កំពង់ឆ្នាំ៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោយ អភិវឌ្ឍតំបន់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងឲ្យទៅជាមជ្ឈមណ្ឌលស្រាវជ្រាវនិងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ តាមរយៈការប្រើបច្ចេកទេសកាត់ត្រួយបណ្តុះឲ្យបាន ៥លានដើម/ឆ្នាំ។

ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក មានផ្ទៃដីសរុប ២៨ ៩៦០ហិកតា ដើម្បីធ្វើការអភិវឌ្ឍ និងជំរុញការងារស្រាវជ្រាវ ពិសោធន៍ និងផលិតពូជឈើអាកាស្យា និងប្រេងខ្យល់ប្រភេទ Acacia hybrid និង Eucalyptus K7 និង G9 សម្រាប់ចែកជូនប្រជាពលរដ្ឋដាំជាចម្ការឈើលក្ខណៈគ្រួសារ ដាំតាមទីសាធារណៈ និងឈានដល់ការផលិតផ្គត់ផ្គង់ដល់វិស័យឯកជន។
ឯកឧត្តមបន្តថា បច្ចុប្បន្ននេះ រដ្ឋបាលព្រៃឈើបានដាំដុះដើមមេពូជអាកាស្យា Acacia hybrid បានចំនួន ១០ ០០០ដើម ប្រេងខ្យល់ ពូជ K7 បានចំនួន ៧ ០០០ដើម និងប្រេងខ្យល់ ពូជG9 បានចំនួន ២ ៥០០ដើម ដែលដើមពូជមេទាំងនោះអាចផ្តល់ត្រួយសម្រាប់កាត់បណ្តុះ ឬផលិតកូនបានប្រមាណជា ៧៦០ ០០០ដើម/ឆ្នាំ។

ឯកឧត្តមបន្ថែមថា ជាមួយគ្នានេះ ក៏នឹង សាងសង់បន្ទប់ពិសោធន៍បង្កាត់ពូជឈើដោយជាលិកាវប្បកម្ម សិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ថ្នាលបណ្តុះកូនឈើ ដើម្បីបង្កើនសមត្ថភាពផលិតកូនឈើឲ្យបាន ១០លានដើម/ឆ្នាំ។ ទន្ទឹមនឹងនេះ បង្កើនការផលិតពូជឈើពាណិជ្ជកម្មក្នុងស្រុកសម្រាប់ចែកចាយ និងដាំដុះនៅតាមទីសាធារណៈចំនួន ១,៥លានដើម/ឆ្នាំ។
បន្ទាប់ពីបានពិនិត្យវឌ្ឍនភាពជារួមរបស់ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីជំនាញទាំងអស់ដែលបានរួមគ្នាអភិវឌ្ឍន៍ ថែរក្សា និងការពារដីស្ថានីយប្រកបដោយ ចីរភាព និងប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញ លើកទឹកចិត្តឲ្យមានការវិនិយោគដាំឈើគ្រប់រូបភាពដូចជាការដាំបែបលក្ខណៈគ្រួសារ ការដាំដោយវិស័យឯកជនដូចជាក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងក្រុមហ៊ុនឯកជនដាំឈើដៃគូសហការជាមួយនឹងរដ្ឋ ដើម្បីបង្កើតការងារនៅមូលដ្ឋានជូនប្រជាពលរដ្ឋ កាត់បន្ថយការធ្វើចំណាកស្រុក បង្កើតប្រភពនៃការផ្គត់ផ្គង់ឈើក្នុងស្រុក និងនាំចេញផលិតផលឈើពីចម្ការឈើដាំជំនួសប្រភពផ្គត់ផ្គង់ឈើចេញពីព្រៃធម្មជាតិ ធានាដល់ការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យ រដ្ឋបាលព្រៃឈើត្រូវបន្តការងារផ្សព្វផ្សាយ ជំរុញ លើកទឹកចិត្ត និងសហការជាមួយគ្រប់ដៃគូតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-សហគមន៍” ដើម្បីបន្តអភិវឌ្ឍន៍ មិនថាស្ថានីយនេះ ឫស្ថានីយផ្សេងទៀតនោះទេ គឺវិស័យព្រៃឈើទាំងមូល ជាពិសេសគោលនយោបាយដាំឈើឲ្យកាន់តែផុលផុស និងកើនឡើងជាបន្តបន្ទាប់៕

#អរគុណសន្តិភាព