អាមេរិក៖ ព័ត៌មានក្លែងក្លាយ ព័ត៌មានចចាមអារ៉ាមយ៉ាងខុសៗ ដែលថា វ៉ាក់សាំងការពារកូវីដ-19 អាចធ្វើឱ្យមនុស្សអារ (មិនមានកូន) កំពុងក្លាយជាមូលហេតុសំខាន់មួយទៀត ដែលធ្វើឱ្យពលរដ្ឋអាមេរិកាំង មិនចង់ទៅទទួលការចាក់វ៉ាក់សាំង និងក្លាយជាការងារដ៏ធ្ងន់មួយរបស់អ្នកជំនាញការផ្នែកសុខភាព ដែលត្រូវតែបញ្ចុះបញ្ចូល អធិប្បាយឱ្យមនុស្សទាំងឡាយ បានដឹងថា រឿងផ្ដេសផ្ដាសគួរឱ្យខ្លាច ដែលពួកគេបានអាន ឬបានដឹងតាមប្រព័ន្ធសង្គមអនឡាញនោះ វាគ្មានភ័ស្តុតាងពិត មកធានាអះអាងឡើយ។
ក្នុងចំណោមឧទាហរណ៍ដ៏អាក្រក់បំផុតរបស់ព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិតទាំងអស់នេះ បានផ្សព្វផ្សាយនៅក្នុងហ្វេសប៊ុក មានដូចជា បុរសដែលចាក់វ៉ាក់សាំង មានប្រព័ន្ធប្រឆាំងជំងឺហើយ អាចធ្វើ
ឱ្យមនុស្សស្រីដែលមិនទាន់ចាក់វ៉ាក់សាំង ក្លាយជាមនុស្សស្រីអារ(មិនអាចមានកូន), អ្នកទទួលបានវ៉ាក់សាំងរួចហើយ ដល់ទៅ ៩៧% អាចនឹងក្លាយជាមនុស្សអារ និងការចាក់វ៉ាក់សាំង អាចធ្វើឱ្យមនុស្សម្នា “ក្លាយជាមនុស្សអារទាំងអស់ ទោះវ័យណា ជំនាន់ណាក៏ដោយ។
ខណៈដែលចំនួនអ្នកចូលទទួលវ៉ាក់សាំងនៅសហរដ្ឋអាមេរិក កំពុងឈានចូលដល់សភាវបង្អង់ល្បឿនស្រាប់ហើយ ដែលមានមូលហេតុ ១ផ្នែក មកពីភាពបាក់បែកប្រេះឆាខាងនយោបាយ និងសង្គមនោះ ធ្វើឱ្យក្រុមអ្នកគាំទ្រគណបក្សសាធារណរដ្ឋ ចំនួនដ៏ច្រើនអនេក បានមើលស្រាល និងមិនជឿរឿងគ្រោះថ្នាក់ធ្ងន់ធ្ងររបស់ជំងឺរាតត្បាត ដូចដែលបានឃើញ តាមរយៈលទ្ធផលនៃការស្ទង់មតិ ជាច្រើនដងកន្លងមក។

ដូច្នេះហើយ ទើបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត រឿងដែលថា នឹងក្លាយជាមនុស្សអារនេះ រឹតតែជាឧបសគ្គធំសម្រាប់ការព្យាយាមរបស់គណៈគ្រប់គ្រងរបស់លោកប្រធានាធិបតី ចូ បៃដិន ក្នុងការសម្រេចគោលដៅ ធ្វើឱ្យមនុស្សម្នាក្នុងសហរដ្ឋអាមេរិក ទទួលយកការចាក់វ៉ាក់សាំងភាគច្រើន ដើម្បីឱ្យកើតមានប្រព័ន្ធប្រឆាំងជំងឺជាសហគមន៍ឡើង។
របាយការណ៍ស្រាវជ្រាវមួយ ដែលបាននាំយកមកផ្សព្វផ្សាយ កាលពីដើមខែឧសភានេះ បានបង្ហាញឱ្យឃើញថា ក្នុងចំណោមអ្នកដែលប្រាប់ថា ពួកគេនឹងមិនទទួលយកវ៉ាក់សាំងយ៉ាងពិតប្រាកដនោះ មានចំនួន ២ភាគ៣ បាននិយាយថា ពួកគេបារម្ភថា វ៉ាក់សាំងនឹងមានផលប៉ះពាល់ ធ្វើឱ្យពួកគេមិនអាចមានកូនបាន។
ខណៈពេលជាមួយគ្នា ប្រមាណជាពាក់កណ្ដាលនៃអ្នក ដែលនៅមិនទាន់បានចាក់វ៉ាក់សាំង បានប្រាប់ថា ពួកគេមានក្ដីកង្វល់ថា “វ៉ាក់សាំងកូវីដ-19 អាចនឹងមានផលប៉ះពាល់អវិជ្ជមាន ចំពោះការមានកូនរបស់ពួកគេនាពេលអនាគត។ លោក អេស្ល៊ី ឃើស៊ីងហ្គើរ អគ្គនាយករងផ្នែកគំនិតយោបល់របស់ប្រជាជន និងការវិភាគស្រាវជ្រាវ របស់មូលនិធិគ្រួសារ កៃហ្ស៊ើរ ដែលជាក្រុមមិនយកផលកម្រៃ ដែលធ្វើការផ្នែកនយោបាយសុខភាពសាធារណៈ និងជាអ្នកដំណើរការការស្ទង់មតិក្នុងគ្រានេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP បែបនេះ។
ទាំងអស់នេះ មានស្ត្រី ៥០% និងបុរស ៤៧% ដែលមានអាយុចន្លោះ ១៨-៤៩ឆ្នាំ ដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំង បានប្រាប់ថា ពួកគេមានការភ័យខ្លាចចំពោះរឿងនេះ៕
ប្រភព៖ សារព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព