បន្ទាយមានជ័យ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដល់បណ្ដាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទូទាំងប្រទេស ត្រូវជួយអនុគ្រោះពន្យាពេលក្នុងការសង់ប្រាក់ រួមជាមួយនឹងការបន្ធូរបន្ថយអត្រាការប្រាក់ តាមដែលអាចធ្វើបានដល់ប្រជាពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់។

នៅក្នុងឱកាសនៃការចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារ ស្ថិតនៅក្នុងមង្គលបុរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងថា «មុននេះអំពាវនាវសម្រាប់អ្នកដែលបាត់បង់ប្រាក់ចំណូលដោយសារកូវីដ-១៩ ដូចជាកម្មករត្រូវបិទរោងចក្រអីចឹង ត្រូវឲ្យមានភាពអនុគ្រោះយ៉ាងម៉េច? និងការជំពាក់ប្រាក់អត្រាការប្រាក់វាយ៉ាងម៉េច? ឥឡូវនេះ ខ្ញុំក៏សូមអំពាវនាវទៅកាន់ធនាគារ និងមីក្រូហិរញ្ញវត្ថុ សុំការយោគយល់ចំពោះអ្នកលិចលង់នៅគ្រប់ទីកន្លែង ឲ្យមានការបន្ធូរបន្ថយទៅលើពេលវេលានៃការសងប្រាក់ រហូតទៅដល់ការបន្ថយអត្រាការប្រាក់នៅក្នុងរយៈពេលនៃការលំបាក» ។
សម្តេចតេជោហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងអស់សុំកុំមានការរឹបអូសទ្រព្យសម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់ប្រជាពលរដ្ឋនៅក្នុងដំណាក់កាលកូវីដ-១៩ និងនៅក្នុងដំណាក់កាលគ្រោះទឹកជំនន់នេះ។

យ៉ាងណាក៏ដោយសម្តេចតេជោហ៊ុន សែន នៅតែបញ្ជាក់ដដែលថា «នៅមានចរន្តមួយចលនាឲ្យដកប្រាក់ទាំងអស់ចេញពីធនាគារ ដើម្បីធ្វើឲ្យធនាគារស្រុកខ្មែរដួលរលំ។ អាហ្នឹងទី១ ទៅ។ ទី២ ចលនាឲ្យប្រជាជនទាំងអស់ដកលុយ។ ខ្ញុំនៅតែលើកទឹកចិត្តឲ្យរឹបអូសអ្នកណាក៏ដោយដែលធ្វើតាមការអំពាវនាវនេះសូមឲ្យធនាគាររឹបអូសទៅ។ តែបើអ្នកណាមិនធ្វើតាមអាអ្នកអំពាវនាវដើម្បីធ្វើវិឆេតកម្មសូមយោគយល់ឲ្យគេផង។ ជួនកាលយើងទៅខ្ចីធនាគារយកប្លង់ដីប្លង់ផ្ទះយកទៅដាក់ខ្ចីគេបានត្រឹមតែ២០០០ទេ។ តែតម្លៃដីរបស់យើងមានរហូតដល់ ១៥០០០តែយើងបានខ្ចីតែ ២០០០ទេ។ អីចឹងគេអាចរៀបចំឡើងវិញអនុញ្ញាតឲ្យខ្ចីបន្ថែម ១០០០ទៀត។ អាហ្នឹងជាការរៀបចំឡើងវិញដើម្បីឲ្យយកមកធ្វើជាដើមទុនរកស៊ីតទៅទៀត។ អីចឹងខ្ញុំយកវេទិកានេះអំពាវនាវនៅគ្រប់ធនាគារនិងគ្រប់មីក្រូហិរញ្ញវត្ថុសូមធ្វើការយោគយល់នៅលើសភាពការណ៍ដ៏លំបាករបស់ប្រជាជនយើង។ ពិតហើយអស់លោកត្រូវការចំណេញប៉ុន្តែបើចំណេញនៅលើការលំបាករបស់ប្រជាពលរដ្ឋក៏មិនមែនជាការសប្បាយរីករាយសម្រាប់ទាំងអស់គ្នាហើយនៅក្នុងស្ថានភាពដ៏លំបាកនេះទេ។ អីចឹងទេសង្ឃឹមថាធនាគារទាំងអស់នឹងមានការយោគយល់ហើយធនាគារជាតិនៃកម្ពុជាក៏ដូចជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏ត្រូវបន្តធ្វើការណែនាំមីក្រូហិរញ្ញវត្ថុក៏ដូចជាធនាគារទាំងឡាយឲ្យមានការផ្តល់ការយោគយល់» ។
សម្តេចតេជោហ៊ុន សែន គូសបញ្ជាក់ថា «ក្រៅពីការយោគយល់ផលលំបាកនៃការបាត់បង់ប្រាក់ចំណូលមកពីកូវីដ-១៩ យើងក៏ត្រូវផ្តល់នូវការយោគយល់ថែមទៀតចំពោះអ្នកដែលរងគ្រោះដោយទឹកជំនន់ដែលប៉ះពាល់ដល់ចំនួន ១៤៣៣៤៨គ្រួសារស្មើនឹងមនុស្ស ៤១៧៣៩២នាក់ ហើយក្នុងចំណោមនោះក៏មិនមែនសុទ្ធតែអ្នកជំពាក់ធនាគារនោះទេ» ៕
#អគុណសន្តិភាព