ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរ ជាប្រក្រតីឡើងវិញ ក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការ ចាប់តាំងពីអំឡុងខែ មេសា ឆ្នាំ២០២១កន្លងមក និងបានបើកឡើងវិញក្នុងកម្រិតត្រឹមតែលក់គ្រឿងហូបចុក បន្លែ ត្រីសាច់ កាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅ ។

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះផងដែរ មានជីវករប្រមាណ ៧០ភាគរយប៉ុណ្ណោះ បានចូលមកលក់ដូរវិញ ដោយសារថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី បានចេញនៅពេលយប់ ដូចនេះអាជីវករមួយចំនួនបានដឹង និងមួយចំនួនទៀតមិនទាន់បានដឹងនៅឡើយ ។ ប៉ុន្តែចំពោះអាជីវករដែលលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ ១០០ភាគរយហើយ។

ការបើកឱ្យដំណើរការឡើងវិញនៅព្រឹកថ្ងៃ១៥ ខែមិថុនានេះ ឃើញថា នៅតាមបណ្តាលផ្សាររដ្ឋនានា ក្នុងរាជធានីភ្នំពេញ បានដំណើរការជាធម្មតា ជាមួយនឹងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានអនុវត្តន៍វិធានការសុវត្ថិភាព ពាក់ម៉ាស, ការរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្កេន QR Code ជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
លោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា នេះថា ផ្សារទួលទំពូងចាប់ផ្តើមបើកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាល និងការណែ នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចេញ-ចូលផ្សារចំនួន ១០ ត្រូវបានបើកទ្វារសម្រាប់អាជីវករ បានលក់ដូរជាធម្មតាឡើងវិញ ដោយនៅតាមច្រកចេញ-ចូល លោកបានចាត់ចែងឱ្យមានកម្លាំងសន្តិសុខជួយសម្រួល ដោយការវាស់កម្តៅ លាងសម្អាតដៃជាមួយអាល់កុល និងធ្វើការស្កេន QR Code ផងដែរ មុននឹងអនុញ្ញាតឱ្យអាជីវករចូលទិញលក់នៅក្នុងផ្សារ ។ ចំណែកបងប្អូនអាជីវករ បានពាក់ម៉ាសគ្រប់គ្នាជាមួយនឹងការដាក់ដបអាល់កុលសម្រាប់ភ្ញៀវបានបាញ់សម្លាប់មេរោគ នៅគ្រប់តូបផងដែរ។

លោកបន្តថា សម្រាប់ថ្ងៃទី១៥ ខែមិថុនានេះ មានអាជីវករមកលក់ដូរបានប្រមាណ ៧០ភាគរយប៉ុណ្ណោះ ដោយសារថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានចេញ ចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹង និងមួយចំនួនទៀតមិនទាន់បានដឹង ។ ប៉ុន្តែចំពោះអាជីវករ លក់គ្រឿងហូបចុក បន្លែ ត្រីសាច់ បានមកលក់ពេញ ១០០ភាគរយ។
លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែមិថុនានេះដែរថា ចំពោះអាជីវករមកបើកតូបលក់ដូរនាថ្ងៃបើកផ្សារទូលំទូលាយពេលនេះ បានប្រមាណ ៧០ភាគរយប៉ុណ្ណោះ ។
លោក បន្តថា ផ្សារបានបើកច្រកចេញ-ចូល ៥ច្រក ក្នុងច្រកនីមួយៗ មានដាក់ម៉ាស៊ីនវាស់កម្ដៅ និងស្កេន QR code ពិសេសស្លាក ៣កុំ ៣ការពារ របស់សម្តេចតេជោ ។ ដោយឡែកចំពោះអាជីវករ ដែលមិនទាន់បានបើកលក់ដូរ គឺគាត់មកបើកតូប ដើម្បីបោសសម្អាត និងរៀបចំអីវ៉ាន់ ដើម្បីលក់នាថ្ងៃបន្ទាប់ ។ ក្នុងនាមអាជីវករផ្សារ ក៏ដូចអតិថិជន លោកសូមថ្លែងអំណរគុណរាជរដ្ឋាភិបាល ពិសេសអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង ដែលបានអនុញ្ញាតឱ្យបើកដំណើរការលក់ដូរផ្សារទាំង ២៥ឡើងវិញ ។

ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី លោកស្រី ប៉ុន ដានី បានមានប្រសាសន៍លើកឡើងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះផ្សារទាំង២៥នៅក្នុងរាជធានីភ្នំបេញ ត្រូវបានឯកឧត្តម ឃួង ស្រេង ចែកម៉ាស អាល់កុល ម៉ាស៊ីនវាស់កម្ដៅ បាញ់កម្ដៅជាច្រើនលើកមកហើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩នេះឱ្យបាន។
លោកស្រីបន្តថា ក្នុងផ្សារធំថ្មី អាជីវករបានពាក់ម៉ាសគ្រប់គ្នា រួមទាំងការវាស់កម្ដៅពេលចេញ-ចូលផ្សារ ដែលមាន៩កន្លែង, ការដាក់ QR Code រួមទាំងការណែនាំបងប្អូនជាប់ជាប្រចាំ ទាំងអ្នកលក់ អ្នកចេញ-ចូលផ្សារ និងមានកន្លែងលាងសម្អាតដៃជាមួយសាប៊ូ និងជែលផងដែរ ។ លោកស្រី បានបញ្ជាក់ថា ការបើកផ្សារឡើងវិញលើកនេះ គណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្លាំងជាងមុនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។
លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ បានប្រាប់ឱ្យដឹងដែរថា នៅផ្សារច្បារអំពៅ បានបើកតូបប្រហែល ៤០ភាគរយ និងមានអតិថិជន ប្រហែល ៣០ភាគរយ ចូលលក់វិញហើយ ៕

#អរគុណសន្តិភាព