ប្រទេសរុស្ស៊ី៖ បានប្រកាសកាលពីថ្ងៃទី១៤ ឧសភា ដាក់សហរដ្ឋអាមេរិក និងសាធារណរដ្ឋឆេក ជារដ្ឋដែលមានទង្វើ “មិនមែនជាមិត្ត” ជាផ្លូវការ បញ្ជាក់អំពីសម្ព័ន្ធភាពរវាងប្រទេស ដែលភាពតានតឹង កាន់តែកើនឡើងទ្វេដង។
លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៃប្រទេសរុស្ស៊ី បានចុះហត្ថលេខាលើច្បាប់ថ្មីមួយ កាលពីខែមេសា ដែលបញ្ជា ឱ្យកំណត់ចំនួនមន្ត្រីក្នុងតំបន់ ដែលប្រតិបត្តិការងារជាមួយស្ថានទូត និងអង្គភាពការងារបរទេស ដោយប្រគល់ឱ្យរដ្ឋបាលរៀបចំបញ្ជីឈ្មោះ “ប្រទេសមិនមែនជាមិត្ត” ដែលនឹងត្រូវប្រឈមនឹងច្បាប់កំណត់ខាងលើ។
លទ្ធផលនៃការត្រូវដាក់ចូលបញ្ជីឈ្មោះនេះ ធ្វើឱ្យសហរដ្ឋ មិនអាចជួលពលរដ្ឋរុស្ស៊ីធ្វើការ សូម្បីតែម្នាក់ ចំណែកស្ថានទូតសាធារណរដ្ឋឆេក អាចជួលពលរដ្ឋរុស្ស៊ីឱ្យធ្វើការបាន តែមិនលើស ១៩នាក់ឡើយ។

សម្ព័ន្ធភាព រុស្ស៊ី-សាធារណរដ្ឋឆេក ចាប់ផ្ដើមអាក្រក់ឡើង កាលពីខែកន្លងទៅ ក្រោយរដ្ឋបាលឆេក ចេញមកប្រកាស ចោទប្រកាន់ថា អង្គភាពព័ត៌មានសម្ងាត់របស់កងទ័ពរុស្ស៊ី ស្ថិតនៅពីក្រោយហេតុការណ៍បំផ្ទុះឃ្លាំងសព្វាវុធ កាលពីឆ្នាំ២០១៤ និងថែមទាំងបណ្ដេញអ្នកការទូតរុស្ស៊ី ១៨នាក់ចេញពីប្រទេសទៀតផង។
ប្រទេសរុស្ស៊ី បានបដិសេគ្រប់ការចោទប្រកាន់ទាំងអស់ និងឆ្លើយតបវិញដោយការបណ្ដេញអ្នកការទូតឆេកដូចគ្នា រួមទាំងបញ្ជាឱ្យស្ថានទូតសាធារណរដ្ឋឆេក ប្រចាំក្រុងមូស្គូ កាត់បន្ថយចំនួនមន្ត្រីក្នុងតំបន់ទៀតផង។
កាលថ្ងៃទី១៤ ក្រសួងការបរទេសសាធារណរដ្ឋឆេក បានចេញមករិះគន់ទង្វើរបស់ប្រទេសរុស្ស៊ីថា បំពានកិច្ចព្រមព្រៀងរវាងប្រទេសដែលអនុញ្ញាតឱ្យប្រទេសនីមួយៗ ជួយសម្រួលភាពងាយស្រួលដល់គណៈអ្នកការទូតក្នុងការប្រតិបត្តិភារកិច្ច និងថែមទាំងជាការញុះញង់ឱ្យទំនាស់រវាងប្រទេស កាន់តែធ្ងន់ធ្ងរឡើងទៀតផង៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព