You are currently viewing លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បញ្ជាក់​សារជាថ្មី​ថា អង្គការ​សុខភាព​ពិភពលោក ពុំទាន់​ទទួលស្គាល់​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ-១៩ ណាមួយ​ជា​ផ្លូវការ​នៅឡើយ​ទេ

លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បញ្ជាក់​សារជាថ្មី​ថា អង្គការ​សុខភាព​ពិភពលោក ពុំទាន់​ទទួលស្គាល់​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ-១៩ ណាមួយ​ជា​ផ្លូវការ​នៅឡើយ​ទេ

ភ្នំពេញ÷ ដោយ​សង្កេតឃើញ​មានការ​ផ្សព្វផ្សាយ​យ៉ាងច្រើន​អំពី​ការផលិត ការសាកល្បង​ដោយ​ជោគជ័យ អំពី​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ-១៩ ពី​បណ្តា​ប្រទេស​មួយចំនួន ហើយ​ដែល​កត្តា​នេះ​អាចធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា មាន​ការយល់ច្រលំ ហើយ​អាច​ធ្វេសប្រហែស​នោះ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ទីភ្នាក់ងា​រ​សារព័ត៌មាន​កម្ពុជា (AKP) នៅ​យប់​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ថា មិនទាន់មាន​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ-១៩ ណាមួយ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក​នៅឡើយ​ទេ រហូតមកទល់​ថ្ងៃនេះ។

ឆ្លើយតប​ទៅនឹង​សំណួរ​អ្នកយកព័ត៌មាន AKP លោកជំទាវ​វេជ្ជបណ្ឌិត​បាន​មានប្រសាសន៍ថា ៖ “ខ្ញុំ​សូម​បញ្ជាក់ជូន​ជាថ្មី រហូតមកទល់​ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០នេះ អង្គការ​សុខភាព​ពិភពលោក ពុំទាន់​បានទទួល​ស្គាល់​ជា​ផ្លូវការ នូវ​វ៉ាក់សាំង​ការពារ​វីរុស​កូ​វីដ-១៩ នៅឡើយ​ទេ” ។

លោកជំទាវ​បាន​បន្ថែមថា ប៉ុន្តែ​ខណៈ​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​សមាជិក​សម្ព័ន្ធភាព​អន្តរជាតិ​ចាក់​ថ្នាំ​បង្ការ (GAVI) ក្រសួងសុខាភិបាល បាន និង​កំពុងធ្វើការ​យ៉ាង​ជិតស្និត​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ក៏ដូចជា​ប្រទេស​នានា​ដទៃទៀត ក្នុងការ​គិតគូរ​ស្នើសុំ​ឱ្យមាន​ការផ្តល់​វ៉ាក់សាំង​ប្រកបដោយ​សមភាព​មក​ក​ម្ពុ​ជា​ផងដែរ ដែល​ហៅថា non-binding expression of interest for Covid-19 vaccine to Covax facility of GAVI រួចហើយ។

ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​វេជ្ជបណ្ឌិត ក៏បាន​បន្ត​អំពាវនាវ​ជាថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ប្រកាន់​ភ្ជាប់​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​ការឆ្លង​វីរុស​កូ​វីដ-១៩ តាមរយៈ​វិធានការសាមញ្ញៗទាំង០៣ គឺ​អនាម័យ​ដៃ-ខ្លួនប្រាណ​ស្អាត ពាក់​ម៉ាស​នៅ​ទីកន្លែង​ចាំបាច់ និង​រក្សា​គម្លាត​សុវត្ថិភាព យ៉ាងតិច១,៥ម៉ែត្រ​ពីគ្នា។

គិត​ត្រឹម​ព្រឹក​ថ្ងៃនេះ​ផងដែរ កម្ពុ​ជាមាន​ករណី​ឆ្លង​សរុប​ទូទាំងប្រទេស​គិត​ចាប់​ពីថ្ងៃ​រកឃើញ​ដំបូង​នៅ​ខែមករា គឺមាន​ចំនួន ២៧៨នាក់ ព្យាបាល​ជាសះស្បើយ​ចំនួន ២៧៥នាក់ និង​កំពុង​សម្រាក​ព្យាបាល​ចំនួន ០៣នាក់ ខណៈ​ករណី​វិជ្ជមាន​ទាំងអស់ ភាគច្រើន​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស៕

ប្រភព÷ AKP

#អរគុណ​សន្តិភាព

Leave a Reply