បាត់ដំបង៖ នៅថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីក្រុងពលីបញ្ខុះបឋមសិលា ស្ថាបនាច្រាំងស្ទឹងសង្កែ ត្រើយខាងលិចទល់មុខសាលាខេត្តបាត់ដំបង ដើម្បីការពារការបាក់ស្រុត និងរក្សានូវសោភណភាពទីក្រុង ក្រោមអធិបតី ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ។

នៅក្នុងពិធីក្រុងពលីបើកការដ្ឋានស្ថាបនាច្រាំងស្ទឹងសង្កែនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា ច្រាំងស្ទឹងដែលត្រូវធ្វើទាំងត្រើយខាងលិច និង ត្រើយខាងកើត សរុបមានប្រវែងជាង២០០ម៉ែត្រ ។ ការស្ថាបនាច្រាំងស្ទឹងសង្កែនេះ ដើម្បីបម្រើដល់ផលប្រយោជន៍ជាច្រើន ក្នុងនោះគឺអាចជួយទប់ច្រាំងស្ទឹងកុំឱ្យបាក់ ព្រោះជារៀងរាល់ពេលមានទឹកជំនន់ម្ដងៗ តែងមានការបាក់ស្រុតច្រាំងជាបន្តបន្ទាប់ ។

ឯកឧត្តមអភិបាលខេត្ត បន្តថា ច្រាំងស្ទឹងសង្កែនេះ នៅពេលកែលម្អរួចរាល់ នឹងមានរៀបចំធ្វើវេរ៉ងដារ អាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាពលរដ្ឋក្នុងក្រុងបាត់ដំបង ដើរហាត់ប្រាណបាន និងបានជួយបង្កើននូវសោភណភាពក្នុងក្រុងបាត់ដំបង ក៏ដូចជាការត្រៀមខ្លួនចូលរួមប្រកួតប្រជែកទីក្រុងស្អាត នៅឆ្នាំ២០២១នេះ។
ជាពិសេសបានចូលរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្តបាត់ដំបង ដើម្បីធ្វើឱ្យ វិស័យទេសចរណ៍ក្នុងខេត្តបាត់ដំបង កាន់តែមានភាពល្អប្រសើរ និងអាចទាក់ទាញភ្ញៀវទេស ចរមកលេងកម្សាន្តក្នុងខេត្តកាន់តែច្រើនឡើងៗ ។

គម្រោងផែនការក្នុងការស្ថាបនាច្រាំងស្ទឹងសង្កែនេះ ត្រូវបានចែកចេញជាពីរ គឺនៅត្រើយខាងកើត ត្រូវធ្វើជាជញ្ជាំងបេតុង ដើម្បីជួយទប់ទឹកជំនន់កុំឱ្យបាក់ច្រាំង និងនៅត្រើយខាងលិច នឹងមានចាក់បេតុងជាថ្នាក់ៗ មានដាំស្មៅ និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរ ដែលចង់ជិះទូកលេង អាចចុះតាមទីតាំងនេះបាន៕
#អរគុណសន្តិភាព