ភ្នំពេញ៖ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាAKPនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ថា សៀវភៅ «សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាព» ដែលឯកឧត្តមចំណាយពេលប្រមាណ ១០ឆ្នាំ ក្នុងការប្រមូលទិន្នន័យ និងសរសេរ និងមានកម្រាស់ជាង ៦០០ទំព័រនេះ នឹងត្រូវចេញផ្សាយនៅចុងខែតុលា ឆាប់ៗនេះ។

ឯកឧត្តមបានរម្លឹកថា ការចេញផ្សាយសៀវភៅនេះ ដើម្បីអបអរសាទរ ខួប២៩ឆ្នាំ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ និងរម្លឹកពីអនុស្សាវរីយ៍ នៃព្រឹត្តិការណ៍ ដ៏ជូរចត់ ឈឺចាប់វេទនារបស់ប្រជាជនខ្មែរទូទាំងប្រទេស អំឡុងពេលប្រទេសមានសង្គ្រាម។
ឯកឧត្តមបញ្ជាក់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ ជាឫសគល់ នៃប្រជាធិបតេយ្យ ថ្ងៃ២៣តុលា ឆ្នាំ១៩៩១ ជាឫសគល់ នៃសន្តិភាព ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១ ជាឫសគល់ នៃការអភិវឌ្ឍ។ បើគ្មានកិច្ចព្រមព្រៀងប៉ារីសទេ នឹងគ្មានការបោះឆ្នោត គ្មានប្រជាធិបតេយ្យ គ្មានសន្តិភាព និងគ្មានការអភិវឌ្ឍឡើយ។
ឯកឧត្តមទីប្រឹក្សា បញ្ជាក់បន្ថែមថា នៅក្នុងសៀវភៅនេះ ក៏បង្ហាញផងដែរ ពីវីរភាពដ៏អង់អាចក្លាហាន របស់ថ្នាក់នាំជាតិ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានលះបង់អាយុជីវិត លះបង់គ្រួសារ យកអាយុជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសន្តិភាព និងបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា។ នៅក្នុងសាវតារ នៃសៀវភៅនេះ សម្តេចហ៊ុន សែន ត្រូវបានគេមើលឃើញថា បានប្រថុយយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះជាតិចំនួន៣លើកធំ។ លើកទី១ នៅឆ្នាំ១៩៧០ ក្រោយពីព្រឹត្តិការណ៍រដ្ឋប្រហារទម្លាក់ព្រះករុណា សម្តេចព្រះនរោត្តមសីហនុ ពីរាជបល្ល័ង្ក លើកទី២ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពេលសម្តេច ដឹកនាំយុទ្ធមិត្តចំនួន៤នាក់ផ្សេងទៀតរត់ភៀសខ្លួនទៅកាន់ប្រទេសវៀតណាម និងទី៣ នៅឆ្នាំ១៩៩៦ នៅពេលសម្តេច អញ្ជើញទៅកាន់តំបន់ប៉ៃលិន និងសំឡូត ដើម្បីទទួលបងប្អូនអតីតខ្មែរក្រហម ដែលធ្វើសមាហរណកម្មជាមួយរាជរដ្ឋាភិបាល។

ឯកឧត្តមទីប្រឹក្សា បញ្ជាក់ផងដែរថា សៀវភៅនេះ ក៏បានរម្លេចពីមហាគុណសម្បត្តិ គុណបំណាច់ ដ៏ធំធេង របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍ នៃគុណបំណាច់ទាំងនោះ មានដូចជា៖
១៖ សម្តេច ហ៊ុន សែន ធ្វើឱ្យមានការប្រកាសបង្កើតរណសិរ្ស សាមគ្គីសង្គ្រោះជាតិ ថ្ងៃ២ ធ្នូ នៅក្នុងស្រុកស្នួលខេត្តក្រចេះ
២៖ សម្តេច ហ៊ុន សែន ធ្វើឱ្យមានការរំដោះជាតិ ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ៧មករា ឆ្នាំ១៩៧៩
៣៖ សម្តេច ហ៊ុន សែន ធ្វើឱ្យមានច្រក ឈានទៅរកការចរចា ថ្ងៃ២ធ្នូ ឆ្នាំ១៩៨៧ នៅហ្វ៊ែរអង់តាដឺណ័រ ៤៖ សម្តេច ហ៊ុន សែន ធ្វើឱ្យមានកិច្ចព្រមព្រៀងសន្តិភាព ក្រុងប៉ារីស ថ្ងៃ២៣ ខែតុលា ឆ្នាំ១៩៩១
៥៖ សម្តេច ហ៊ុន សែន ធ្វើឱ្យមានការបោះឆ្នោតដោយសេរី ពហុបក្ស និងបង្កើតរបបរាជានិយម ឡើងវិញនៅកម្ពុជា ឆ្នាំ១៩៩៣
៦៖ សម្តេច ហ៊ុន សែន ជាអ្នកបង្កើតឱ្យមានសន្តិភាព១០០ភាគរយជាស្ថាបនិក នៃការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា ក្នុងខែធ្នូ ឆ្នាំ១៩៩៨
៧៖ សម្តេច ហ៊ុន សែន ជាអ្នកធ្វើឱ្យមានរបបរាជាប្រជាធិបតេយ្យនៅកម្ពុជា
៨៖ សម្តេច ហ៊ុន សែន ជាអ្នកបង្កើតឱ្យមានការអភិវឌ្ឍនៅគ្រប់តំបន់ ជាពិសេសតំបន់សង្គ្រាម ជាប់ព្រំដែន ឱ្យទៅជាតំបន់ពាណិជ្ជកម្ម សហប្រតិបត្តិការ និងសន្តិភាព។
ឯកឧត្តមបញ្ជាក់ថា ខ្លឹមសារ នៃសៀវភៅទាំងមូល ក៏បង្ហាញអំពីតម្លៃ នៃសន្តិភាព និងការអភិវឌ្ឍ ព្រោះប្រទេសជាតិមួយ បើគ្មានសន្តិភាពទេ ប្រទេសជាតិនោះ ក៏គ្មានការអភិវឌ្ឍដែរ។ ត្រឹមតែមានសន្តិភាព ក៏មានន័យថា មនុស្សគ្រប់រូប មានទ្រព្យសម្បត្តិ ដ៏មហាសាលមួយរួចទៅហើយដែរ៕