You are currently viewing ព្រះករុណា ព្រះមហាក្សត្រ អំពាវនាវ​ឱ្យ​ជនរួមជាតិ​គ្រប់រូប ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធាន​ថែ​សុខភាព ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​វីរុស​កូ​វីដ-១៩

ព្រះករុណា ព្រះមហាក្សត្រ អំពាវនាវ​ឱ្យ​ជនរួមជាតិ​គ្រប់រូប ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធាន​ថែ​សុខភាព ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​វីរុស​កូ​វីដ-១៩

ភ្នំពេញ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​មាន​ព្រះរាជបន្ទូល​ថា សូម​ជនរួមជាតិ​គ្រប់រូប​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធាន​ថែ​សុខភាព ក្នុង​បរិបទ​នៃ​ការរីក​រាលដាល​វីរុស​កូ​វីដ-១៩ ។ នេះ​បើ​យោងតាម​ព្រះរាជសារ​របស់​ព្រះករុណា​ព្រះមហាក្សត្រ ក្នុងឱកាស​ការបើកប​វេ​សន​កាល នៃ​រដ្ឋសភា សម័យប្រជុំ​រដ្ឋសភា លើក​ទី០៥ នីតិកាល​ទី០៦ ដែល​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) បានទទួល​នា​ព្រឹក​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ។

ព្រះករុណា ព្រះមហាក្សត្រ បាន​មាន​ព្រះរាជបន្ទូល​នៅក្នុង​ព្រះរាជសារ​ថា ៖ “ក្នុងអំឡុង​ពេលដែល​ពិភពលោក​ទាំងមូល​កំពុង​អូសបន្លាយ​ការរង​គ្រោះ​នៃ​ជំងឺ​រាតត្បាត កូ​វីដ-១៩ គួរឱ្យ​ព្រួយបារម្ភ ដែល​មិនមាន​សញ្ញាណ​ថមថយ​នៅឡើយ ខ្ញុំ​សូមឱ្យ​ជនរួមជាតិ ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច នូវ​វិធាន​ថែ​សុខភាព​ទាំងឡាយ ដែល​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ដើម្បីឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ចៀសវាង​ឱ្យបាន​អំពី​ការឆ្លង​រាលដាល​ក្នុង​សហគមន៍។

ព្រះរាជសារ ក៏បាន​បញ្ជាក់​ពី​សេចក្តីសោមនស្ស​រីករាយ របស់ ព្រះករុណា​ព្រះមហាក្សត្រ ក្នុងការ​ចូលរួម​អបអរសាទរ ពិធី​បើក​បវេសនកាល​រដ្ឋសភា ដែល​ប្រារព្ធ​ឡើង​ក្នុងសម័យ​ប្រជុំ​រដ្ឋសភា លើក​ទី៥ នីតិកាល​ទី៦ នៅ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ នេះ និង​បន្ថែមថា សេចក្តី​ថ្លែង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋសភា​ដែល​បានអនុម័ត គឺជា​មាគ៌ា​ដ៏​សំខាន់​ចាំបាច់​សម្រាប់​ស្ថាប័ន នីតិប្រតិបត្តិ និង​ស្ថាប័ន​តុលាការ ប្រើប្រាស់​ជា​ឧ​ត្ត​ម​ប្រយោជន៍​ក្នុង​សកម្មភាព នៃ​ការអនុវត្ត តួនាទី និង​ភារកិច្ច​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល ស្របទៅតាម​សភាព​ជាក់ស្តែង និង​សកលភាវូបនីយកម្ម និង​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អនុវត្ត​លើ​កិច្ច​គាំពារ​សុខុមាលភាព​សង្គម កំពុង​ត្រូវបាន​លើកស្ទួយ​យ៉ាងសកម្ម​គួរឱ្យកត់សម្គាល់ ដោយបាន​បង្កើតឱ្យមាន​កម្មវិធី​ជំនួយ​សង្គម​ជាច្រើន សំដៅ​ផ្តល់ជូន​ប្រជាពលរដ្ឋ នូវ​អត្ថប្រយោជន៍​ប្រកបដោយ​ភាព​សមធម៌ និង​ប្រសិទ្ធភាព។

ព្រះករុណា ព្រះមហាក្សត្រ ក៏​សព្វព្រះរាជហឫទ័យ កោតសរសើរ និង​អរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ថ្នាក់ដឹកនាំ​រដ្ឋសភា​ទាំងអស់ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត ក្នុងការ​ពិនិត្យ​សិក្សា​សេចក្តីព្រាងច្បាប់​នានា ដែល​ច្បាប់​ទាំងនេះ​បាន​គ្របដណ្តប់​លើ​វិស័យសំខាន់ៗ ដែល​ដឹកនាំ​ដោយ​រាជរដ្ឋាភិបាល ក៏ដូចជា​ការធ្វើសមាហរណកម្ម​កម្ពុជា​ទៅក្នុង​តំបន់ និង​អន្តរជាតិ។

ជាមួយគ្នានេះដែរ ព្រះករុណា ព្រះមហាក្សត្រ ក៏បាន​កោតសរសើ​រយ៉ា​ង​ក្រៃលែង ចំពោះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​មគ្គុទ្ទេសក៍​ដឹកនាំ​ប្រទេស​ប្រកបដោយ​ភាពឈ្លាសវៃ ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ជាតិ ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ ដោយ​ទទួលបាន​សមិទ្ធផលល្អៗជាច្រើន ជូន​ដល់​ប្រជាពលរដ្ឋ​បានរស់នៅ​ប្រកបដោយ​សេចក្តីសុខ សន្តិភាព និង​សុខដុមរមនា។

ព្រះករុណា ព្រះមហាក្សត្រ ព្រះអង្គ​សព្វព្រះរាជហឫទ័យ បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ ទាំងបី ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ និង​ព្រះ​ទសបារមី ព្រមទាំង​វត្ថុ​ស័ក្តិសិទ្ធិ​ទាំងអស់ ក្នុង​លោក សូម​តាម​បីបាច់​ថែរក្សា សម្តេច ឯកឧត្តម លោកជំទាវ និង​ជនរួមជាតិ​ទាំងអស់ សូម​បាន​ប្រកប​តែ​នឹង​ព្រះ​ពុទ្ធពរ គឺ​អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ៕

#អរគុណ​សន្តិភាព

Leave a Reply