បរទេស៖ ចាក់វ៉ាក់សាំងកូវីដ-19 របស់ អ៊ែស្ត្រាហ្សេនេកា គ្រប់ ២ដូស អាចមានប្រសិទ្ធភាពការពារការឆ្លងមេរោគបែបមិនបញ្ចេញអាការ បានដល់ទៅ ៨៥% ទៅ ៩០%។ នេះបើតាមការឱ្យដឹងពីក្រសួងសុខាភិបាលអង់គ្លេស (PHE) កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ឧសភា តែបានបញ្ជាក់ដោយក្ដីប្រយ័ត្នប្រយែងថា ទិន្នន័យនេះ មិនទាន់ច្រើនគ្រប់គ្រាន់សម្រាប់ធ្វើជាបទសរុបបាននៅឡើយ។
ចក្រភពអង់គ្លេស គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានអ្នកស្លាប់ដោយសារជំងឺរាតត្បាតដ៏ធំនេះ ច្រើនបំផុត ក្នុងពិភពលោក តែក្នុងជ្រុង ១ទៀត ពួកគេ ក៏ជាប្រទេសមួយ ដែលចែកចាយវ៉ាក់សាំងបានលឿនបំផុតផងដែរ ដែលវាបានបង្កើតឱ្យមានទិន្នន័យជាច្រើន ពាក់ព័ន្ធនឹងប្រសិទ្ធភាពពីការប្រើការពិតប្រាកដ។
ប្រទេសមួយនេះ ជាប្រទេសដំបូងគេ ដែលចាក់វ៉ាក់សាំងរបស់ អ៊ែស្ត្រាហ្សេនេកា និងដែលបានប្រឈមនឹងសំណួរផ្សេងៗជាច្រើន ពាក់ព័ន្ធនឹងគ្រោងសាងការសាកល្បងខាងគ្លីនិក(ការព្យាបាល) ប្រសិទ្ធភាពរបស់វាក់សាំង និងរយៈពេលឆ្ងាយពីគ្នា ដែលស័ក្តិសមរបស់ការចាក់ដូសនីមួយ។

ក្រសួងសុខាភិបាលអង់គ្លេស បានបញ្ជាក់ថា លទ្ធផលនៃការរកឃើញដំណាក់កាលដំបូង ជាលទ្ធផលការស្រាវជ្រាវលើកដំបូង ដែលពាក់ព័ន្ធនឹងប្រសិទ្ធភាពរបស់វ៉ាក់សាំង អ៊ែស្ត្រាហ្សេនេកា ពិតៗ ក្រោយចាក់គ្រប់ ២ដូស តែបានដាស់តឿនថា ពួកគេមានភាពជឿជាក់លើលទ្ធផលការរកឃើញ ក្នុងកម្រិតទាប និងលទ្ធផលនេះ នឹងមិនមានការសរុបនៅឡើយ រហូតទាល់តែបានរួបរួមភ័ស្តុតាងបន្ថែម។
ក្នុងរបាយការណ៍សង្កេតការណ៍ប្រចាំសប្ដាហ៍ សុខាភិបាលអង់គ្លេស បានបញ្ជាក់ថា ប្រសិទ្ធភាពរបស់វ៉ាក់សាំង អ៊ែស្ត្រាហ្សេនេកា ដែលអភិវឌ្ឍរួមគ្នាជាមួយមហាវិទ្យាល័យអុកស្វ៉ដ ស្ថិតក្នុងអត្រា ៨៩% ជាមធ្យម អាចការពារការឆ្លងមេរោគបែបមិនបង្ហាញអាការបាន ៩០%។
លោក ហ៊ីម សាហាវី រដ្ឋមន្ត្រីក្រសួងវ៉ាក់សាំង ថ្លែងថា “ទិន្នន័យថ្មីនេះ បានបញ្ជាក់ពីលទ្ធផលដ៏គួរឱ្យកោតសរសើរ របស់ការចាក់វ៉ាក់សាំងគ្រប់ ២ដូស ដោយដូសទី២ របស់វ៉ាក់សាំងអ៊ែស្ត្រាហ្សេនេកា បានផ្ដល់ការការពារខ្ពស់បំផុតដល់ទៅ ៩០%”
អ៊ែស្ត្រាហ្សេនេកា បានសម្ដែងការរីករាយស្វាគមន៍ចំពោះលទ្ធផលនៃការរកឃើញរយៈបឋមនេះថា “ទិន្នន័យពិតពី PHE បានបន្ថែមទម្ងន់ពីលើភ័ស្តុតាងកាន់តែខ្លាំងឡើង ដែលពិសោធឱ្យឃើញអំពីប្រសិទ្ធភាពវ៉ាក់សាំងរបស់យើង ចំពោះកូវីដ-19” អ្នកនាំពាក្យអ៊ែស្ត្រាហ្សេនេកា បានបញ្ជាក់បែបនេះ។
កាលពីសប្ដាហ៍កន្លងទៅ ចក្រភពអង់គ្លេស បានបន្ថយរយៈពេលការចាក់វ៉ាក់សាំងរវាងដូសនីមួយៗឱ្យនៅសល់ ៨សប្ដាហ៍ ចំពោះប្រជាជនអាយុលើស ៥០ឆ្នាំឡើង ដោយមានគោលដៅ ក្នុងការផ្ដល់ការការពារខ្ពស់បំផុតចំពោះមនុស្សទន់ខ្សោយបន្ថែមទៀត ដោយសារតែក្ដីកង្វល់ពាក់ព័ន្ធនឹងមេរោគក្លាយពូជ B.1.617.2 ដែលរកឃើញលើកដំបូងនៅក្នុងប្រទេសឥណ្ឌា៕
ប្រភព៖ Reuters
ប្រែ និងសម្រួលដោយ តាវ៉ែនតា
#អរគុណសន្តិភាព