កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយជាសម្ភារៈការពារជំងឺកូវីដ-១៩ និងគ្រឿងឧបភោគបរិភោគពីឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឯកឧត្តម ហេង សួររដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រគល់ជូនដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមចំណែកក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ដែលបានចាត់តាំងតំណាងគឺ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកឧបករណ៍តេស្តរហ័ស កូវីដ -១៩ ចំនួន ២៥០០ អាវពេទ្យ ៥០០០អាវ មួក ពេទ្យ ៥០០០មួក ម៉ាស ៥ម៉ឺន និងមីចំនួន ១០០កេស ប្រគល់ជូន គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ សម្រាប់ប្រេីប្រាស់ជាប្រយោជន៍ក្នុង យុទ្ធនាការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ឆ្លងរាតត្បាតដ៏កាចសាហាវនេះ ហើយក៏ជាការ ចូលរួមរំលែកចំពោះ ទុក្ខលំបាក និងការខ្វះខាត របស់បងប្អូនពលករចំណូលស្រុក ក៏ដូចជា អ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក។

គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១ នេះ ខេត្តកំពង់ចាម បានរកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន៣៥នាក់ ធ្វើឲ្យ តួរលេខ កេីនឡេីងដល់៧៥៤នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ ចំនួន ៦០១នាក់។អ្នកដែលប៉ះពាល់ដោយផ្ទាល់ ចំនួន៣០២៧នាក់ កំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
#អរគុណសន្តិភាព