បាត់ដំបង៖ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៧ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញចូលរួមប្រជុំពិភាក្សា ស្ដីពីការពង្រឹង ទប់ស្កាត់ និងបង្ក្រាប ការទន្ទ្រានដីរដ្ឋខុសច្បាប់ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសាលប្រជុំB2 សាលាខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមដោយលោក អភិបាលរង នៃគណៈអភិបាលខេត្ត លោក ស្នងការនគរបាលខេត្ត លោក មេបញ្ជាការកងរាជអាវុធខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា កន្លងមកនេះ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការទប់ស្កាត់ បង្ក្រាប ការទន្ទ្រានដីរដ្ឋ ជាពិសេសដីព្រៃលិចទឹក ដែលមានជនឆ្លៀតឱកាសមួយចំនួនបានរំលោភបំពានយក ហើយរដ្ឋបាលខេត្តក៏បានចេញនូវសេចក្ដីជូនដំណឹង អប់រំផ្សព្វផ្សាយ ដើម្បីធ្វើការហាមឃាត់ប្រជាពលរដ្ឋដែលរំលោភបំពានដីរដ្ឋផងដែរ ហើយក្នុងនោះដែរ រដ្ឋបាលខេត្ត ក៏បានបង្កើតទីបញ្ជាការស្រាលប្រចាំការ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងបានកសាងសំណុំរឿងជនល្មើសបញ្ជូនទៅតុលាការមួយចំនួនផងដែរ។

ឯកឧត្តម បានបន្តទៀតថា រាល់ការបង្ក្រាបបទល្មើសទាំងអស់នេះ រដ្ឋបាលខេត្តក៏មានការលំបាក និងជួបបញ្ហាប្រឈមមួយចំនួនទៀត ដោយសារទីតាំងដីព្រៃលិចទឹក និងដែននេសាទមានទំហំធំ ហើយមន្ដ្រីមានចំនួនតិច ខ្វះខាតធនធានមធ្យោបាយ ថវិកា និងសម្ភារៈក្នុងការចុះទប់ស្កាត់ជាដើមផងដែរ៕


ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង
#អរគុណសន្តិភាព