វ៉ាស៊ិនតោន៖ មេដឹកនាំរបស់ប្រទេសអាហ្គានីស្ថានលោក Ashraf Ghani ត្រូវបានគេដឹងថានឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនាថ្ងៃទី២៥ខែមិថុនាខាងមុខនេះហើយខណៈដែលយោធាអាមេរិកក៏កាន់តែខិតជិតទៅនឹងការដកខ្លួនទាំងស្រុងចេញពីអាហ្គានីស្ថានក្នុងខែកញ្ញាខាងមុខនេះ។
រំលឹកដែរថាលោកប្រធានាធិបតីអាមេរិក Joe Biden បានដាក់ការបញ្ជារួចរាល់ហើយថានឹងត្រូវតែដកកងទ័ពអាមេរិកទាំងអស់ពីអាហ្គានីស្ថាននៅចំថ្ងៃខួបលើកទី២០នៃការចូលលុកលុយនិងបង្កើតទៅជាសង្គ្រាមដែលអូសបន្លាយពេលវេលាយូរបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកដោយលោក Biden បានបញ្ជាក់ថានឹងមិនអាចទទួលលទ្ធផលអ្វីលើសពីនេះឡើយ។

អ្នកនាំពាក្យរបស់សេតវិមានបានបញ្ជាក់ដែរថាអំឡុងពេលបំពេញទស្សនកិច្ចលោកប្រធានាធិបតីអាហ្គានីស្ថានលោក Ghani នឹងធ្វើការគូសបញ្ជាក់អំពីស្ថានភាពដែលកំពុងបន្តនៃការដំណើរការដកទ័ពអាមេរិកចេញពីអាហ្គានីស្ថាន។
គិតមកដល់ពេលនេះចាប់តាំងតែពីបានប្រកាសអំពីការចាកចេញពីអាហ្គានីស្ថានរួចមកក្រុមតាលីបង់បានបើកការវាយប្រហារកាន់តែខ្លាំងក្លាឡើងវិញជារៀងរាល់ថ្ងៃទៅលើកងកម្លាំងរដ្ឋាភិបាលអាហ្គានីស្ថានហើយថែមទាំងបានអាចកាន់កាប់ស្រុកចំនួនជាង៤០មកហើយ៕
#អរគុណសន្តិភាព