អាមេរិក៖ សហរដ្ឋអាមេរិក រកឃើញអ្នកឆ្លងមេរោគកូវីដ-១៩ ថ្មីប្រចាំថ្ងៃ បំបែកឯកទគ្គកម្មខ្ពស់បំផុតតាំងពីកើតមានការឆ្លងរាលដាលកាលពីថ្ងៃព្រហស្បតិ៍ (ទី២៩ តុលា) និងជាលើកដំបូងដែលមានអ្នកឆ្លងមេរោគថ្មីច្រើនជាង ៩០ ០០០នាក់ ក្នុងជុំ ២៤ម៉ោង។ នេះបើយោងតាមទិន្នន័យរបស់មហាវិទ្យាល័យ ចន ហប់គីនស៍។

ប្រទេសអាមេរិក ដែលកំពុងប្រឈមនឹងការឆ្លងរាលដាលកាន់តែធ្ងន់ធ្ងរឡើងម្ដងទៀត តាំងពីពាក់កណ្ដាលខែតុលាមក បានរកឃើញអ្នកឆ្លងមេរោគវីរុសកូរ៉ូណាប្រភេទថ្មីបន្ថែមទៀតចំនួន ៩១ ២៩៥នាក់ ក្នុងអំឡុងពេល ២៤ម៉ោង គិតត្រឹមម៉ោង២០ និង៣០នាទី នៃថ្ងៃព្រហស្បតិ៍(ត្រូវនឹងម៉ោង ៧ព្រឹក និង៣០នាទី ថ្ងៃសុក្រនៅប្រទេសកម្ពុជា)។
តាមរយៈតួលេខនេះ ហុចផលឱ្យសហរដ្ឋអាមេរិក មានអ្នកឆ្លងមេរោគកូវីដ-១៩ សរុបច្រើនដល់ទៅ ៨,៩៤លាននាក់ រាប់ចាប់តាំងពីជំងឺរាតត្បាតដ៏ធំនេះចាប់ផ្ដើមឡើង ជាចំនួនច្រើនបំផុតលើពិភពលោក។
ក្នុងអំឡុងពេល ២៤ម៉ោងដូចគ្នានេះ នៅមានអ្នកស្លាប់កើនឡើងថែមទៀត ១ ០២១នាក់នៅក្នុងសហរដ្ឋអាមេរិក ហុចផលឱ្យប្រទេស ១នេះមានចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ សរុប ២២៨ ៦២៥នាក់ ជាប់លំដាប់លេខ១ លើពិភពលោក។
ដោយនៅសល់ពេលវេលាត្រឹមតែ ៥ថ្ងៃទៀតនោះ លោកចូ បៃដិន បេក្ខជនមកពីគណបក្ស ដេម៉ូក្រេត បានលើកយកវិធីសាស្ត្រទប់ទល់នឹងវិបត្តិសុខភាពសាធារណៈ របស់លោកត្រាំមកធ្វើជាប្រធានបទ វាយប្រហារលោកប្រធានាធិបតីដូណាល់ ត្រាំ៕