អង់គ្លេស៖ ចក្រភពអង់គ្លេស រកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មី ប្រចាំថ្ងៃត្រឹមតែ ២ ០២៧នាក់ប៉ុណ្ណោះ ចំណែកគ្រោងការពន្លឿនការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-19 ហុចផលឱ្យចំនួនអ្នកឆ្លងមេរោគសរុបរបស់ប្រទេសមួយនេះ កើនឡើង ៤ ៤៤៨ ៨៥១នាក់ តាមរយៈតួលេខផ្លូវការ ដែលផ្សព្វផ្សាយកាលពីថ្ងៃសៅរ៍ ទី១៥ ឧសភា។
ប្រទេសមួយនេះ នៅមានរបាយការណ៍ រកឃើញអ្នកស្លាប់ដោយសារកូវីដ-19 បន្ថែមទៀត ៧នាក់ដោយចំនួនរួមអ្នកស្លាប់ គឺ ១២៧ ៦៧៥នាក់។
ទោះជាតួលេខចេញមកក្នុងន័យវិជ្ជមានមែន តែក្រុមអ្នកជំនាញការ បានដាស់តឿនថា ដំណាក់កាលបន្តទៅទៀត របស់ការបន្ធូរបន្ថយការកម្រិតបិទខ្ទប់ ក្នុងប្រទេសអង់គ្លេស ដែលបានកំណត់ទុកនៅថ្ងៃចន្ទស្អែក (ទី១៧) គួរតែត្រូវធ្វើឡើង ក្នុងដំណើរផ្លូវដែលប្រយ័ត្នប្រយែងបំផុត។
លោកវេជ្ជបណ្ឌិត រិឆាត ចាវីស មកពីសមាគមវេជ្ជសាស្ត្រនៃចក្រភពអង់គ្លេស បានដាស់តឿនថា នៅមានពលរដ្ឋផ្នែកសំខាន់ៗជាច្រើនក្រុមទៀត មិនទាន់បានទទួលវ៉ាក់សាំងនៅឡើយ «វាគួរឱ្យបារម្ភខ្លាំងណាស់ នៅពេលមានការបញ្ឈប់ការកម្រិត ឬបញ្ចប់ការកំហិតផ្សេងៗ បន្ថែមទៀតនៅថ្ងៃទី១៧ ឧសភានោះ ព្រោះមនុស្សវ័យកំលោះក្រមុំជាច្រើន មិនទាន់បានទទួលវ៉ាក់សាំងនៅឡើយ មនុស្សក្រុមនេះ ជាក្រុមអាយុ ដែលមានសកម្មភាពក្នុងសង្គមច្រើន និងអាចជាក្រុមប្រឈមនឹងការឆ្លងមេរោគខ្លាំងបំផុត» នេះ ជាអ្វីដែលលោក បានប្រាប់ទៅទីភ្នាក់ងារព័ត៌មាន BBC។

ចាប់តាំងពីថ្ងៃចន្ទ (ទី១៧ ឧសភា) ទៅ Pub, Bar និងភោជនីយដ្ឋានក្នុងប្រទេសអង់គ្លេស នឹងបានទទួលការអនុញ្ញាត ឱ្យវិលមកបើកបម្រើសេវាកម្មឡើងវិញ ចំណែកមណ្ឌលកម្សាន្តក្នុងអគារ ក៏នឹងវិលមកផ្ដល់សេវាកម្មដូចគ្នាដែរ ក្នុងនោះរួមមាន រោងភាពយន្ត សារមន្ទីរ និងកន្លែងកម្សាន្តរបស់កុមារជាដើម។
ប្រជាជនក្នុងប្រទេសអង់គ្លេស នឹងបានទទួលការអនុញ្ញាតឱ្យជួបជុំគ្នានៅតាមទីវាលសាធារណៈជាក្រុម មិនលើស ៣០នាក់ និងនៅក្នុងទីម្លប់ ក្នុងហាងផ្សេងៗ មិនលើស ៦នាក់ ឬ ២គ្រួសារ ខណៈដែលទីកន្លែងស្នាក់នៅផ្សេងៗ មិនថាតែសណ្ឋាគារ និងទីកន្លែងស្នាក់នៅខ្នាតតូច B&B នឹងអាចវិលមកបើកបម្រើសេវាកម្មឡើងវិញបាន ចាប់ពីថ្ងៃចន្ទ ទី១៧ ស្អែកនេះតទៅ។ នេះបើតាមការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី បូរីស ចនសុន៕
ប្រភព៖ ទីភ្នាក់ងារព័ត៌មាន Reuters /Xinhua
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព