You are currently viewing ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម អញ្ជើញ​ជួបប្រជុំ​ជាមួយ​សមាគម​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​វ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ តាមរយៈ​ប្រព័ន្ធ​វីដេអូ

ថ្នាក់ដឹកនាំ​ខេត្តកំពង់ចាម អញ្ជើញ​ជួបប្រជុំ​ជាមួយ​សមាគម​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​វ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ តាមរយៈ​ប្រព័ន្ធ​វីដេអូ

ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម រួមជាមួយ​ឯកឧត្តម​អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ នៅ​ព្រឹក​ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២១ ។ បាន​អញ្ជើញ​ជួបប្រជុំ​ជាមួយ​សមាគម​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​វ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ តាមរយៈ​ប្រព័ន្ធ​វីដេអូ។

ក្នុងឱកាស​នេះ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត បានស្នើ​ដល់​សមាគម សូមជួយ​ឧបត្ថម​គាំទ្រ​ដល់​ការរៀបចំ​នូវ​មន្ទី​ពេទ្យ​មេគង្គ​កំពង់ចាម ឲ្យ​ប្រែ​ក្លាយទៅជា​កន្លែង​សម្រាប់​ព្យាបាល​ជំងឺ​កូ​វីដ-១៩ កម្រិតធ្ងន់ និង​ជា​កន្លែង​សង្គ្រោះបន្ទាន់​សម្រាប់​អ្នក​ដែលមាន​ជំងឺ​កូ​វីដ-១៩ ប្រកបដោយ​គុណភាព​ខ្ពស់។

ឯកឧត្តម អភិបាលខេត្ត បាន​បញ្ជាក់ថា មន្ទី​ពេទ្យ​មេគង្គ​កំពង់ចាម អាចដាក់​បាន​អ្នកជំងឺ​រាប់រយ​នាក់ ដែលជា​ប្រភេទ​អ្នកជំងឺ​កូ​វីដ-១៩ មាន​ស្ថានភាព​ធ្ងន់ធ្ងរ​ផងដែរ។ បច្ចុប្បន្ន​ក្រុមគ្រូពេទ្យ បាន​ព្យាបាល​អ្នកជំងឺ​ជាច្រើន ក្នុងនោះ​ក៏មាន​ស្ត្រី​ឆ្លងទន្លេ ដែលមាន​ផ្ទុក​កូ​វីដ-១៩ និង​បាន​សម្រាលកូន ដោយ​ជោគជ័យ ព្រោះ​មន្ទីរពេទ្យ មាន​ឧបករណ៍​ដែល​មន្ទី​សុខាភិបាល​បាន​បំពាក់​ជូន។

ឯកឧត្តម អភិបាលខេត្ត បាន​គូសបញ្ជាក់ថា ដោយសារ​ខេត្តកំពង់ចាម បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ-១៩ មានការ​កើន​ឡើងជា​លំដាប់ ទើប​រដ្ឋបាលខេត្ត បាន​សម្រេចយក​វិទ្យាល័យ​មួយកន្លែង​ទៀត នៅក្នុង​ក្រុង​កំពង់ចាម គឺ​វិទ្យាល័យ ព្រះសីហនុ រៀបចំ​ជា​កន្លែង​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ-១៩ កម្រិត​ស្រាល ឬ​ការព្យាបាល​កម្រិត​បឋម ដោយបាន​បំពាក់​គ្រែ ១.២០០គ្រែ ដែល​អាចដាក់​អ្នកជំងឺ​ព្យាបាល​នៅ​ទីនោះ​ផងដែរ។

គួរ​បញ្ជាក់ថា៖ ចាប់តាំងពី​ឆ្នាំ២០០៩ សមាគមន​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​វ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ បាន​ជួយ​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌ និង​វិស័យ​សុខាភិបាល​ក្នុង​ខេត្តកំពង់ចាម ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ២លាន​ដុល្លា​រួចមកហើយ។ ហើយ​ក្នុង​ឆ្នាំ២០២១នេះ សមាគម បាន​បន្ត​ជួយ​វិស័យ​សុខាភិបាល ទូទាំង​ខេត្ត ដោយបាន​ពង្រីក​វិសាលភាព​ជំនួយ​ក្រុង-ស្រុក​ទាំង១០របស់​ខេត្តកំពង់ចាម ក្នុង​គម្រោង​កែលម្អ និង​បំពាក់​សម្ភារៈ​បរិក្ខា​នៅតាម​មន្ទីរពេទ្យបង្អែក​ស្រុក​បន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្ត​កំពង់ចាម

#អរគុណ​សន្តិភាព

Leave a Reply