បរទេស៖ ចិនបានចេញមកចោទសហរដ្ឋអាមេរិកថា គំរាមដល់សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី១៩ ឧសភា ក្រោយពីសហរដ្ឋអាមេរិក បញ្ជូននាវាពិឃាត ឆ្លងកាត់ដែនទឹកដែលបែងចែកព្រំដែនរវាងក្រុងតៃប៉ិ ជាមួយប្រទេសចិនដីគោកជាថ្មីម្ដងទៀត។
កងនាវាទី៧ នៃកងទ័ពជើងទឹកសហរដ្ឋអាមេរិក បានថ្លែងថា នាវាពិឃាតបំពាក់អាវុធកាំជ្រួចតម្រង់គោលដៅ Arleeh-Berk USS Curtis Wilbur បានចេញប្រតិបត្តិភារកិច្ចនៅក្នុងច្រកសមុទ្រតៃវ៉ាន់ តាមវេនល្បាតប្រក្រតី កាលពីថ្ងៃអង្គារ ទី១៧ឧសភា ដោយដំណើរការទៅតាមគោលការណ៍ច្បាប់សកល។
សេចក្ដីថ្លែងការណ៍នោះបញ្ជាក់ថា “ការបញ្ជូននាវាឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ គឺដើម្បីបង្ហាញអំពីចេតនារម្មណ៍របស់សហរដ្ឋអាមេរិក ក្នុងការជំរុញឱ្យតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្លាយជាភូមិភាគដែលសេរី និងបើកទូលាយ។ កងទ័ពសហរដ្ឋអាមេរិក នឹងនៅតែធ្វើការហោះហើរ បញ្ជូននាវា និងចេញប្រតិបត្តិការនៅក្នុងទីតាំងណាមួយក៏ដោយ ដែលច្បាប់អន្តរជាតិអនុញ្ញាត”
ចំណែកអ្នកនាំពាក្យទីបញ្ជាការភាគខាងកើតរបស់ប្រទេសចិន (China’s Eastern Theatre Command) បានចេញមកជំទាស់ និងថ្កោលទោសចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដែលកើតឡើងក្រោមស្ថានការណ៍តានតឹងរវាងប្រទេសមហាអំណាចទាំង។

“ទង្វើរបស់សហរដ្ឋអាមេរិក កំពុងតែបញ្ជូនសញ្ញាខុសៗ ទៅកាន់ក្រុមទាមទារឯករាជ្យតៃវ៉ាន់ និងមើលឃើញបានច្បាស់ថា មានចេតនាជ្រៀតជ្រែកស្ថានការណ៍ក្នុងតំបន់ រួមទាំងកាត់បន្ថយសន្តិភាព និងស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់” អ្នកនាំពាក្យកងទ័ពចិន បានថ្លែងបែបនេះ ព្រមទាំងបញ្ជាក់ថា កងទ័ពរំដោះប្រជាជនចិន បានតាមសង្កេតមើលគ្រប់សកម្មភាពរបស់នាវាពិឃាតសហរដ្ឋអាមេរិក ១គ្រឿងនេះជាប់រហូត។
ក្រុងប៉េកាំងជឿថា រដ្ឋបាលតៃវ៉ាន់ ដែលចេញមកពីការបោះឆ្នោតតាមរបបប្រជាធិបតេយ្យ មានគោលបំណងក្នុងការប្រកាសឯករាជ្យ ដែលនេះ គឺជាការ “ឈានរំលងខ្សែបន្ទាត់” ក្នុងខ្សែភ្នែករបស់ប្រទេសចិន ខណៈដែលលោកស្រីប្រធានាធិបតី ឆៃ អ៊ិងវឹន អះអាងថា តៃវ៉ាន់ ជា “រដ្ឋឥស្សរៈ” ស្រាប់ហើយ ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋចិន ឬ Republic of China។
ក្រសួងការពារប្រទេសតៃវ៉ាន់ បានបញ្ជាក់ថា នាវាពិឃាតសហរដ្ឋអាមេរិក បានធ្វើដំណើរតម្រង់ទៅទិសខាងត្បូង និងស្ថានការណ៍គ្រប់យ៉ាង “ស្ថិតក្នុងភាពប្រក្រតី។
ក្នុងរយៈពេលក្រោយៗនេះ កងទ័ពជើងទឹកសហរដ្ឋអាមេរិក មានការបញ្ជូននាវាចម្បាំងធំៗ ចូលមកប្រតិបត្តិភារកិច្ចក្នុងបរិវេណច្រកសមុទ្រតៃវ៉ាន់ ជាប្រចាំ សឹងតែរាល់ខែ។
សហរដ្ឋអាមេរិក ក៏ដូចប្រទេសជាច្រើនទៀតដែរ ដែលមិនមានសម្ព័ន្ធភាពខាងការទូតជាផ្លូវការជាមួយតៃវ៉ាន់ឡើយ តែក៏ផ្ដល់ការគាំទ្រដល់តៃវ៉ាន់ លើវេទិកាអន្តរជាតិ និងថែមទាំងលក់អាវុធយុទ្ធភណ្ឌឱ្យទៀតផង។
ការប៉ះទង្គិចគ្នាខាងយោធារវាងចិន និងតៃវ៉ាន់ ចាប់ផ្ដើមខ្លាំងក្លាទ្វេឡើងកាលពីឆ្នាំទៅ ដោយតៃវ៉ាន់ បានប្ដឹងផ្ដល់ថា យន្តហោះរបស់ចិន បានឈ្លានពានចូលមកក្នុងតំបន់បង្ហាញខ្លួនដើម្បីការការពារខាងផ្លូវអាកាស(ADIZ)ជាញឹកញាប់ និងពេលខ្លះ ក៏មានយន្តហោះប្រដេញ និងយន្តហោះទម្លាក់គ្រប់បែកទៀតផង។
ក្នុងខណៈដែលចិន បានអះអាងថា កិច្ចការងារជុំវិញកោះតៃវ៉ាន់នោះ គឺធ្វើឡើង ដើម្បីការពារអធិបតេយ្យភាពជាតិ តែតៃវ៉ាន់មើលឃើញថា ជាការព្យាយាមគំរាមច្រើនជាង៕
ប្រភព៖ Reuters
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព