សៀមរាប÷ នៅក្នុងឱកាសជួបសំណេះសំណាល ជាមួយសមាជិកសមាគមន៍ទេសចរណ៍ បាគង ភូមិខ្ញុំ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍បាន មាន ប្រសាសន៍ថា កន្លងមកនេះមាន ការលើកឡើងថា ចំណូល បាន មកពីវិស័យទេសចរណ៍ មិនសូវបាន ទៅដល់ប្រជាពលរដ្ឋនៅជនបទ ដោយភ្ញៀវទេសចរ ដើរកម្សាន្តចាយលុយតែនៅក្នុងតំបន់ទីប្រជុំជន។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងទេសចរណ៍ បានដាក់ចេញជាយុទ្ធសាស្ត្រ [សៀមរាបក្រៅពីអង្គរ] ដែលភ្ញៀវទេសចរ នឹងទៅទស្សនាកម្សាន្ត នៅតាមសហគមន៍ទេសចរណ៍ជាច្រើនដែលយើងមាន ។

ឯក ឧត្តមរដ្ឋមន្ត្រីបាន ជំរុញឱ្យ សហគមន៍ទេសចរណ៍ទាំង អស់ បង្ហាញពីសក្តានុពល ទេសចរណ៍ដែលខ្លួនមានប្រាប់ និងកែច្នៃបន្ថែមដើម្បីទាក់ទាញភ្ញៀវទេសចរ និងទាញ យកចំណូលពីទេសចរជូនដល់ប្រជាពលរដ្ឋក្នុងសហគមន៍ ជាពិសេសបរិបទកូវីដនេះ យើងត្រូវរៀបចំទាក់ទាញភ្ញៀវទេសចរជាតិយើង ព្រោះថា ភ្ញៀវទេសចរជាតិឥឡូវនេះមាន ការចេញដើរកម្សាន្តច្រើន ហើយក៏មាន ការចាយវាយច្រើនដែរ។ ដូច្នេះសហគមន៍ ទេសចរណ៍ទាំងអស់ ជាពិសេសសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលកំពុងតែមានការ ទាក់ទាញភ្ញៀវទេសចរជាតិផងនោះ ត្រូវបង្កើតការរៀបចំឱ្យកាន់តែល្អប្រសើរ ត្រូវមានអនាម័យ មានវិធានការការពារកូវីដ១៩ និងការរៀបចំបង្ហាញអំពីវប្បធម៌ ប្រពៃណី និងទំនៀម ទម្លាប់របស់ ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ។

លោក សូត្រ សួរ តំណាងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បានឱ្យដឹងថា សហគមន៍ ទេសចរណ៍បាគងភូមិខ្ញុំ បង្កើតឡើងក្នុងគោលបំណងសំខាន់ៗគឺ៖ ១.ជំរុញសក្តានុពល ទេសចរណ៍នៅតំបន់ប្រាសាទបាគងតាមរយៈការភ្ជាប់ទំនាក់ទំនងការ ទសន្សនាប្រាសាទ និងទេសភាពជនបទ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកកម្សាន្តឱ្យកាន់តែ ច្រើនឡើង។ ២.ជំរុញលើកទឹកចិត្តប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការបង្កើតផលិតផលកសិកម្ម បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងផលិតផលអនុស្សាវរីយ៍ក្នុងស្រុក (យន្តការភូមិមួយ ផលិតផលមួយ) ដើម្បីលក់ជូន ភ្ញៀវទេសចរ បង្កើនចំណូលផ្ទាល់ លើកកម្ពស់ជីវភាព សហគមន៍ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និង៣. លើកកម្ពស់អនាម័យ និងបរិស្ថាន ស្អាត ក្នុងសហគមន៍ ចូលរួមជំរុញ និងអនុវត្តចលនា ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ។
លោក សូត្រ សួរ បានបន្តថា សម្រាប់ផែនការទៅថ្ងៃអនាគត សហគមន៍គ្រោងនឹង ខិតខំអភិវឌ្ឍន៍នេះឱ្យមានបរិស្ថានស្អាត មានសោភណភាពស្រស់បំព្រងបែបធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ។ ខណៈនៅក្នុងអំឡុងពេលនៃការរៀបចំបើក ដំណើរការក្នុងខែដំបូងនេះ សហគមន៍ទេសចរណ៍បាគងភូមិខ្ញុំទទួលភ្ញៀវ សរុបចំនួន ១១,៧០០នាក់ ដែលមកពីក្នុងខេត្តសៀមរាបក្នុងអត្រាប្រមាណ ៧០ភាគរយ និងមកពីបណ្តា ខេត្តផ្សេងៗ ៣០ភាគរយ ក្នុងនោះថ្ងៃចុងសប្តាហ៍គឺជាថ្ងៃដែលមានចំនួនភ្ញៀវ មកកម្សាន្តច្រើន ជាងគេ នៅក្នុងចន្លោះពី៥០០នាក់ ទៅ៧០០នាក់ក្នុងមួយថ្ងៃ៕
#អរគុណសន្តិភាព