ភ្នំពេញ៖ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សម្រេចយកទំរង់សិល្បៈធំៗចំនួន៣ ដែលមាន របាំអប្សរា របាំព្រាបសន្តិភាពនិងក្បាច់គុណល្បុក្កតោ ដើម្បីយកទៅបង្ហាញក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមនៅវៀតណាម នាចុងឆ្នាំ២០២១នេះ។

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថា ការសម្រេចយកទំរង់សិល្បៈទាំង៣ ទៅសម្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាមនេះ ដោយសារតែរបាំអប្សរាគឺជាអត្តសញ្ញាណជាតិ របស់កម្ពុជា ដែលជាសិល្បៈអរូបីយរបស់កម្ពុជា ហើយរបាំអប្សរានេះ គឺជាផ្នែកមួយនៃរបាំព្រះរាជទ្រព្យ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយនៃមនុស្សជាតិ របស់អង្គការUNESCO កាលពីឆ្នាំ២០០៣ ដូច្នេះវាជាតំណាងឱ្យអត្ថសញ្ញាណនៃកម្ពុជាផង ហើយវាជាទំរង់នៃរបាំបុរាណរបស់ខ្មែរយើងផង ។ ឯកឧត្តម បន្តថា ចំណែករបាំព្រាបសន្តិភាពគឺជាសិល្បៈក្មេងៗ ជាពាក្យស្លោកកីឡារបស់យើង គឺកីឡារស់ក្នុងសន្តិភាព ហើយព្រាបជានិមិត្តរូបមួយបង្ហាញអំពីសន្តិភាព ដែលមានសន្តិភាពគឺមានការអភិវឌ្ឍន៍ មានសន្តិភាពគឺមានកីឡា ដើម្បីបង្ហាញឱ្យឃើញថា ព្រះរាជាណាចក្រកម្ពុជាយើងដែលមានសន្តិភាព ដែលយើងអាចមានលទ្ធភាព ក្នុងការរៀបចំកីឡាស៊ីហ្គេម។ ឯកឧត្តម បន្តទៀតថា ចំណែក ល្បុក្កតោ វិញគឺជាសិល្បៈក្បាច់គុណបុរាណមួយដែលវាបានផ្សារភ្ជាប់និងកីឡា ដូច្នេះទំរង់ទាំង៣នេះ វាផ្សារភ្ជាប់អត្ថន័យគ្នាទៅវិញទៅមក ។ ឯកឧត្តមបញ្ជាក់ថា បន្ទាប់ពីការសម្តែងទាំង៣ទំរង់នេះចប់ យើងក៏មានបទចម្រៀងមួយទៀតផងដែរ គឺចម្រៀងស្វាគមន៍អញ្ជើញមិត្តភ័ក្ក្រអាស៊ានទាំង១១ប្រទេស ចូលរួមនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមរបស់កម្ពុជា លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។

« យើងបានធ្វើការជាមួយនិងគណៈកម្មាធិការពិធីបើកបិទ នៃព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីរៀបចំនូវកម្មវិធីសិល្បៈខ្លីមួយក្នុងការទទួលទង់ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើក៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជា ម្ចាស់ផ្ទះ។ នៅក្នុងនោះមានការត្រៀមខ្លីទេ ដោយសារទី១ទីតាំងដែលត្រូវសម្តែងវាមិនធំនោះទេ ដែលគេបានកំណត់ឱ្យ ដោយអាចដាក់សិល្បៈករចន្លោះពី៣០ទៅ៥០នាក់ប៉ុណ្ណោះ ។ ទី២ រយៈពេលនៃការសម្តែងខ្លីទេវាប្រហែលជា១០នាទីយ៉ាងយូរ អ៊ីចឹងយើងយក៣ទំរង់ធំៗ គឺទី១របាំអប្សរា ទី២របាំព្រាបសន្តិភាពដោយសារពាក្យស្លោក របស់ស៊ីហ្គេមលើកទី៣២របស់យើង គឺកីឡារស់ក្នុងសន្តិភាព អ៊ីចឹងយើងមានជារបាំព្រាប មួយទៀត ហើយចប់ពីរបាំព្រាប ទៅគឺ ល្បុក្កតោ អ៊ីចឹង៣ទំរង់នេះមិនដាច់ពីគ្នានោះទេ គឺយើងសម្តែងតគ្នា មានរបាំអប្សរាចេញអ៊ីចឹងហើយ របាំព្រាប អ៊ីចឹងមក ល្បុក្កតោ គ្រាន់តែចេញមុនចេញក្រោយប៉ុណ្ណឹងទេ »។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ នៅវៀតណាម គ្រោងនឹងធ្វើនៅរដ្ឋធានី ហាណូយចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ ខណៈដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ កម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី០៥ដល់១៧ ខែឧសភាឆ្នាំ២០២៣៕


#អរគុណស្តិភាព