You are currently viewing កម្ពុជា​ប្រារព្ធ​ទិវា​គ្រូបង្រៀន០៥ តុលា​ក្រោម​ប្រធានបទ «គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល»

កម្ពុជា​ប្រារព្ធ​ទិវា​គ្រូបង្រៀន០៥ តុលា​ក្រោម​ប្រធានបទ «គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល»

(ភ្នំពេញ)៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​គ្រូបង្រៀន ០៥ តុលា ក្រោម​ប្រធានបទ «គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល» ដោយមាន​ការចូលរួម​ពី លោកគ្រូ អ្នកគ្រូ​បុគ្គលិក​អប់រំ សមាគម​បុគ្គលិក​សិក្សា​ខ្មែរ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​តំណាង​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ជាច្រើនរូប។

ទិវា​គ្រូបង្រៀន ០៥ តុលា ក្រោម​ប្រធានបទ «គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល» ខាងលើនេះ ធ្វើឡើង​ក្រោម​វត្ដ​មាន លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ប្រ​ព្រឹ​ត្ដ​ធ្វើឡើង នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ រយៈពេល១ថ្ងៃ​ពេញ។

រដ្ឋមន្ដ្រី ហង់​ជួន ណា​រ៉ុ​ន បាន​លើកឡើងថា ក្នុង​រយៈពេល​មធ្យម និង​រយៈពេល​វែង​ខាងមុខ ដើម្បី​រៀបចំ និង​តម្រង់ទិស​គ្រូបង្រៀន ឲ្យ​ឆ្លើយតប​យុគសម័យ​ឌីជីថល និង​បរិបទថ្មីៗទៀត ជាពិសេស​បន្ត​បោះជំហាន ទៅរក​ការអប់រំ​តាមបែប​ឌីជីថល ក្រសួង​នឹង​បន្ត​យកចិត្តទុកដាក់ លើកកម្ពស់​សមត្ថភាព​គ្រូបង្រៀន តាមរយៈ​ការបន្ត​អនុវត្ត​កំណែទម្រង់​ការបណ្តុះបណ្តាល​គ្រូ កំណែទម្រង់​សាលា​គរុកោសល្យ ដោយ​ផ្តោតលើ៖

 

១៖ ការអភិវឌ្ឍ​មជ្ឈមណ្ឌល​គរុកោសល្យ​ទាំង៤ (កណ្តាល ព្រៃវែង កំពង់ចាម និង​សៀមរាប)

២៖ ការបង្កើន​គុណវុឌ្ឍិ​គ្រូបង្រៀន ឲ្យ​ដល់​កម្រិត​បរិញ្ញាបត្រ

៣៖ ការរៀបចំ​កម្មវិធី​ប​ណ្តុះ​បណ្តាល​គ្រូ ឲ្យ​មាន​លក្ខណៈ​ជាក់ស្តែង រយៈពេល​ខ្លី និង​តម្រង់ទិស​ឆ្ពោះទៅ​សាលារៀន

៤៖ ការបើក​ច្រក​ការអប់រំ​គ្រូ ដោយ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល ដែលមាន​តុល្យភាព​រវាង​ការចូលរួម​របស់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ និង​សាលារៀន ក្នុងការ​ធ្វើ​វិ​ក្រឹ​ត​ការ​គ្រូបង្រៀន​ដោយ​ផ្តោតលើ៖ (១) ការផ្សារភ្ជាប់​រវាង​ទ្រឹស្តី និង​ការអនុវត្ត​និង (២) ទំនាក់ទំនង​រវាង​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ និង​សាលារៀន

៥៖ ការផ្សារភ្ជាប់​ការបណ្តុះបណ្តាល​គ្រូ ជាមួយនឹង​កម្មវិធី​វិ​ក្រឹ​ត​ការ​គ្រូ ទៅតាម​ដំណាក់កាលផ្សេងៗ នៃ​អាជីព​ជា​គ្រូបង្រៀន

៦៖ ការកាត់បន្ថយ​គម្លាត ក្នុង​កម្មវិធី​បណ្តុះបណ្តាល​គ្រូ រវាង​មុខវិជ្ជា​ឯកទេស និង​វិធីសាស្ត្រ​បង្រៀន និង​រវាង​ការស្រាវជ្រាវ និង​ការបង្រៀន និង​រវាង​វិទ្យាស្ថាន-គរុកោសល្យ និង​សាលារៀន

៧៖ ការរៀបចំ​កម្មវិធី​គាំទ្រ​គ្រូ​ចេញ​ថ្មី (School-based mentoring program) ដើម្បី​ជួយ​ដល់​គរុ​សិស្ស ក្នុងការ​ចាប់យក​អាជីព​បង្រៀន និង​បង្កើត​ទំនាក់ទំនង រវាង​គ្រូ​ចុះ​កម្មសិក្សា និង​សាលារៀន

៨៖ ការរៀបចំ​កម្មវិធី​អភិវឌ្ឍ​វិជ្ជាជីវៈ​ជាប្រចាំ (Continuous Professional Development) ដើម្បី​ជួយ​ដល់​គ្រូ ក្នុងការ​បំពេញតម្រូវកា​រ​ជាក់ស្តែង នៅក្នុង​ការបង្រៀន និង​ជួយ​គ្រូ​ឲ្យ​រៀន​បន្ត។

ឆ្លៀតឱកាស​នោះ រដ្ឋមន្ដ្រី ហង់​ជួន ណា​រ៉ុ​ន ក៏​សូម​ថ្លែងអំណរគុណ ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដែលជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់ វិនិយោគ​តាម​គ្រប់​រូបភាព ដល់​វិស័យ​អប់រំ​ជួយ​សម្របសម្រួល និង​គាំទ្រ​ដល់​កំណែទម្រង់​វិស័យ​អប់រំ ជាពិសេស ថ្នាក់ដឹកនាំ​ក្រសួង​មន្ត្រី​អប់រំ គ្រប់លំដាប់​ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​និស្សិត និង​យុវជន​គ្រប់រូប​ដែល​បាន​ចូលរួម​យ៉ាងសកម្ម ក្នុង​កំណែទម្រង់​កន្លងមក និង​នៅពេល​ខាងមុខ។

ក្នុង​កម្មវិធី​នេះ ក៏មាន​បាឋកថា របស់លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ស្ដីពី «គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល នៅ​កម្ពុជា» និង​វេទិកា​ពិភាក្សា លើ​ប្រធានបទសំខាន់ៗ ចំនួន ០២ គឺ ១៖ ដំណើរ​ការបើក​សាលារៀន​ចំណេះ​ទូទៅ​ឡើងវិញ និង​ការអប់រំ​ឌីជីថល និង២៖ ការបង្រៀន និង​រៀន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ផងដែរ។

គូសបញ្ជាក់ថា ទិវា​គ្រូបង្រៀន០៥ តុលា ប្រារព្ធ​ឡើង​ក្នុង​គោលបំណង​បំផុស​ឡើងវិញ នូវ​វប្បធម៌ និង​ប្រពៃណី របស់​សិស្សានុសិស្ស​ទាំង​អស់ ឲ្យ​រំឭក​នូវ​គុណូបការៈ ដ៏​ថ្លៃថ្លា របស់​គ្រូបង្រៀន​ទូទាំងប្រទេស ដែល​ពួកគាត់​បាន និង​កំពុង​បំពេញ ការងារ​ជា​អ្នក​អប់រំ និង​ជា​សិល្បករ​ផ្ទេរ​ចំណេះដឹង​ផងដែរ ឬ គ្រូបង្រៀន​មួយចំនួន បាន​ចូលនិវត្តន៍​ទៅហើយនោះ៕

#អរគុណ​សន្តិភាព

Leave a Reply