី បានថ្លែងនៅថ្ងៃព្រហស្បតិ៍ ទី១៣ ឧសភាថា អ្នកដែលមានប្រព័ន្ធប្រឆាំងជំងឺទាប គួរពិភាក្សាជាមួយគ្រូពេទ្យ មុនឈប់ពាក់ម៉ាស់ការពារ និងបានបញ្ជាក់ថា អ្នកដែលមិនទាន់បានទទួលវ៉ាក់សាង គួរតែពាក់ម៉ាស់ការពារបន្តទៀត។ ព្រមជាមួយគ្នានោះ លោកស្រីបានបញ្ជាក់បន្តទៀតថា “អ្នកដែលចាក់វ៉ាក់សាំងហើយ គួរតែត្រឡប់មកពាក់ម៉ាស់ការពារឡើងវិញភ្លាមៗ បើរកឃើញថា ខ្លួនឯងមានអាការរបស់ជំងឺកូវីដ-19”៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព