ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំពិធីចាប់ឆ្នោត និងធ្វើសន្និសីទសារព័ត៌មាន ការប្រកួតបាល់ទាត់ពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ប្រចាំឆ្នាំ២០២០ កាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅសាលនាយកដ្ឋានអប់រំកាយ និងកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រកួតនឹងត្រូវចាប់ផ្តើមនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ដោយមានក្រុមចូលរួមចំនួន១០ គឺក្រុមបាល់ទាត់នារីភ្នំពេញក្រោន សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បឹងកេត ព្រះខ័នរាជស្វាយរៀង ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ស្ពឹ ខេត្តកំពង់ធំ ខេត្តកណ្តាល និងខេត្តកំពង់ឆ្នាំង។

លោកស្រី ពុធ ធីតា សមាជិកគណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាអនុប្រធានគណៈកម្មការបាល់ទាត់នារីបានលើកឡើងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំការប្រកួតជម្រើសបាល់ទាត់នារីប្រចាំឆ្នាំ២០២០ ក្នុងគោលបំណងអភិវឌ្ឍន៍កីឡាបាល់ទាត់នារីឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ក៏ដូចជាការត្រៀមខ្លួនចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ២០២១ ដែលនេះគឺស្របតាមផែនការយុទ្ធសាស្ត្រឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ លោកស្រីបន្ថែមថា ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣នេះ ក្រុមបាល់ទាត់នារីនឹងត្រូវសម្រិតសម្រាំងយកចំនួន ២៥នាក់ រួមទាំងមន្ត្រី ៤នាក់ទៀត សរុប ២៩នាក់ ទៅបោះជុំរុំហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ដោយចែកជាដំណាក់កាល។
លោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ជូនថា ដោយសារបាល់ទាត់ គឺជាប្រភេទកីឡាទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ដូច្នេះហើយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានត្រៀមលក្ខណៈឱ្យបានល្អប្រសើរ។ ប៉ុន្តែដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យការចេញទៅហ្វឹកហាត់នៅប្រទេសចិននេះ ត្រូវពន្យារពេលមកដល់ពេលនេះ។ «យើងនៅមានពេល ក្នុងការប្រមូលផ្តុំក្រុមជម្រើសជាតិបាល់ទាត់នារី និងចេញទៅហ្វឹកហាត់នៅប្រទេសចិន ប៉ុន្តែយើងហាក់មានក្តីសង្ឃឹមតិចនៅឡើយ ដោយសារតែវិបត្តិជំងឺផ្លូវដង្ហើមនេះនៅបន្ត រីករាលដាលនៅក្រៅប្រទេសនៅឡើយ។ យើងទទួលយកនូវការលើកឡើងរបស់មតិមហាជន ដែលថាសហព័ន្ធកីឡាបាល់ទាត់នារីគួរតែខិតខំអភិវឌ្ឍន៍បាល់ទាត់នារីឱ្យបានខ្លាំងក្លា ដើម្បីត្រៀមស៊ីហ្គេម។ បើប្រៀបធៀបគុណភាពបច្ចេកទេសរបស់ក្រុមជម្រើសជាតិបាល់ទាត់នារីរបស់កម្ពុជា មិនមែនជាអន់ពេក ឬចុងក្រោយនោះទេ ដោយយើងអាចលេងបានជាមួយបណ្តាប្រទេសមួយចំនួនក្នុងអាស៊ីអាគ្នេយ៍ ដូចជាព្រុយណេ ឡាវ និងប្រហាក់ប្រហែលជាមួយនឹងហ្វ៊ីលីពីន ដោយម្តងកាលក្រុមនារីយើងបានយកឈ្នះការប្រកួតដែរ» ។
អគ្គលេខាធិការរូបនេះបន្ថែមទៀតថា ដើម្បីបង្កើនការអភិវឌ្ឍលើផ្នែកបាល់ទាត់នារី ការបង្កើនប្រាក់រង្វាន់ជ័យលាភីពានរង្វាន់ជម្រើសជើងឯកបាល់ទាត់នារី ក៏ត្រូវបានគិតគូរដូចគ្នាផងដែរ៕